website_news:2021030803

អំឡុងពេលបិទព្រំដែនកម្ពុជា-ថៃ ពុំមានសកម្មភាពលួចឆ្លងដែន តាមច្រកជាប់ខេត្តបាត់ដំបង

https://news.btv.com.kh/ 08/02/2021 11:08 AM

បាត់ដំបង ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនមិនឲ្យ មានការឆ្លងដែនជាមួយថៃ ជាបណ្ដោះអាសន្នលើកលែងការដឹកទំនិញ អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពុំមានសកម្មភាពលួចឆ្លងដែនខុសច្បាប់ តាមច្រកនានាជាប់ខេត្តបាត់ដំបងឡើយ ខណៈអាជ្ញាធរ និងកងកម្លាំងជំនាញ កំពុងបន្តធ្វើការរឹតបន្តឹងតាមបន្ទាប់ព្រំដែន ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងថា ក្នុងដំណើរការបិទព្រំដែននេះ ភាគីកម្ពុជាបានសហការយ៉ាងល្អជាមួយខាងភាគីថៃ ហើយរហូតមកដល់ពេលនេះ ខាងភាគីថៃពុំមានបញ្ជូនពលករខ្មែរ មកតាមច្រកព្រំដែនឡើយ ដោយខាងថៃបានរៀបចំឲ្យពលករខ្មែរធ្វើចត្តាឡីស័ក នៅក្នុងទឹកដីថៃ តែប្រសិនបើក្នុងករណីមានពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃចាប់បាន នឹងបញ្ជូនមកឲ្យភាគីកម្ពុជាវិញ ។ លោក បញ្ជាក់ថា ដោយសារតែភាគីកម្ពុជាបានឯកភាព និងស្រុះស្រួលគ្នាជាមួយខាងភាគីថៃរួចហើយ ទើបរហូតមកដល់ពេលនេះ ពុំមានករណីពលករលួចឆ្លងដែនខុសច្បាប់ ហើយកាលពីមុនពេលបិទព្រំដែននេះ ដោយមានការព្រមព្រៀមគ្នា គឺភាគីថៃបានបញ្ជូនពលករមានបំណងមកស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀងនេះ ។ ចំពោះស្ថានភាពតាមបន្ទាត់ព្រំដែនវិញ លោកអភិបាលស្រុក បានអះអាងថា អាជ្ញាធរ និងកងកម្លាំង បានសហការគ្នាពង្រឹងយន្តការគ្រប់គ្រងព្រំដែនតាមអង្គភាពនីមួយៗ បានយ៉ាងល្អ និងតឹងរ៉ឹងបំផុត ពិសេសការទទួលខុសត្រូវរបស់មន្រ្តីតាមបន្ទាត់ព្រំដែន គឺមានកម្រិតខ្ពស់ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មិនថាតែច្រកព្រំដែនជាប់ស្រុកកំរៀងនោះទេ ដែលគ្មានសកម្មភាពលួចឆ្លងដែន ខណៈស្រុក ៣ទៀត មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត ក៏គ្មានសកម្មភាពនេះដែរ និងបច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង មានអ្នកកំពុងធ្វើ ចត្តាឡីស័ត តាមមណ្ឌលនានាមាន ចំនួន២៥៣០នាក់ ។

ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺនេះ ចំនួន៣ ៤៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ០៨៦នាក់ ករណីស្លាប់ ចំនួន ៤៣នាក់ និងកំពុងសំរាកព្យាបាល ១ ៣៥៨នាក់ ៕ អត្ថបទ បាន សុខរិទ្ធ

website_news/2021030803.txt · Last modified: 2021/08/03 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki