website_news:2021030907

រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជំនាញ និងបង្កើតការងារក្នុងស្រុក ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ខណៈជំងឺកូវីដនៅតែបន្តឆ្លងទូទាំងពិភពលោក

https://www.postkhmer.com/ ឡាយ សាមាន | Publication date 03 September 2021 | 09:09 ICT

បន្ទាយមានជ័យៈ ការជំពាក់បំណុលគេ ការធ្វើស្រែចម្ការមិនសូវបានផល និងទីផ្សារការងារក្នុងស្រុកទទួលបានប្រាក់កម្រៃទាប គឺជាដើមហេតុចម្បង ដែលជាកក្តាជំរុញឱ្យពលរដ្ឋខ្មែរ នៅតែបន្តប្រថុយប្រថាន ធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ បើទោះបីជាមានការបិទច្រកព្រំដែនដោយសារតែប្រទេសថៃ កំពុងមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ ១៩ យ៉ាងខ្លាំងយ៉ាងណាក៏ដោយ។

មន្ត្រីជំនាញបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញ និងបង្កើតការងារក្នុងស្រុកឱ្យបានកាន់តែច្រើន ប្រយោជន៍ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដែលប្រឈមនឹងគ្រោះថ្នាក់។ រីឯអាជ្ញាធរនៅខេត្តជាប់ព្រំដែនថៃចាត់ទុកបញ្ហាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់រាជរដ្ឋាភិបាល ខណៈដែលពួកគេមួយចំនួនមានឆ្លងជំងឺកូវីដ ១៩ និងប្រមាណជា ១០ ភាគរយទៀត បាក់កម្លាំង ដោយសារតែពួកគេប្រើប្រាស់គ្រឿងញៀន នៅពេលពួកគេធ្វើការនៅក្នុងប្រទេសថៃ។

អ្នកស្រី សើម សើរ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃអស់រយៈពេលប្រមាណ ៥ ឆ្នាំមកហើយ ហើយទើបតែវិលត្រឡប់មកវិញដោយសារតែនៅថៃមានផ្ទុះឆ្លងកូវីដបានថ្លែងថា ទោះដឹងថានៅប្រទេសគេមិនស្រួលដូចនៅស្រុកកំណើត ប៉ុន្តែយ៉ាងហោចណាស់អ្នកស្រីអាចរកប្រាក់បានច្រើន និងសន្សំលុយបានខ្លះ។ អ្នកស្រីថា៖ «ខ្ញុំធ្វើការសំណង់នៅថៃ ៥ ឆ្នាំហើយ ធ្វើការផ្នែកសំណង់ លើកឥដ្ឋ ១ ខែរកបានប្រាក់កម្រៃ ៨ ពាន់បាត បើថែមម៉ោងពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១០ យប់ តែបើអត់ថែមម៉ោងបានប្រហែល ៥ ពាន់បាត»។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុដែលអ្នកស្រីបានចាកចេញពីស្រុកកំណើតយ៉ាងដូច្នេះថា៖«ខ្ញុំមានដីផ្ទះ និងដីស្រែតិចតួច ខ្ញុំនៅស្រុកធ្វើស្រែអត់បានផលទេ ដោយសារភ្លៀងច្រើនពេកហើយឆ្នាំខ្លះក៏រាំងស្ងួតគ្មានទឹក។ ធ្វើស្រែហូបមិនគ្រប់ទេ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ នៅស្រុកខ្ញុំ ប្រជាជនគាត់មានតែធ្វើស្រែ ក្រៅពីធ្វើស្រែរកអីមិនសូវបានទេ»។ កាលពីមុនអ្នកស្រី សើរ បានទៅធ្វើការជាកម្មករសំណង់នៅប្រទេសថៃជាមួយប្តី តែដោយសារប្តីមានជំងឺប្រចាំកាយ ឥឡូវអ្នកស្រីត្រូវទៅធ្វើការនៅថៃតែ ២ នាក់កូនប្រុសអាយុ ២១ ឆ្នាំ។ អ្នកស្រីនិយាយថា បើស្ថានភាពនៅប្រទេសថៃរាងធូរស្រាល អ្នកស្រីនឹងនាំកូនវិលត្រឡប់ទៅថៃវិញហើយ ពីព្រោះនៅស្រុកខ្មែរអត់មានការងារធ្វើ មានតែធ្វើស្រែចម្ការ ហើយមិនសូវបានផលទៀត។ អ្នកស្រីឱ្យដឹងថា ដំបូងឡើយ អ្នកស្រីមិនចេះនិយាយភាសាថៃទេ ប៉ុន្តែក្រោយពីធ្វើការនៅទីនោះមួយរយៈក្រោយមក អ្នកស្រីអាចនិយាយភាសាថៃបានគួរសម។

លោក ឆាយ វីត អាយុ ៣៩ ឆ្នាំ និងប្រពន្ធដែលបានធ្វើការនៅថៃរយៈពេល ៣ ឆ្នាំមកហើយនោះបានថ្លែងថា៖ «ខ្ញុំត្រឡប់មកដល់ខ្មែរវិញបាន ២ ខែហើយនៅពេលកូវីដស្ងប់ស្ងាត់ ហើយបើគេនៅបើកច្រកព្រំដែនធម្មតា ខ្ញុំនឹងត្រឡប់ទៅថៃវិញហើយ។ ខ្ញុំធ្វើការផ្នែកសំណង់ ១ ខែរកបាន ១ ម៉ឺនបាត ថ្លៃទឹក ភ្លើងថៅកែចេញ តែថ្លៃជួលផ្ទះយើងចេញ»។ ប្រពន្ធលោក វីត ក៏ធ្វើការសំណង់ជាមួយគ្នាផងដែរ ប៉ុន្តែ ១ ខែគាត់រកបានប្រាក់តែ ៦ ពាន់បាតទេដោយសារតែគាត់ជាអ្នកលើកឥដ្ឋ។ លោក វីត ថ្លែងថា៖ «ខ្ញុំនៅខេត្តបន្ទាយមានជ័យ ខ្ញុំនៅស្រុកអត់មានស្រែ អត់មានចម្ការធ្វើទេ។ អ៊ីចឹងនៅស្រុករកលុយមិនសូវបាន ដោយសារខ្ញុំអត់ដែលទៅធ្វើការនៅស្រុកគេ អ៊ីចឹងចង់ទៅធ្វើនៅប្រទេសគេ ព្រោះនៅស្រុកយើងអត់មានការងារធ្វើដដែល»។ លោករៀបរាប់បញ្ហាប្រឈមមួយចំនួន អំឡុងពេលធ្វើការនៅប្រទេសថៃ ពោលគឺបើប៉ះចំថៅកែចិត្តល្អមិនអីទេ តែបើប៉ះចំថៅកែចិត្តអាក្រក់ ពេលខ្លះអត់បើកលុយឱ្យក៏មានដែរ។ លោក វីត ដែលមានកូនម្នាក់ទុកឱ្យម្តាយជួយមើលថែបានថ្លែងថា៖ «ពេលប្រពន្ធឆ្លងទន្លេ គាត់មកសម្រាលនៅស្រុក ពេលសម្រាលហើយ ទុកកូនឱ្យយាយមើលថែ ហើយខ្ញុំធ្វើការនៅថៃផ្ញើលុយមកបណ្តើរ។ បើនៅថៃធ្វើការសល់ប្រាក់ហើយមានលទ្ធភាពសង់ផ្ទះនៅស្រុកបាន។ បើមានលទ្ធភាព ខ្ញុំឈប់ទៅធ្វើនៅថៃហើយ ព្រោះធ្វើការនៅថៃក៏ពិបាកដែរ តែចេះតែទ្រាំទៅ»។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានថ្លែងថា ជាទូទៅការរកការងារធ្វើ គឺគេទៅនៅកន្លែងណាដែលមានប្រាក់កម្រៃបានខ្ពស់មិនថាពលករខ្មែរ មីយ៉ាន់ម៉ា ឬពលករប្រទេសណានោះទេ។ លោកថា៖ «និយាយជារួមប្រទេសថៃ គេកំពុងអភិវឌ្ឍ គ្រប់ការដ្ឋាន សំណង់ រោងចក្រដំណើរការល្អអ៊ីចឹងតម្លៃពលកម្មបើនៅខ្មែរ ១ ថ្ងៃគាត់រកបានពី ៣ ម៉ឺនរៀល ទៅ ៤ ម៉ឺនរៀល ប៉ុន្តែគេទៅថៃអាចលក់កម្លាំងពលកម្មបានពី ៥ ម៉ឺនទៅ ៨ ម៉ឺនរៀល ក្នុង ១ ថ្ងៃ»។ សម្រាប់នៅខេត្តបន្ទាយមានជ័យ ពលរដ្ឋប្រកបរបរកសិកម្ម និងចម្ការតិចតួច ខណៈពលរដ្ឋជាង ៨០ ភាគរយជាកសិករ។ ប៉ុន្តែពលរដ្ឋមួយចំនួនបានលក់ដី លក់ស្រែ លក់ស្រូវ ហើយធ្វើចំណាកស្រុកទៅប្រទេសថៃ។ លោក សុខុម ថា៖ «សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកដែលមានលទ្ធភាពស៊ូរស់នៅបាន គឺគាត់ទៅធ្វើការនៅរោងចក្រ ក្នុងខេត្តមាន ៨ រោងចក្រ មានរោងចក្រកាត់ដេរ រោងចក្រអេឡិកត្រូនិក និងរោងចក្រកែច្នៃផ្សេងទៀត។ ប៉ុន្តែពួកគាត់គិតថា បើធ្វើការនៅក្នុងស្រុក គាត់បានចំណូលមកតិច ហើយត្រូវចាយអស់ តែបើគាត់ទៅស្រុកគេ គាត់រកបានច្រើនគួរសម ចេះសន្សំ ចាយត្បិតត្បៀតគាត់សល់លុយ»។

យ៉ាងណាក៏ដោយលោកថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអភិបាលខេត្តបន្ទាយមានជ័យបានកំពុងបន្តធ្វើការអភិវឌ្ឍផ្នែកធារាសាស្ត្រ ផ្តល់ពូជស្រូវ ដំណាំដល់កសិករ ដែលកំពុងជួបការលំបាក និងតែងតែផ្តល់អំណោយដល់ជនទីទ័លក្រ។ អ្វីដែលជាបញ្ហាចំពោះមុខនាពេលនេះ នៅពេលពលករសម្រុកមកពីថៃវិញ គឺជាបន្ទុករបស់រដ្ឋាភិបាលមួយកម្រិតទៀត ដែលត្រូវចំណាយទៅលើការដឹកជញ្ជូនពលករ ការព្យាបាល ការធ្វើចត្តាឡីស័ក និងការផ្តល់បាយទឹក ១ ថ្ងៃ ៣ ទៅ ៤ ដងជូនពួកគាត់។ លោកថា៖ «សម្រាប់បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកធ្ងន់លើពលករដែលត្រឡប់មកពីថៃវិញជិត ៧ ពាន់នាក់ ដែលត្រូវចំណាយលើថ្លៃការស្នាក់នៅ ថ្លៃបាយទឹក ដឹកជញ្ជូន កម្លាំង»។ លោកលើកឡើងថា៖ «ពលករដែលត្រឡប់មកវិញខ្លះមានវិបត្តិទៀត ពេលគាត់មានកម្លាំងទៅធ្វើពលកម្មនៅប្រទេសគេ នៅពេលបាក់កម្លាំងក៏ត្រឡប់មកវិញ ជាប់ញៀនថ្នាំ វិជ្ជមានកូវីដ ១៩។ នេះជាបន្ទុកធ្ងន់របស់រដ្ឋាភិបាល។ ពលករមកវិញស្ទើរ ១០ ភាគរយជាប់ពាក់ព័ន្ធគ្រឿងញៀន អ៊ីចឹងបាននៅខេត្តបន្ទាយមានជ័យ មានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន»។

ពាក់ព័ន្ធការបង្កើតទីផ្សារការងារក្នុងស្រុក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងឆ្នាំ ២០២០ ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងក្រសួងការងារបានប្រមូល និងផ្សព្វផ្សាយកម្លាំងពលកម្មសរុបចំនួន ១៩០ ១២៧ កន្លែង ចែកជាវិស័យកសិកម្មចំនួន ១ ២៧៩ កន្លែង វិស័យឧស្សាហកម្មចំនួន ១០២ ៦០៩ កន្លែង និងវិស័យសេវាកម្មចំនួន ៨៦ ២៣៩ កន្លែង។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ២២ ៩៥៤ កន្លែង ចែកជា វិស័យកសិកម្មចំនួន ៦០០ កន្លែង វិស័យឧស្សាហកម្មចំនួន ២១ ១៦៤ កន្លែង និងវិស័យសេវាកម្មចំនួន ១ ១៩០ កន្លែង។ លោកគូសបញ្ជាក់ថា៖ «ជាការពិតណាស់ការខិតខំបង្កើតការងារនៅក្នុងស្រុករបស់រាជរដ្ឋាភិបាលពិតជាបានស្រូបយកកម្លាំងពលកម្មជាច្រើនចូលក្នុងទីផ្សារការងារ ដែលអត្រាអ្នកមានការងារធ្វើរហូតដល់ ៩៩,៣ ភាគរយ ចំណែកការខិតខំបើកច្រកទីផ្សារការងារនៅក្រៅប្រទេសគឺជាការផ្តល់នូវជម្រើសបន្ថែមទៀតជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះពលករទៅធ្វើការនៅក្រៅប្រទេសក៏បានរួមចំណែកយ៉ាងធំដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈបញ្ញើបងប្អូនពលករដែលក្នុង ១ ឆ្នាំៗប្រមាណជាង ២ ប៊ីលានដុល្លារផងដែរ។ លោក ហេង សួរ ឱ្យដឹងថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧ នាក់ (ស្រី ៤៨៩ ៧១៣ នាក់)។ លោកបានឱ្យដឹងទៀតថា ក្រៅពីការបង្កើតឱកាសការងារក្នុងស្រុក ក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលមុខជំនាញ រួមមានសំណង់ស៊ីវិល អគ្គិសនី អេឡិចត្រូនិក បរិក្ខារត្រជាក់ មេកានិក យន្តសាស្ត្ររថយន្ត កម្មន្តសាល ធុរកិច្ច/ICT សហគ្រិនភាព ទេសចរណ៍ និងជំនាញវិជ្ជាជីវៈជាច្រើនទៀត។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (Central) មើលឃើញថា នាពេលបច្ចុប្បន្ន ពលករដែលមកកម្ពុជាវិញមានច្រើន ដោយសារនៅថៃមានការបិទខ្ទប់ច្រើន និងមិនមានកន្លែងព្យាបាលគ្រប់គ្រាន់សម្រាប់អ្នកជំងឺកូវីដនោះទេ។ ប៉ុន្តែពលករខ្មែរដែលសម្រេចត្រឡប់ទៅថៃវិញមានការថយចុះច្រើន។ លោកថា៖ «មូលហេតុដែលពលករខ្មែរគាត់ធ្វើការសម្រេចចិត្តត្រឡប់ទៅថៃវិញទោះក្នុងអំឡុងពេលកូវីដ ១៩ គឺដោយសារកត្តាជំរុញក្នុងស្រុក គឺគាត់អត់មានការងារធ្វើ អត់មានមុខរបរដោយសារយើងក៏ផ្ទុះកូវីដដែរ ហើយបំណុលដែលគាត់ជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គាត់នៅតែសងគេ ខ្លាចគេរឹបអូសផ្ទះ អ៊ីចឹងគាត់នៅតែប្រថុយទៅប្រទេសថៃ»។ លោកបន្តទៀតថា ក្នុងអំឡុងកូវីដក៏មានជនខិលខូចមួយចំនួនឆ្លៀតឱកាសទៅបញ្ចុះបញ្ចូលពលរដ្ឋខ្មែរឱ្យទៅថៃ។ លោកសូមអំពាវនាវដល់ពលរដ្ឋថា «យើងគួរពិចារណាឱ្យបានដិតដល់ ព្រោះថៃមានការផ្ទុះកូវីដខ្លាំង អ៊ីចឹងគាត់ទៅមិនប្រាកដថា បានការងារធ្វើ ឬមានមុខរបរនៅថៃទេ។ តែផ្ទុយទៅវិញគាត់អាចនឹងឆ្លងជំងឺកូវីដ ១៩ ហើយអាចអាជ្ញាធរគេបោះបង់គាត់ចោលដែរ»។

លោកបន្តថា ការដែលពលករខ្មែរនៅតែបន្តធ្វើចំណាកស្រុកទៅថៃ ដោយសារទីផ្សារការងារក្នុងស្រុកនៅតែចង្អៀតនៅឡើយ។ ពលករភាគច្រើនដែលទៅធ្វើការនៅថៃ គាត់ចាប់យកវិស័យកសិកម្មដោយទៅធ្វើការនៅតាមចម្ការកៅស៊ូ ចម្ការអំពៅហើយអ្នកខ្លះធ្វើការសំណង់។ ពួកគាត់ទាំងនោះជាអតីតកម្មករក្នុងស្រុក និងជាអតីតកសិករ។ «អ៊ីចឹងគាត់ធ្វើកសិកម្មក្នុងស្រុកចំណូលពីផលកសិកម្មរបស់គាត់អត់រួចដើមព្រោះគាត់ទិញជី ជួលគោយន្ត ទិញប្រេង។ ប៉ុន្តែនៅពេលលក់ទៅអត់បានចំណេញ ផ្ទុយទៅវិញគាត់ជំពាក់បំណុលគេ។ ត្រង់នេះហើយទោះបីជាមានកូវីដក៏គាត់ត្រូវតែទៅថៃ ដើម្បីយកលុយមកដោះបំណុលគេ»។ លោក តុលា បន្តថា មានខ្លះទៀតគាត់មិនជំពាក់បំណុលគេទេ ប៉ុន្តែគាត់គិតថា ទៅស្រុកគេរកកម្រៃបានច្រើន សន្សំលុយធ្វើផ្ទះទិញដី។ ប៉ុន្តែភាគច្រើនដែលលោកបានជួប និងធ្វើការសម្ភាស ពួកគាត់ទៅរកការងារធ្វើនៅថៃ គឺដោយសារជំពាក់បំណុលគេ។ ក្នុងនាមសង្គមស៊ីវិលលោកមានមតិថា៖ «រឿងនេះបើសិនជាចង់ដោះស្រាយ ទាល់តែរដ្ឋយើងព្យាយាមធ្វើកំណែទម្រង់វិស័យកសិកម្មឱ្យបានស៊ីជម្រៅ មានន័យថា កុំបំប្លែងកសិករយើងឱ្យទៅជាពលករ ឬកម្មករ។ ឧទាហរណ៍សព្វថ្ងៃយើងនាំចេកពណ៌លឿងទៅចិន អ៊ីចឹងរដ្ឋគួរជួយផ្តល់ដីឱ្យបានគ្រប់គ្រាន់ដល់កសិករជាលក្ខណៈគ្រួសារ ផ្តល់វគ្គបណ្តុះបណ្តាល ជំនាញ និងគ្រាប់ពូជ បន្ទាប់មកសម្របសម្រួលជាមួយគាត់ក្នុងការទិញផលិតផលគាត់ បើធ្វើបែបនេះកសិករគាត់មិនប្រថុយប្រថានទៅស្រុកគេទេ ព្រោះគាត់ទៅប្រទេសគេធ្វើកសិកម្មដដែល»។

ទន្ទឹមនេះដែរក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសមត្ថភាពប្រជាកសិករ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងដី និងសារធាតុចិញ្ចឹមក្នុងផលិតកម្មដំណាំកសិកម្ម ដោយបានរៀបចំឯកសារសម្រាប់ធ្វើការបណ្តុះបណ្តាលស្តីពី “ វិធានការចម្រុះគ្រប់គ្រងដី និងសារធាតុចិញ្ចឹមរបស់ដីក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាព” ផងដែរ។ ក្រោយពីនេះមន្ត្រីជំនាញបានធ្វើដំណើរចុះមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលក៏ដូចជាផ្តល់បច្ចេកទេសនៃការចិញ្ចឹម មាន់ ទា ជ្រូក គោ កង្កែប និងត្រីជាដើម ដើម្បីឱ្យពលរដ្ឋទទួលបានចំណូលបន្ថែមក្នុងគ្រួសារនិងកាត់បន្ថយការធ្វើចំណាកស្រុក។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ថ្លែងថា ក្នុងទិសដៅជំរុញផលិតភាព អនុវិស័យដំណាំឱ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ការបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មកសិកម្ម គឺជាភារកិច្ចអាទិភាពមួយ ដែលក្រសួងកសិកម្មជំរុញការធ្វើទំនើបកម្មកសិកម្មកម្ពុជា។ លោកថា៖ «យើងបាន និងកំពុងគិតគូរ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្ម…»៕

website_news/2021030907.txt · Last modified: 2021/09/03 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki