website_news:2021030305

ក្រុមពលករមកពីប្រទេសថៃលើកឡើងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងល្អពេលធ្វើចត្តាឡីស័ក

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ

បាត់ដំបង៖ ក្រុមពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក តាមស្រុកជាប់ព្រំដែនជាច្រើន ដែលក្រុមការងារជួប សម្ភាសន៍ បានបង្ហាញពីស្ថានភាពនៃការស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កថា មានកន្លែងស្នាក់នៅសមរម្យ និង របបអារហាគ្រប់គ្រាន់ ហើយបងប្អូនបានសុំកុំឱ្យពលករដែលមកពីប្រទេសថៃ គេចវេះពីមណ្ឌលចត្តាឡីស័កដើម្បីសុវត្ថិភាព ទាំងអស់គ្នា។

លោក ថន ជាពលករម្នាក់ទើបត្រឡប់មកពីថៃមានស្រុកកំណើតនៅខេត្តពោធិ៍សាត់បានឱ្យដឹងថា លោកមាន បងប្អូន៥នាក់ កំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលវិទ្យាល័យ ស្រុកកំរៀង ១៣ ថ្ងៃមកហើយ នឹងបានទទួលការធ្វើតេស្តឈាម លើកទី១ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា។ លោកបន្តថា លោកបានធ្វើការបេះផ្លែឈើ នៅខេត្តចាន់បូរីប្រទេសថៃ ហើយដោយអស់ការងារនៅទីនោះ ក៏បានត្រឡប់មក ស្រុកវិញជុំគ្នាចំនួន៩៤នាក់ តម្រង់មកច្រកព្រំដែន គឺច្រកឡែម ក្នុងគោលបំណងឱ្យតម្រួតថៃនិងសមត្ថកិច្ចខ្មែរតាមព្រំដែន បញ្ជូនពួកខ្លួនមកធ្វើចត្តាឡីស័កដោយស្មគ្រ័ចិត្ត ។ លោកក៏ដូចជាអ្នកផ្សេងទៀត បានបង្ហាញពីមូលហេតុដែលខ្លួនស្ម័គ្រចិត្តដោយមិនគេចវេះពីការធ្វើចត្តាឡីស័កនេះ ដោយសារ តែមិនចង់ឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ដល់គ្រួសារនិងបងប្អូនក្នុងភូមិណាមួយ និងខ្លាចមានទោសដែលត្រូវផាកពិន័យ ពី១លានរៀលទៅ៥លានរៀលផង ។ លោកបាននិយាយថា ការស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលមានការហូបចុកសមរម្យ១ថ្ងៃអាហារបីពេល មានមុងខ្នើយភួយ សម្ភារប្រើប្រាស់ អាជ្ញាធរបើកឱ្យ និងមានការពិនិត្យសុខភាពដោយមិនអស់ថវិកាជាដើម។ លោក ញ៉ែម ផល មានស្រុកកំណើតនៅខេត្តតាកែវ ទើបត្រឡប់មកពីថៃបានឱ្យដឹងដែរថា គ្រួសារគាត់មានគ្នា៥នាក់ ស្ម័គ្រចិត្តឱ្យតម្រួតថៃដឹកមកស្រុកខ្មែរ ដល់ច្រកអូរអន្លក់ និងសមត្ថកិច្ចខ្មែរដឹកបន្តមកផ្លូវ ចាន់គីរី ហើយបានមកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យកំរៀងដោយស្ម័គ្រចិត្ត។ ក្នុងអំឡុងធ្វើចត្តាឡីស័កក្នុងមណ្ឌល គឺមានភាពងាយស្រួលទាំងស្នាក់នៅ ហូបចុក ទោះបីមិនដូចនៅផ្ទះរបស់យើងក៏ដោយតែអាចទទួលយកបាន។ ពលកររូបនេះបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលគិតគូរសុខទុក្ខដល់ពលករ ដែលស្នាក់នៅធ្វើចត្តាឡីស័ក ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ មានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង កើនដល់ជិត១ម៉ឺននាក់ បានបញ្ចប់ចត្តាឡីស័ក និងអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះជាង៦០៩៥នាក់ និង កំពុងនៅក្នុងមណ្ឌលចត្តាឡីស័ក ជាង៣៥០០នាក់ ៕

website_news/2021030305.txt · Last modified: 2021/03/03 15:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki