website_news:2021040205

អាជ្ញាធរ ខេត្តកោះកុង កំពុងខិតខំទប់ស្កាត់ពលករមកពីថៃ តាមផ្លូវទឹកដែលមានបំណងគេចពីចត្តាឡីស័ក

http://btv.com.kh/ 03/02/2021

កោះកុង ៖ ថ្នាក់ដឹកនាំខេត្តកោះកុង បង្ហាញពីការព្រួយបារម្ភចំពោះរំហូរចូលនៃពលករខ្មែរ មកពីខេត្តត្រាត ប្រទេសថៃ តាមភូមិសាស្ត្រច្រកព្រំដែនទឹក ដែលពួកគេទំនងមានបំណងគេចពីការធ្វើចត្តាឡីស័ក ។ អាជ្ញាធរ មានសមត្ថកិច្ច កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពនេះ។

ច្រកព្រំដែនផ្លូវទឹក រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ ជាភូមិសាស្ត្រមួយ ដែលមិនងាយស្រួលក្នុងការគ្រប់គ្រងរំហូរចេញចូល នៃពលករខ្មែរលួចឆ្លងដែន តាមរយៈមេខ្យល់នោះទេ ដែលនេះបញ្ហាបារម្ភចំពោះការឆ្លងរាលដាលកូវីដ–១៩ ទៅក្នុងសហគមន៍ ដោយសារតែពលករ ដែលចេញចូលតាមច្រកនេះ មានបំណងគេចវេស ពីការធ្វើចត្តាឡីស័ក និងការពិនិត្យសុខភាពស្វែងមេរោគកូវីដ–១៩។

លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានលើកឡើងដូច្នេះ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភះ ម្សិលមិញ ក្នុងកិច្ចប្រជុំទប់ស្កាត់រំហូរចូលពលករខ្មែរមកពីប្រទេសថៃ អំឡុងពេលការរីករាលដាលកូវីដ១៩។ ដោយពិនិត្យឃើញពីលទ្ធភាព នៃការអាចគេចវេសធ្វើចត្តាឡីស័កបាន របស់ពលករមកតាមផ្លូវទឹក បែបនេះ លោកអភិបាលរងខេត្ត បានប្រាប់ដល់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ឱ្យបន្តបង្កើនតាមដានពិនិត្យ ដោយដាក់ប៉ុស្តិ៍ផ្លូវទឹក ព្រមទាំងចំណតរថយន្ត ឱ្យបានល្អិតល្អន់ថែមទៀត។ លោក សំ ឃិតវៀន បានបញ្ជាក់ថា ចំពោះភូមិសាស្ត្រច្រកព្រំដែនគោកវិញ គឺសមត្ថកិច្ចនគរបាល និងយោធាការពារព្រំដែន កំពុងអនុវត្តវិធានការល្បាតស្វែងរកពលករខ្មែរ ដែលឆ្លងដែនមកពីថៃ ទាំងយប់ ទាំងថ្ងៃ ដូច្នេះអាជ្ញាធរអាចទប់ស្កាត់ និងគ្រប់គ្រងរំហូរពលករ បានស្ទើរតែ១០០ភាគរយហើយ។

គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរ ចំនួន៨៣នាក់ បន្តចាកចេញពីមណ្ឌល ចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត និងក្រុមការងារជំនាញ បានរៀបចំ ដើម្បីតាមដានពិនិត្យសុខភាព ជូនពួកគេ ១៤ថ្ងៃ ស្វែងរកវីរុសកូវីដ បន្ទាប់ពីការឆ្លងដែនមកពីថៃ។

កន្លងទៅ លោកជំទាវអភិបាលខេត្ត ក៏ធ្លាប់ផ្ញើសារដល់ពលករខ្មែរទាំងអស់ ដែលនៅប្រទេសថៃ បើមានបំណងវិលមកប្រទេសកម្ពុជាវិញ សូមធ្វើដំណើរចូលតាមច្រកព្រំដែនអន្តរជាតិ ខណៈមានក្រុមកងកម្លាំង និងមន្ត្រីជំនាញ ត្រៀមរង់ចាំទទួលយកធ្វើចត្តាឡីស័ក ចៀសវាងការគេចវេសលួចឆ្លងដែនចូលតាម ច្រករបៀង ដែលនាំឱ្យឆ្លងរីករាលដាលកូវីដ១៩ ដល់សហគមន៍ ប្រសិនបើពួកគេបានឆ្លងមេរោគកូវីដ–១៩ មកពីប្រទេសថៃនោះ៕ អត្ថបទ៖ ឈឹម មករា

website_news/2021040205.txt · Last modified: 2021/02/04 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki