website_news:2021030601

ពលករ ៩នាក់ ដែលមានថៃម្នាក់ និងមេខ្យល់ម្នាក់ ត្រូវកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ Banteay Meanchey ០១ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ២៣:៣៣

បន្ទាយមានជ័យ៖ កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករលួចឆ្លងដែន ៣ករណី ចំនួន ៩នាក់ ក្នុងនោះ មានជនជាតិថៃម្នាក់ និងមេខ្យល់ម្នាក់។ ពលករ និងមេខ្យល់ទាំងនោះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា កងកម្លាំងចម្រុះ ដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបង្ក្រាបបទល្មើសលួចឆ្លងដែន ៣ករណី ដោយឃាត់បាន៩នាក់ (ស្រី ២នាក់) និងមានម្នាក់ជាជនជាតិថៃ។ ក្នុងនោះ ក៏មាន ម្នាក់ទៀត ជាមេខ្យល់។លោកស្រី បានបញ្ជាក់ថា ករណី១ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខអាគារខេ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពលករខ្មែរចំនួន ៣នាក់ ដែលលួចឆ្លង ចូលពីប្រទេសថៃ មកកម្ពុជាវិញ ដែលគេចវេះពីធ្វើចត្តាឡីស័ក។ ករណីទី២. នៅវេលាម៉ោង ៩ និង៥៥នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅ៣៨ ស្ថិតភូមិទំនប់ក៥ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនពលករខ្មែរចំនួន ៤នាក់ (ស្រីម្នាក់) ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ករណីទី៣. នៅវេលាម៉ោង ០៥ និង ៣០នាទីទៀបភ្លឺ ចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅតាមដងផ្លូវជាតិលេខ៥៨ ស្ថិតភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងបានឃាត់ខ្លួន ២នាក់ ដែលលួចឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជា មានម្នាក់ ប្រុស ជាជនជាតិថៃ និងម្នាក់ទៀត ស្ត្រី ជាមេខ្យល់ ចូលមកក្រុងប៉ោយប៉ែត។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា ចំពោះមេខ្យល់ម្នាក់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ និងពលករ ៨នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំ ហើយបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

website_news/2021030601.txt · Last modified: 2021/06/04 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki