website_news:2021030606

ក្រសួងការបរទេសត្រួតពិនិត្យពលករចំណាកស្រុកនៅប្រទេសថៃ

https://www.khmertimeskh.com/ KJune 1, 2021 Yin Soeum / ខ្មែរថាមស៍

យោងតាមក្រសួងការបរទេសបានឲ្យដឹងថា មន្រ្តីកម្ពុជានៅប្រទេសថៃកំពុងតាមដាន និងផ្ទៀងផ្ទាត់ចំនួនករណីកូវីដ-១៩ក្នុងចំណោមពលករចំណាកស្រុកកម្ពុជា។ លោក កុយ គួង អ្នកនាំពាក្យក្រសួងបាននិយាយកាលពីម្សិលមិញថា៖ «អាជ្ញាធរថៃនឹងផ្តល់ការព្យាបាលដល់ពលករចំណាកស្រុកបរទេសទាំងអស់ដោយឥតគិតថ្លៃ ដូចទៅនឹងពលរដ្ឋថៃដែរ»។ លោកបន្តថា៖ «ស្ថានទូតកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់បំផុតក្នុងការជួយដល់ពលករចំណាកស្រុកកម្ពុជាទាំងអស់ដែលរស់នៅប្រទេសថៃ។ ស្ថានទូតបានត្រៀមរួចជាស្រេចក្នុងការជួយពលករកម្ពុជានៅទីនោះ»។

កាលពីម្សិលមិញលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានទៅសួរសុខទុក្ខពលករកម្ពុជា បន្ទាប់ពីមានការសំណូមពរដែលត្រូវបានចុះផ្សាយដោយកាសែតខ្មែរថាមស៍កាលពីថ្ងៃសុក្រជុំវិញការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ពលករចំណាកស្រុកកម្ពុជាដែលរស់នៅប្រទេសថៃមានការព្រួយបារម្ភកាន់តែខ្លាំងលើការផ្ទុះឡើងនេះ ដោយសារពលករមួយចំនួនបានស្លាប់ដោយសារជំងឺកូវីដ-១៩។

លោក រ៉េត ផាន់ណា បានធ្វើការនៅរោងចក្រវេចខ្ចប់អាហារនៅទីក្រុងបាងកកចាប់តាំងពីឆ្នាំ ២០១៩ បាននិយាយថា នៅពេលមានករណីឆ្លងថ្មី បន្តកើនឡើងនៅប្រទេសថៃ វាបានធ្វើឲ្យលោកមានភាពតានតឹងខ្លាំងដោយសារការមិនមានប្រាក់ចំណូល និងការងារធ្វើកាលពីខែមុន។

កញ្ញា ណៃ វណ្ណៈ ជាពលករចំណាកស្រុកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ។ ពលករកម្ពុជាផ្សេងទៀតកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ បើទោះបីស្ថានភាពនៃការផ្ទុះឡើងនាពេលបច្ចុប្បន្នមិនមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ។

លោក ចាន់ ម៉ៅ ជាពលករចំណាកស្រុកម្នាក់បាននិយាយថា នៅពេលពលករខ្មែរព្យាយាមឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ពួកគេមានហានិភ័យខ្ពស់ក្នុងឆ្លងកូវីដ-១៩ ពីពលករផ្សេងទៀត។ លោកបន្តថា មុនពេលទទួលបានការងារធ្វើនៅទីនោះពលករភាគច្រើនត្រូវប្រឈមនឹងការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅពេលចូលទៅដល់ប្រទេសថៃ។

ក្រសួងសុខាភិបាលថៃមានក្រុមការងារចល័តដែលចុះទៅពិនិត្យមើលស្ថានភាពកូវីដ-១៩ លើពលករចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់។ លោកChawetsan Namwat ប្រធានស្តីទីនៃការិយាល័យអាសន្នលើសុខភាពសាធារណៈបាននិយាយថា៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសុខភាពរបស់ពលករចំណាកស្រុក ព្រោះយើងមិនអាចបណ្តាលឲ្យអ្នកដែលវិជ្ជមានកូវីដ-១៩ មិនទទួលបានការព្យាបាលនោះទេ»។ លោកបន្តថា៖ «យើងមិនអាចឲ្យពលករណាម្នាក់ស្លាប់ដោយមិនទទួលបានការគាំទ្រពីមន្ត្រីសុខាភិបាលទេ ហើយអ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវតែជួយសង្គ្រោះជីវិតមនុស្ស»។

website_news/2021030606.txt · Last modified: 2021/06/04 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki