website_news:2021030212

អាជ្ញាធរខេត្តឧត្ដរមានជ័យ បង្កើនការប្រុងប្រយ័ត្ន លើការពិនិត្យសុខភាពពលករមកពីថៃ

http://btv.com.kh/ 02/02/2021

ឧត្ដរមានជ័យ ៖ អាជ្ញាធរខេត្តរមានជ័យ កាន់តែបង្កើនការប្រុងប្រយ័ត្នលើការត្រួតពិនិត្យសុខភាពពលករមកពីថៃ ខណៈដែលប្រទេសនេះ កំពុងតែរងនូវការរាតត្បាតដោយកូវីដ–១៩ ក្នុងសហគមន៍។ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដម ប៉ែន កុសល្យ បានជំរុញអាជ្ញាធរឈរជើងនៅតាមព្រំដែននៃខេត្តនេះ ទាំងអស់ បង្កើនការទប់ស្កាត់យ៉ាងតឹងរ៉ឹង នៅតាម ច្រកព្រំដែនសំខាន់ៗ និងច្រករបៀងនានា ខណៈមានកំណើនរំហូរពលករខ្មែរ មកពីប្រទេសថៃ ចូលមក កម្ពុជា ដោយសារតែមានការបារម្ភឆ្លងកូវីដ–១៩។ ឯកឧត្តម អភិបាលខេត្ត បានបន្តឲ្យដឹងថា មកទល់ពេលនេះ ពលករខ្មែរ នៅតែបន្តការធ្វើដំណើរ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនជាំសាងាំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយក្នុងនោះ មានមកពីបណ្តាខេត្តផ្សេងៗគ្នា នៃព្រះរាជាណាចក្រថៃ ដែលបានកំពុងផ្ទុះ នូវជំងឺ កូវីដ–១៩ នៅតាមសហគមន៍យ៉ាងខ្លាំងគួរឲ្យបារម្ភនោះ។ ឯកឧត្ដម បានបញ្ជាក់ថា បញ្ហាប្រឈមទាំងអស់នេះហើយ ដែលមន្ត្រីចត្តាឡីស័ក ដែលកំពុងឈរ ជើងនៅតាមបណ្តាច្រកព្រំដែនទាំងអស់ ត្រូវតែរួមគ្នាបំពេញការងារត្រួតពិនិត្យឱ្យបានហ្មត់ចត់ កុំឱ្យពល ករ លួចឆ្លងដែនខុសច្បាប់ មិនព្រមចូលមកធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមេរោគកូវីដ–១៩នោះ។

លោកវេជ្ជបណ្ឌិត ឃ្លោគ ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២ ខែកុម្ភៈ នេះ មានពលករ ជាង៦ពាន់៣រយនាក់ បានឆ្លងដែនចូលមកតាមច្រកអូរស្មាច់ និងច្រកជាំសាងាំ និងកំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួនជាង២ពាន់នាក់ និងបានចេញជាបន្តបន្ទាប់ផងដែរ។ ហើយអ្វី ដែលជាបញ្ហាប្រឈមនោះ គឺបញ្ហាទឹកភ្លើង ដោយសារតែការប្រើប្រាស់ច្រើន នៅតាមមណ្ឌល ចត្តាឡីស័ក ព្រោះរដូវនេះ អាកាសធាតុក្តៅ៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021030212.txt · Last modified: 2021/02/03 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki