website_news:2021030502

សមត្ថកិច្ចនៅកំពុងបន្តសាកសួរជនជាតិវៀតណាម និងជនជាតិចិនប្រមាណ ១៣០ នាក់ ដែលលួចឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ គឹម សារុំ | Publication date 02 May 2021 | 11:43 ICT

ស្វាយរៀង៖ សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង រហូតមកដល់ថ្ងៃទី ២ ឧសភានេះ នៅកំពុងបន្តសាកសួរជនជាតិវៀតណាម និងជនជាតិចិនប្រុសស្រីប្រមាណ ១៣០ នាក់ ករណីឆ្លងដែនខុសច្បាប់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៧ ខែមេសា។

លោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ២ ខែឧសភានេះថា ករណីជនជាតិវៀតណាម និងជនជាតិចិនប្រុសស្រីប្រមាណ ១៣០ នាក់នោះ សមត្ថកិច្ចចម្រុះនៅមិនទាន់សាកសួរពួកគេចប់នៅឡើយទេ។ លោកថ្លែងថា៖ «ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងញែករកអ្នកមានច្បាប់ និងអ្នកគ្មានច្បាប់។ បើអ្នកមានច្បាប់នឹងត្រូវបញ្ចូនទៅមណ្ឌលចត្តាឡីស័ក បើអ្នកឆ្លងដែនខុសច្បាប់ គឺគិតតាមនោះទៀត»។ កាលពីវេលាទៀបភ្លឺថ្ងៃទី ២៧ ខែមេសា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានល្បាតក្នុងក្រុងបាវិត ហើយបានប្រទះឃើញជនជាតិវៀតណាម និងជនជាតិចិនប្រុសស្រីប្រមាណ ១៣០ នាក់ កំពុងនាំគ្នាចុះពីលើម៉ូតូចូលក្នុងបរិវេណផ្ទះសំណាក់ឈ្មោះឋានសួគ៌បួនរដូវ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

ពាក់ព័ន្ធជនបរទេសលួចឆ្លងដែនខុសច្បាប់នេះដែរ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ដើម្បីសុំអត្ថាធិប្បាយបានទេ នៅព្រឹកថ្ងៃទី ២ ឧសភានេះ។ ប៉ុន្តែ លោកធ្លាប់ប្រាប់កាលពីថ្ងៃទី ២៨ មេសាថា មនុស្សប្រុសស្រីប្រមាណ ១៣០ នាក់ ជាជនជាតិចិន និងវៀតណាម ដែលអ្នកខ្លះពាក់ព័ន្ធរឿងឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនកម្ពុជា-វៀតណាម។ លោក ប៉ូលីវ៉ា ថ្លែងថា៖ «បន្ទាប់ពីស្រង់សាវតាជាតិពួកគេអស់គ្នាហើយនោះ គឺអាជ្ញាធរខេត្តនឹងធ្វើការទំនាក់ទំនងជាមួយភាគីដៃគូថា តើនឹងត្រូវធ្វើយ៉ាងម៉េចទៀត។ ការងារយ៉ាងណាទៀតនោះ គឺអាជ្ញាធរខេត្តនឹងប្រជុំពិភាក្សាជាមួយជំនាញពាក់ព័ន្ធបន្តទៀត»៕

website_news/2021030502.txt · Last modified: 2021/05/03 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki