website_news:2021040201

សហរដ្ឋអាមេរិក និងកម្ពុជាជួបពិភាក្សាគ្នាស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា

https://www.rfa.org/khmer/ ហេង រស្មី 2021-02-03

មន្រ្តីស្ថានទូតសហរដ្ឋអាមេរិក និងអគ្គស្នងការនគរបាលជាតិបានជួបពិភាក្សាគ្នា ស្ដីពីការទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយ កាលពីចុងឆ្នាំ២០២០ រកឃើញថា កម្ពុជាមិនបានគោរពឱ្យបានពេញលេញ តាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅឡើយទេ។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ឆាត រ៉ូតឌីម៊ែ (Chad Roedemeier) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា កិច្ចប្រជុំរវាងលោក ស្ទីវ ស្ទូស៊ែរ (Steve Stuehser) អនុព័ន្ធច្បាប់តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ថា អេហ្វប៊ីអាយ (FBI) ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ជាមួយអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស។ លោកបន្តថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីផ្ដន្ទាទោស អ្នករកស៊ីជួញដូរមនុស្ស ដើម្បីការពារជនរងគ្រោះ និងការពារកុំឱ្យមានឧក្រិដ្ឋកម្ម ដែលកើតចេញពីការជួញដូរមនុស្ស។

របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២០ ក្រសួងការបរទេសអាមេរិករកឃើញថា កម្ពុជាមិនបានគោរពឱ្យបានពេញលេញ តាមបទដ្ឋានអប្បបរមា ដើម្បីលុបបំបាត់ការជួញដូរមនុស្សទេ។ ចំណែកអំពើពុករលួយ នៅតែធ្វើឲ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ដំណើរការកាត់ក្ដីជនល្មើស និងការផ្ដល់សេវាដល់ជនរងគ្រោះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលបានខិតខំប្រយុទ្ធប្រឆាំងនឹងសកម្មភាពជួញដូរមនុស្ស ហើយបើប្រៀបធៀបកាលពីឆ្នាំមុនៗ ការជួញដូរមនុស្សមានការថយចុះចំនួន ១រយ ៣០ដង។ លោកបន្តថា កម្ពុជាត្រៀមខ្លួនធ្វើការងារជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស៖ «ការជួបពិភាក្សាគ្នានេះ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការ រវាងមន្ត្រី និងអង្គភាពអនុវត្តច្បាប់ នៃភាគីទាំងពីរ ដែលក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃខ្ពស់ ចំពោះលទ្ធផល សហប្រតិបត្តិការ នាពេលកន្លងមក ហើយភាគីទាំងសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរ ថានេះជាផ្នែកមួយដែលឆ្លុះបញ្ចាំងអំពី កិច្ចសហប្រតិបត្តិការល្អរវាង ភាគីកម្ពុជា និងអាមេរិក»។

កាលពីចុងឆ្នាំ២០២០ សហរដ្ឋអាមេរិកបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅបន្តស្ថិតនៅលំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដាន រយៈពេល ២ឆ្នាំ ជាប់គ្នាកន្លងមកនេះ ដោយសារតែកម្ពុជា មិនបានបង្កើត និងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ ឲ្យបានគ្រប់គ្រាន់ ដែលធ្វើឲ្យជនសង្ស័យជាច្រើននាក់គេចខ្លួនមុនសវនាការ ហើយជាហេតុនាំឲ្យមានការកាត់ទោសកំបាំងមុខជាច្រើនករណី៕

website_news/2021040201.txt · Last modified: 2021/02/04 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki