website_news:2021030216

មេប៉ូលិសកម្ពុជាជួបជាមួយ FBI អាមេរិកពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ

https://www.cen.com.kh/ February 2, 2021

ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាង FBI និងមន្ត្រីខាងផ្នែកនយោបាយ រួមទាំងមន្ត្រីសរសេររបាយការណ៍ប្រចាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃជំនួបពិភាក្សានេះ គឺការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹងកិច្ចសហការរវាងមន្ត្រីអនុវត្តច្បាប់កម្ពុជា និងអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។ ហើយភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការ ដែលកើតចេញពីសកម្មភាពសហការរបស់មន្ត្រីអនុវត្តច្បាប់ និងអង្គភាពអនុវត្តច្បាប់ នៃភាគីទាំងពីរ ដែលក្នុងនោះមាននគរបាលជាតិកម្ពុជា និងខាងអាមេរិក មាន FBI , HSI , ICE ដែលកន្លងមកបានសហការគ្នាបានយ៉ាងល្អប្រសើរ។ ដោយភាគីអាមេរិកបានវាយតម្លៃថា លទ្ធផលទាំងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ភាគីទាំងពីរក៏បានយកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សមកពិភាក្សា ដែលកន្លងមកខាងក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ចេញនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជា។ ដោយក្នុងកិច្ចពិភាក្សានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្រាយបំភ្លឺយ៉ាងច្រើននូវបណ្តាអនុសាសន៍មួយចំនួនពាក់ព័ន្ធដល់ដែនសមត្ថកិច្ចរបស់នគរបាលជាតិ ទាំងទិដ្ឋភាពច្បាប់ ទាំងដែនសមត្ថកិច្ច និងទាំងបទពិសោធន៍ រួមទាំងស្ថានភាពជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

តាមការបកស្រាយនេះ ភាគីអាមេរិកបានទទួលយក និងយល់ច្បាស់អំពីស្ថានភាពប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ ភាគីអាមេរិកក៏បានឯកភាពថា ការវាយតម្លៃអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានាពេលកន្លងមកហាក់ដូចជាមានការភ័ន្តច្រឡំ ខ្វះមូលដ្ឋានព័ត៍មានច្បាស់លាស់មិនពិតប្រាកដ ដែលធ្វើឲ្យការវាយតម្លៃពុំច្បាស់លាស់មិនមានតម្លាភាព ជាពិសេសគឺការយល់ដឹងអំពីស្ថានភាពពិតនៅកម្ពុជាមិនទាន់បានច្បាស់លាស់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀតថា ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហការរួមមានៈ ជម្រុញការផ្លាស់ប្តូរព័ត៍មានគ្នាឲ្យបានច្បាស់លាស់ជាពិសេសប្រឆាំងអំពើជួញដូរមនុស្ស គឺភាគីអាមេរិកស្នើភាគីកម្ពុជាផ្តល់ទិន្នន័យបទល្មើស សភាពការណ៍បទល្មើស និងលទ្ធផលនៃការបង្ក្រាបអំពើជួញដូរមនុស្សនៅកម្ពុជា។ ចំពោះចំណុចនេះ អគ្គស្នងការនគរបាលជាតិបានបើកជំហហរ និងសន្យាផ្តល់ព័ត៍មានឲ្យបានទាន់ពេល និងច្បាស់លាស់ជូនទៅភាគីអាមេរិក។ ជម្រុញកិច្ចសហប្រតិបត្តិការគាំទ្រលើកកម្ពស់ជួយគ្នាក្នុងការកសាងធនធានមនុស្ស ដោយភាគីអាមេរិកបានសន្យាថា នឹងជួយបណ្តុះបណ្តាលជំនាញស៊ើបអង្កេត ប្រឆាំងការជួញដូរមនុស្សតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប តាមសំណូមពររបស់អគ្គស្នងការនគរបាលជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021030216.txt · Last modified: 2021/02/03 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki