website_news:2021040106

ពលករខ្មែរនៅតែបន្តលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ

https://kampucheathmey.com/ January 3, 2021By Bo Doula

ទោះបីជាមានការហាមឃាត់ពីរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យចូលទៅប្រទេសថៃ ដោយខុសច្បាប់ក៏ដោយ ក៏សកម្មភាពលួចឆ្លងដែនចូល ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន នៅតែបន្តកើតមាន និងត្រូវបានអាជ្ញាធរថៃ ចាប់ បញ្ជួនត្រឡប់មកវិញស្ទើររាល់ថ្ងៃ។ ជាក់ស្តែងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានពលករប្រមាណជាង៤០នាក់ ក្នុងនោះមានជាង២០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជួនត្រឡប់មកវិញ និងជាង១០នាក់ទៀត លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាវិញ។

យោងតាមគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី០២មករា ឆ្នាំ២០២១ អាជ្ញាធរថៃ បានចាប់បញ្ជួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជាវិញចំនួន២៦នាក់ ស្រី១៣នាក់ និងកុមារ២នាក់ ក្នុងនោះបញ្ជួនតាមច្រកទ្វារអន្តរជាតិព្រំ ចំនួន៤នាក់ស្រី៤នាក់ បានបញ្ជួនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ និងបញ្ជួនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន២២នាក់ ស្រី៩នាក់ និងកុមារ២នាក់ បានបញ្ជួនទៅធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។ ក្រៅពីនេះមានពលករខ្មែរចំនួន១៥នាក់ទៀត បានលួចឆ្លងដែនចូលមកតាមច្រកព្រំដែនខេត្តកោះកុង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរច្រកទ្វារអន្តរជាតិចាំយា មឃាត់ខ្លួនបានផងដែរ ដោយពួកគេទាំងនោះ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។ ពលករខ្មែរទាំង១៥នាក់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្តនូវវិធានការរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ភាគីថៃនៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ យ៉ាងហ្មត់ចត់ដើម្បីទប់ស្កាត់កូវីដ-១៩៕ អត្ថបទ ៖ សំអឿន

website_news/2021040106.txt · Last modified: 2021/01/04 13:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki