website_news:2021040116

ពលករចំណាកស្រុកដែលធ្វើការក្នុងប្រទេសថៃ នឹងទទួលបានប័ណ្ណការងាររយៈពេល ២ ឆ្នាំ និងធានារ៉ាប់រងសុខភាព

https://business.khmernote.com.kh/ December 31, 2020 Nita

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger របស់ប្រទេសថៃបានឱ្យដឹងថា ពលករចំណាកស្រុកគ្មានឯកសារមកពី ៣ ប្រទេសនឹងអាចចុះឈ្មោះសម្រាប់ការងារស្របច្បាប់ដែលអនុញ្ញាតឱ្យមានការស្នាក់នៅ រយៈពេល ២ ឆ្នាំ។ គណៈរដ្ឋមន្រ្តីថៃ បានយល់ព្រមលើវិធានការណ៍នេះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 បន្ទាប់ពីមានការផ្ទុះឡើងនៅផ្សារអាហារសមុទ្រសាមុតសាខុន បានធ្វើឱ្យប៉ះពាល់ដល់ពលករចំណាកស្រុកដែលធ្វើការនៅមជ្ឈមណ្ឌលនេសាទ។ ពលករចំណាកស្រុកមកពីប្រទេស កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា នឹងអាចចុះឈ្មោះជាមួយនាយកដ្ឋានការងារនៃក្រសួងការងារថៃចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ។ កម្មករត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពមុនពេលដាក់ពាក្យស្នើសុំប័ណ្ណការងារ។ កម្មករ និងកូនៗរបស់ពួកគេ នឹងទទួលបានការធានារ៉ាប់រងសុខភាពរយៈពេល ២ ឆ្នាំ។ ពលករត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតការងារឲ្យបានមុនថ្ងៃទី ១៣ ខែកញ្ញា។ ពួកគេត្រូវចុះឈ្មោះជាជនមិនមែនថៃនៅត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា។ ជនចំណាកស្រុក ឬនិយោជករបស់ពួកគេត្រូវបង់ប្រាក់ ៧,២០០ បាតដើម្បីពិនិត្យសុខភាព និងធានារ៉ាប់រងសុខភាពរយៈពេល ២ ឆ្នាំ។ ជនចំណាកស្រុកគ្មានឯកសារ និងគ្មាននិយោជកត្រូវរកការងារធ្វើក្នុងរយៈពេល ៩០ ថ្ងៃ។

គួឱ្យដឹងផងដែរថា ការផ្ទុះឡើងនៅខេត្តសាមុតសាខុន បានឆ្លងដល់កម្មករចំណាកស្រុករាប់រយនាក់ និងបានឆ្លុះបញ្ចាំងពីការជួញដូរពលកម្ម និងការងារគ្មានឯកសារ។ កងយោធពលខេមរភូមិន្ទថៃ កាលពីពេលថ្មីៗនេះបាននិយាយថា ពួកគេមិនអាចបញ្ឈប់ការរំលោភបំពានព្រំដែនបានទេហើយឥឡូវនេះប៉ូលីសបានផ្លាស់ប្តូរការចាប់របស់ពួកគេ ពីការចាប់ជនចំណាកស្រុកចូលដោយខុសច្បាប់ទៅនឹងការបង្ក្រាបអ្នកជួញដូរការងារ៕

website_news/2021040116.txt · Last modified: 2021/01/04 13:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki