website_news:2021031107

អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនទៅកម្ពុជាវិញ ក្នុងថ្ងៃបើកប្រទេសដំបូង

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា2021-11-02

អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនទៅកម្ពុជាវិញ តាមច្រករបៀងព្រំដែន ខេត្តបន្ទាយមានជ័យ នៅថ្ងៃដែលរដ្ឋាភិបាលថៃបើកប្រទេសដំបូងទទួលអ្នកទេសចរ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ពលករខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃក្នុងពេលនេះកាន់តែច្រើនដោយសារតែពួកគាត់អត់ការងារធ្វើនៅក្នុងស្រុក និងជំពាក់ប្រាក់ធនាគារ ប៉ុន្តែការលួចឆ្លងដែនខុសច្បាប់បែបនេះ ធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់ច្រើន។ អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាង ២០នាក់ក្នុងពេលដែលពួកគេលួចឆ្លងដែនខុសច្បាប់នៅស្រុកអារញ្ញ (Aranyaprathet) ខេត្តស្រះកែវ (Sra Kao) ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១វិច្ឆិកា។ សារព័ត៌មានថៃចុះផ្សាយនៅព្រឹកថ្ងៃដដែលថា ពលករទាំងនោះឆ្លងដែនបម្រុងទៅរកការងារធ្វើនៅទីក្រុងបាងកកនិងខេត្តក្បែរនោះ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅកម្ពុជា។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ សុលផល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនមកដល់កម្ពុជាវិញហើយនៅថ្ងៃដដែល ក្រោយពេលមានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរខ្មែរ។ លោកបន្តថា ក្រុមពលករបានលួចឆ្លងដែនតាមច្រករបៀងព្រំដែននៅតំបន់មានលិចទឹកជំនន់ដែលគ្មានសមត្ថកិច្ចខ្មែរប្រចាំការ។លោកបញ្ជាក់ថា ក្នុងថ្ងៃដំបូងដែលរដ្ឋាភិបាលថៃបើកប្រទេសទទួលភ្លៀងទេសចរនេះ អាជ្ញាធរខ្មែរបន្តរឹតបន្តឹងតាមព្រំដែនថៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់៖ «ខ្លះទៅគាត់លួចទៅយើងចាប់នៅខ្មែរ ចេញទៅយើងដេញចាប់មិនទាន់គាត់រត់ឆ្លងទៅដល់ថៃ ហើយសមត្ថកិច្ចចាប់ប្រគល់ឱ្យវិញ។ គ្រាន់តែឥឡូវវាមានទឹកទៅយើងអត់បានដើរល្បាត វាចន្លោះកន្លែងហ្នឹងគាត់ឆ្លងតាមទឹកហ្នឹងទៅ»។ មេប៉ូលិសផ្កាយមួយរូបនេះ បន្តថា រយៈពេលមួយសប្ដាហ៍មកនេះយ៉ាងហោចណាស់មានពលករខ្មែរជាង ១០០នាក់ក្នុងមួយថ្ងៃ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ក្នុងនោះនៅថ្ងៃទី៣១ វិច្ឆិកា មានពលករខ្មែរជាង១២០នាក់ ត្រូវបានបញ្ជូនតាមរបៀងព្រំដែន បឹងត្រកួន អូរបីជាន់ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ជុំវិញរឿងនេះមន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា អំឡុងពេលនេះមានពលករខ្មែរឆ្លងដែនទៅប្រទេសថៃច្រើនជាងពេលមុនៗ ដោយសារពួកគាត់អត់ការងារធ្វើនៅក្នុងស្រុក និងជំពាក់ប្រាក់ធនាគារ។ លោកយល់ថា ពលករមិនគួរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះនោះទេ ពីព្រោះប្រឈមនឹងអាជ្ញាធរចាប់ខ្លួន ឆ្លងជំងឺកូវីដ១៩ និងចំណាយអស់ប្រាក់ច្រើនជាងពេលមុនទ្វេដង។ លោកបញ្ជាក់ថា សព្វថ្ងៃពលករបង់ថ្លៃឱ្យមេខ្យល់នាំឆ្លងដែនទៅដល់កន្លែងធ្វើការក្នុងម្នាក់ចន្លោះពី៦ពាន់ទៅ៩បាត ឬប្រមាណពី ១៩០ដុល្លាទៅ ២៨៥ អាមេរិក៖ «ហើយវាមានកត្តាដទៃផ្សេងៗទៀត ដូចជានៅក្នុងប្រទេសថៃ មានការបើកឱ្យចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដើម្បីស្នើសុំ។តែទៅផ្ទុយទៅគោលការណ៍នៃការបើកឱ្យចុះបញ្ជីដើម្បីស្នើសុំប័ណ្ណការងារឱ្យពលករបរទេសឱ្យត្រឹមត្រូវតាមច្បាប់ហ្នឹង គឺរដ្ឋាភិបាលថៃគេកំណត់យកតែពលករដែលនៅក្នុងប្រទេសថៃទេ មិនមែនមានន័យថាសម្រាប់ឱ្យពលករខ្មែរឱ្យចូលមកប្រទេសថៃទេ។តែផ្ទុយទៅវិញខ្ញុំឃើញអំឡុងពេលហ្នឹងគឺពលករហ្នឹងសម្រុកមកច្រើនយកតែមែនទែន ច្រើនលើសលុប»។

លោក លឹង សុផុន ឱ្យដឹងថា ចាប់តាំងពីខែមករាដល់កញ្ញាមានពលករបរទេស រួមមាន លាវ (Lao) ភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងពលករខ្មែរសរុបជាង៣ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ។ក្នុងនោះនៅខែតុលាមានពលករខ្មែរជាង១ពាន់(១.០០០) ត្រូវបានអាជ្ញាធរថៃបានចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ហើយពលករភាគច្រើនបញ្ជូនត្រឡប់ទៅកម្ពុជាវិញ និងមួយចំនួនដាក់ពន្ធនាគារនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាទាក់ទងទៅភាគីថៃ បើកច្រកទ្វារព្រំដែនប្រទេសទាំងពីរ នៅចំណុចណាមួយ ដើម្បីសម្រួលដល់ពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃក្នុងគ្រាអាសន្ននេះ ដោយមិនមានការចាប់ខ្លួន និងកាត់បន្ថយការចំណាយរបស់ពលករ។លោកជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរមិនដោះស្រាយបញ្ហានេះទេនោះ ពលករខ្មែរប្រឈមនឹងចាញ់បោកមេខ្យល់នាំឆ្លងដែនទាំងប្រថុយប្រថានទៅប្រទេសថៃបន្តទៀតជាមិនខាន៕

website_news/2021031107.txt · Last modified: 2021/11/03 09:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki