website_news:2021030903

ឃាត់ខ្លួនពលករខ្មែរ ៧នាក់ ដែលកំពុងចាកចេញពីផ្សាររុងគ្លឿ បម្រុងលបឆ្លងដែនតាម ច្រករបៀងចូលមកកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២ កញ្ញា ២០២១ដោយ Sorn Phanith

ពលករខ្មែរចំនួន ៧នាក់ ត្រូវបានកម្លាំងឈុតខ្មៅថៃ សហការជាមួយតម្រួតព្រំដែនលេខ១២ ធ្វើការឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។ ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីល្ងាច ដោយកម្លាំងការពារព្រំដែនថៃ ដែលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណៈដែលពលករខ្មែរទាំង៧នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែន ដែលក្នុងនោះមានប្រុស៤នាក់ ស្រី២នាក់ និងក្មេងប្រុស១នាក់។

នៅពេលកម្លាំងត្រួតពិនិត្យ ដោយបានសាកសួរដោយពួកគេបានសារភាពថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររុងគ្លឿលឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើដោយសារតែផ្សារ ត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះអាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀង ដើម្បីឆាប់បានដល់ផ្ទះ ព្រោះមិនចង់ឲ្យអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។ បច្ចុប្បន្នពលករខ្មែរទាំង៧នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនឲ្យទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021030903.txt · Last modified: 2021/09/03 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki