website_news:2021030805

ទប់ស្កាត់កូវីដបំប្លែងថ្មី Delta´៖ ជំនួយរបស់រដ្ឋាភិបាលពិតជាចាំបាច់ ដើម្បីទប់ស្កាត់ការចល័តរបស់ពលករ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 02/08/2021 - 08:43

សម្រាប់អ្នកក្រីក្រ ឬអ្នកទីទាល់ក្រ និងមិនមានចំណេះវិជ្ជាផងនោះ បានចាត់ទុកថាប្រទេសថៃគឺជាឋានសួគ៌នៃការងារ ដោយសារតែទីនោះពលករចំណាកស្រុកខ្មែរ ទទួលបានការងារទាំងស្របច្បាប់ និងមិនស្របច្បាប់ ដោយមិនចាំបាច់មានសញ្ញាបត្រអ្វីឡើយ។ ក៏ប៉ុន្តែអំឡុងពេលកូវីដនេះ ជាពិសេសពេលកំពុងមានការរាត្បាតយ៉ាងលឿននៃមេរោគកូវីដបំប្លែងថ្មីប្រភេទដែលតា(Delta) ទីផ្សារការងារជាច្រើននៅក្នុងប្រទេស ថៃត្រូវបានបិទ ហើយពលករចំណាកស្រុកខ្មែរជាច្រើនកំពុងស្ថិតនៅក្នុងស្ថានភាព«ចុះទឹកក្រពើ ឡើងលើខ្លា»។

ប្រទេសកម្ពុជាកាលពីថ្ងៃពុធកន្លងទៅ បានប្រកាសដាក់វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនថៃចំនួន៨ និងដាក់បំរាមគោចរទូទាំងប្រទេសពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ដោយសារតែរកឃើញពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃមានវិជ្ជមានកូវីដ-១៩ កាន់តែច្រើន ជាពិសេសប្រភេទបំប្លែងថ្មីដែលតា(Delta) ដែលបានឆ្លងចូលសហគមន៍។ ដំណាលគ្នានេះ ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បាននិងកំពុងជ្រួលច្របល់ដោយសារពួកគេប្រឈមនឹងបញ្ហាធំៗមួយចំនួន គឺការឆ្លងជំងឺកូវីដ-១៩ ភាពអត់ការងារធ្វើ និងត្រូវធ្វើដំណើរដោយលួចលាក់ ខណៈដែលព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ និងរឹតបន្តឹងបន្ថែមទៀត។ នៅក្នុងស្ថានភាពបែបនេះ មានការចោទសួរថា តើពលករខ្មែរ នឹងទៅជាយ៉ាងណា ដោយសារតែពេលនេះ ថៃ ដែលជាទីផ្សារការងារដ៏ធំរបស់ពលករទេសន្តប្រវេសន៍ខ្មែរ កំពុងរងការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា?

ជាការកត់សម្គាល់ ប៉ុន្មានថ្ងៃ មុនការប្រកាសបិទខ្ទប់ខេត្តចំនួន៨ រួមទាំងព្រំដែនជាមួយថៃយ៉ាងតឹងរឹងនោះ អង្គការសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងទៅនឹងបញ្ហាពលករទេសន្តប្រវេសន៍ បានរាយការណ៍ថា ពលករខ្មែរ បានត្រលប់មកប្រទេសរបស់ខ្លួនវិញក្នុងរង្វង់ពី ៤០០ ទៅ៥០០នាក់ ក្នុងមួយថ្ងៃៗ។ ពួកគេគឺជាក្រុមមនុស្សដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ជាច្រើនជំពូក និងកំពុងត្រូវការជំនួយសង្គ្រោះជាចាំបាច់។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងទៅពលករដែរ កាលពីថ្ងៃសុក្រមុន ដោយស្នើឲ្យពលករកុំចល័តពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា បើទោះណាជាមានធុរៈចាំបាច់ក៏ដោយ។ ពលករ នឹងត្រូវតម្រូវឲ្យវិលទៅកន្លែងដើមវិញប្រសិនបើនៅតែធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ។ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បាន និងកំពុងមានដំណោះស្រាយដែរ ដោយប្រាប់ឲ្យពលករខ្មែរ ដែលជួបប្រទះនឹងបញ្ហានៅកន្លែងធ្វើការ និងបញ្ហាជីវភាពទាក់ទងទៅស្ថានទូតរាល់ម៉ោងធ្វើការ។

នៅក្នុងដំណាក់កាលនេះ ពលករចំណាកស្រុកខ្មែរ គួរតែមានភាពអត់ធ្មត់កំរិតខ្ពស់ ដោយហេតុថា ការចល័ត ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នៃការឆ្លងកូវីដ-១៩ ជាពិសេសប្រភេទដែលតា។ ក៏ប៉ុន្តែភាពអត់ការងារធ្វើ កង្វះដីកសិកម្ម នៅក្នុងប្រទេសកំណើត និងកំរ៉ៃពលកម្មខ្ពស់នៅប្រទេសថៃ គឺជាចលករជម្រុញឲ្យពលករខ្មែរ ត្រូវតែប្រថុយឆ្លងកាត់ឧបសគ្គធំៗជាច្រើន ចូលទៅក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើ។ ដូច្នេះអាជ្ញាធរ និងតំណាងកម្ពុជា គួរតែមានការយកចិត្តទុកដាក់លើពលករខ្មែរ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសថៃ ក្នុងតំណាក់កាលដ៏លំបាកនេះ ជាពិសេសផ្តល់ស្បៀងអាហារ និងផ្តល់សេវាសុខភាពដ៏ជាក់លាក់ បើពុំដូច្នោះទេ ការប្រថុយរបស់ពលករ ប្រកបដោយការប្រឈមនៅតែមាន ហើយការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្បាស់ណាស់ថានឹងមានការលំបាក។

សូមបញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរ ដែលធ្វើការស្របច្បាប់ និងមិនស្របច្បាប់ នៅក្នុងប្រទេសថៃមានចំនួនជិត ២លាននាក់។ កាលពីពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០ ៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី ៥៤ ៥៥៦នាក់ និង អនីតិជន៥៦៤នាក់ ផងដែរ៕

website_news/2021030805.txt · Last modified: 2021/08/03 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki