website_news:2021031203

អង្គការ IOM សរសើររដ្ឋាភិបាលចំពោះការចាក់វ៉ាក់សាំងដល់ពលករ

https://www.postkhmer.com/ រី សុចាន់ | Publication date 02 December 2021 | 09:35 ICT

ភ្នំពេញៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ពលករចំណាកស្រុកនៅក្នុងខេត្តចំនួន ៣ ជាប់ព្រំដែនជាមួយប្រទេសថៃបានប្រមាណ ៣ ៩០០ នាក់ចាប់តាំងពីខែកញ្ញាមក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា អង្គការ IOM កម្ពុជាបានបញ្ជាក់ថា «ពលករចំណាកស្រុកប្រមាណ ៣ ៩០០ នាក់ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺនេះកាលពីខែកញ្ញា ឆ្នាំនេះមក។ យុទ្ធនាការនេះនឹងបន្តរហូតដល់យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំនេះ»។

លោកស្រី Kristin Parco តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការ IOM លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «យើងសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សត្រឹមត្រូវ និងសមធម៌សម្រាប់ទាំងអស់គ្នាព្រមទាំងពលករចំណាកស្រុកដោយមិនគិតពីឋានៈ តួនាទីនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ថ្នាក់ជាតិ និងអន្តរាគមន៍សុខភាពសាធារណៈផ្សេងទៀត»។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាអង្គការ IOM អង្គការសុខភាពពិភពលោក (WHO) មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បានធ្វើការរួមគ្នាក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ថ្នាក់ជាតិដល់អ្នកគ្រប់លក្ខខណ្ឌ ដែលត្រូវទទួលវ៉ាក់សាំងទាំងអស់នៅក្នុងប្រទេស រួមទាំងក្រុមមនុស្សដែលងាយរងគ្រោះ ដូចជា ពលករចំណាកស្រុក និងអ្នកដែលរស់នៅតាមបន្ទាត់ព្រំដែនជាដើម។ សេចក្តីប្រកាសព័ត៌មានបន្តថា៖ «នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារ ពលករចំណាកស្រុក និងសហគមន៍ក្នុងខេត្តសំខាន់ៗដែលពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃទៅកាន់ស្រុកកំណើតរបស់ពួកគេ។ ពលករចំណាកស្រុកជាង ២៦០ ០០០ នាក់បានត្រឡប់មកពីប្រទេសថៃមកកាន់កម្ពុជាវិញ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិជំងឺរាតត្បាតក្នុងខែមីនា ឆ្នាំ ២០២០»។

ប្រភពដដែលបានបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃ តែងតែប្រកបការងារមិនទៀងទាត់ ឬក្រៅប្រព័ន្ធ ដោយមិនមានឯកសារផ្លូវការ ហើយលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅមានកម្រិត ហើយការត្រឡប់មកប្រទេសកំណើតវិញនៅក្នុងប្រទេសកម្ពុជា ពលករចំណាកស្រុកត្រូវបានចាត់ទុកថាជាប្រជាជនងាយរងគ្រោះបំផុតដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ បញ្ហាលំបាកផ្នែកសេដ្ឋកិច្ច និងការទទួលបានព័ត៌មាននៅមានកម្រិតដែលបង្កទៅជាឧបសគ្គចម្បងដល់ពួកគេក្នុងការទទួលបានសេវាសុខភាពសំខាន់ៗ ជាប្រចាំ។ សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា «ជាមួយនឹងការគិតគូរ [របស់រដ្ឋាភិបាល] ចំពោះពលករចំណាកស្រុកទាំងអស់ក្នុងការទទួលបានវ៉ាក់សាំងកូវីដ ១៩ សង្ឃឹមថា ចំនួនអ្នកឆ្លង និងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ ១៩ នឹងត្រូវបានកាត់បន្ថយ»។ ប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១២០ ០០០ នាក់ ហើយមានមនុស្សជាង ២ ៩០០ នាក់បានស្លាប់ដោយសារជំងឺនេះចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះមក៕

website_news/2021031203.txt · Last modified: 2021/12/03 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki