website_news:2021040206

ពលករចំណាកស្រុកកម្ពុជារាប់រយនាក់បានដើរឆ្លងព្រំដែនបន្តកន្ទុយគ្នា

https://www.khmertimeskh.com/ ទិត្យ គង់នៅ / Khmer Times

ច្រកព្រំដែនអន្តរជាតិអូស្មាច់ ឧត្តរមានជ័យ -សញ្ញាដំបូងនៃការជម្លៀសប្រជាជនកម្ពុជា យ៉ាងច្រើនពីខេត្តសុរិន្ទរបស់ប្រទេសថៃ គឺជាឡានដឹកជញ្ជូនសម្ភារៈផ្ទាល់ខ្លួនចំនួន ៥ របស់ពលករ។ រថយន្តដឹកទំនិញដែលបានចុះបញ្ជីដោយជនជាតិថៃបានឆ្លងកាត់កម្ពុជាតាមច្រកព្រំដែនអូរស្មាច់ខេត្ត ឧត្តរមានជ័យ នៅម៉ោងប្រហែល ៨ ព្រឹកម្សិលមិញដោយដឹកសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទូទឹកកកខ្នាតតូច ទូរទស្សន៍ ចង្ក្រានបាយ និងកាបូបដាក់ឥវ៉ាន់ផ្ទាល់ខ្លួន។

កងទាហានដែលកំពុងរង់ចាំមានចំនួន ៥៥ នាក់ រួមជាមួយរថយន្ដដឹកទាហាន២៥គ្រឿង មន្ត្រីសុខាភិបាលនិងសន្តិសុខព្រំដែនបានចាប់ផ្តើមធ្វើសកម្មភាពយ៉ាងរហ័ស ហើយបានរង់ចាំនៅច្រកទ្វារព្រំដែនចម្ងាយតែប៉ុន្មានម៉ែត្រពីខេត្តសូរិន្ទប្រទេសថៃនៅ។ ពួកគេបានមកដោយថ្មើរជើង មកដោយខ្លួនឯង ឬជាក្រុមមានគ្នាពីរនាក់ ប្រាំទៅ ៣០ ក្នុងពេលតែមួយនិងបន្តហូរឥតឈប់ឈរ និងរហ័សក្នុងរយៈពេលជាងមួយម៉ោងកន្លះ។ មុននេះពួកគេបានប្រមូលផ្តុំគ្នានៅចម្ងាយ ១០ គមនៅព្រំដែនថៃ ដែលមានឈ្មោះថា Kab Jerng ដែលពួកគេចាប់ភាគច្រើនបានមកដល់តាំងពីល្ងាចថ្ងៃច័ន្ទនិងខ្លះទៀតនៅព្រឹកព្រលឹម។

លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំនួនពលករដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមរយៈច្រកព្រំដែនអូរស្មាច់មានចំនួនចន្លោះពី ១៥០ ទៅ ២០០ នាក់ ប៉ុន្តែកាលពីថ្ងៃច័ន្ទ និងម្សិលមិញគឺមានចំនួនច្រើនលើសលុប។ កាលពីថ្ងៃច័ន្ទ គេបានឃើញប្រជាជនកម្ពុជាឆ្លងកាត់ ៣០០ នាក់ ហើយចំនួននេះបានកើនឡើងដល់ ៣២៤ នាក់ដែលរួមមានបុរស ស្ត្រី កុមារ និងព្រះសង្ឃ។ លោកបន្តថា៖ «ប្រហែល៨០ ភាគរយនៃប្រជាជនដែលត្រលប់មកពីប្រទេសថៃ គឺជាអ្នកវិលត្រឡប់ ស្របច្បាប់ក្នុងន័យថា ពួកគេមានឯកសារធ្វើដំណើរត្រឹមត្រូវ និងមានការអនុញ្ញាតឲ្យធ្វើការផងដែរ។ អ្នកដែលនៅសេសសល់គឺបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ហើយច្រកទ្វារអន្តរជាតិអូស្មាច់ គឺជាច្រកឆ្លងកាត់តែមួយប៉ុណ្ណោះនៅក្នុងតំបន់នេះ។ មិនមានស្ទឹង ទឹកហូរ ឬផ្លូវឆ្លងកាត់ផ្សេងទៀតក្រៅពីផ្លូវពីព្រោះច្រកព្រំដែនទាំងពីរគឺជាតំបន់ភ្នំ និងមានតំបន់មីន»។

លោកបន្ថែមថា៖ «ចំនួនដ៏ច្រើននៃការធ្វើមាតុភូមិនិវត្តន៍នេះ ទំនងជាត្រូវការមណ្ឌលចត្តាឡីស័កបន្ថែម ដែលមណ្ឌលដែលមានស្រាប់ចំនួន ១៧ ភាគច្រើនគឺពេញ ឬជិតពេញហើយ។ យើងចាំបាច់ត្រូវសង្កេតអ្នកដែលត្រលប់មកវិញឲ្យធ្វើចត្តាឡីស័ក និងធ្វើតេស្តឲ្យមានប្រសិទ្ធិភាពមុននិងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះបន្ទាប់ពីរយៈពេល ១៤ ថ្ងៃហើយមណ្ឌលនិងត្រៀមខ្លួនសម្អាតមេរោគសម្រាប់អ្នកបន្ទាប់»។ លោកនិយាយថាចំនួនពលករដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញចាប់ពីថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃច័ន្ទតាមរយៈច្រកទ្វារព្រំដែនអូរស្មាច់មានចំនួនសរុប ៦ ៤៧០ នាក់ និងភាគច្រើនជាពលករចំណាកស្រុក។ ហើយមានមនុស្សប្រមាណជា ២ ៤២៧ កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ខណៈពេលដែល ៤ ០៤៣ នាក់ត្រលប់ទៅផ្ទះបន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័ក។លោកបន្តថា៖ «យើងមានករណីវិជ្ជមានតែពីរប៉ុណ្ណោះហើយករណីទាំងពីរត្រូវបានព្យាបាល និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះហើយ។ រហូតមកដល់ពេលនេះ ចំនួនអ្នកធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាមិនបានថយចុះទេហើយផ្ទុយទៅវិញមានតែការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលគួរឲ្យព្រួយបារម្ភព្រោះថាប្រសិនបើចំនួនទាំងនេះនៅតែបន្តកើនឡើងទៀតអាជ្ញាធរនឹងត្រូវការពង្រីកមណ្ឌលចត្តាឡីស័ក ឬបន្ថែមមណ្ឌលថ្មី»។

លោកនិយាយថា មូលហេតុចំបងៗ ដែលពលករចំណាកស្រុកប្រញាប់ប្រញាល់វិលត្រឡប់មកស្រុកវិញគឺដោយសារតែការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃដែលនាំឲ្យមានការបិទក្រុមហ៊ុនជាច្រើននៅទីនោះដែលធ្វើឲ្យពលករគ្មានការងារធ្វើ។ ពួកគេក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួននិងសមាជិកគ្រួសាររបស់ពួកគេដែលនៅជាមួយពួកគេនៅក្នុងប្រទេសថៃផងដែរ។ លោកបន្តថា៖ «យើងកំពុងជួបជាមួយអភិបាលខេត្តដើម្បីស្វែងរកកន្លែងបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករ ហើយយើងរំពឹងថានឹងមានការត្រលប់មកវិញកាន់តែច្រើននៅពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់។ បើគិតទៅ នេះគឺជារយៈពេលដែលពលករចំណាកស្រុកមួយចំនួនធំ និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងប្រទេសថៃចូលមកប្រទេសកម្ពុជាម្តងទៀត។ ដូចនេះអាជ្ញាធរខេត្តត្រូវតែត្រៀមខ្លួនជាមុន»។ លោកបានបន្ថែមទៀតថាសម្រាប់ខេត្តឧត្តរមានជ័យលោកអភិបាលខេត្តបានអនុញ្ញាតតែប៉ុស្តច្រកព្រំដែនអូរស្មាច់ ហើយមិនមានពលករចំណាកស្រុកណាម្នាក់អាចវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈផ្លូវផ្សេងទៀតដូចជាអន្លង់វែងទេ។ នេះក៏ព្រោះតែនៅតាមខ្សែបន្ទាត់ព្រំដែនជាតំបន់ភ្នំ និងព្រៃឈើរួមទាំងតំបន់ដែលមានមីន ដូច្នេះពលករមានការភិតភ័យយ៉ាងខ្លាំងក្នុងការប្រើប្រាស់ផ្លូវដែលមិនមានកំនត់ ឬផ្លូវក្រៅផ្លូវការដើម្បីត្រលប់មកវិញ។

លោក ជា ពិសិដ្ឋ ប្រធានរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បាននិយាយថាបច្ចុប្បន្ននេះ អាជ្ញាធរកំពុងប្រញាប់ប្រញាល់វាយតម្លៃទីតាំងផ្សេងៗនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីត្រៀមសាងសង់មណ្ឌលចត្តាឡីស័កក្នុងករណីចំនួនពលករដែលវិលត្រឡប់មកវិញនៅតែបន្តកើនឡើង។ លោកបន្តថា៖ «យើងកំពុងកំណត់ទីតាំងបន្ថែមទៀត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ពីព្រោះចំនួនពលករដែលចូលក្នុងមួយថ្ងៃគឺមានចំនួនជាមធ្យម ៣០០ បើប្រៀបធៀបទៅកាលពីមុនមានចន្លោះពី ១៥០ ទៅ ២០០។ មណ្ឌលចត្តាឡីស័កដែលមានស្រាប់ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទទួលយកពលករចំណាកស្រុកទាំងអស់នោះទេ»។ លោកបន្ថែមទៀតថាសម្រាប់ការប្រុងប្រយ័ត្ន គឺមិនត្រឹមតែសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃប៉ុណ្ណោះទេ តែគឺសម្រាប់អ្នកបើកបរដែលដឹកទំនិញតាមរថយន្តដឹកទំនិញដែលឆ្លងកាត់ព្រំដែនអូរស្មាច់តម្រូវឲ្យមានការធ្វើតេស្តរៀងរាល់ ១៤ ថ្ងៃម្តង។

លោកវរសេនីយ៍ទោ នៅ សាវុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ បាននិយាយថាលោកបានបញ្ជូនកម្លាំងចំនួន ៥៥ នាក់និងរថយន្តដឹកចំនួន ២៥ គ្រឿងដើម្បីដឹកពលករទៅមណ្ឌលចត្តាឡីស័កចំនួន ១៧ និងកំពុងបំពេញភារកិច្ចរបស់ខ្លួន ២៤ ម៉ោងក្នុងមួយថ្ងៃ។ លោកបន្តថា៖ «យើងមិនគិតពីភាពនឿយហត់ទេ ជាពិសេសនៅពេលដែលពលករមកដល់ចំណុចត្រួតពិនិត្យនៅម៉ោងសេសគឺយើងធ្វើសកម្មភាពភ្លាមៗ ដោយមិនគិតពីពេលវេលាដែលពួកគេមកដល់។ ក្នុងនាមជាកម្លាំងដឹកជញ្ជូនពិសេសនៅក្នុងខេត្តឧត្តរមានជ័យ យើងរីករាយនឹងបំពេញភារកិច្ចរបស់យើងតាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសដោយអភិបាលខេត្តដោយមិនគិតពីពេលវេលា ឬថ្ងៃសម្រាក។

ដរាបណាមានពលករវិលត្រឡប់មកវិញ យើងនឹងបំពេញភារកិច្ចក្នុងការដឹកពួកគេ និងឥវ៉ានទៅកាន់មណ្ឌលចត្តាឡីស័កដែលបានកំណត់»។ អ្នកស្រី សួន នាថ អាយុ ៤១ ឆ្នាំមកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបាននិយាយថាអ្នកស្រីបានធ្វើការនៅប្រទេសថៃអស់រយៈពេល ១០ ឆ្នាំជាអ្នកថែសួននៅប៉ាតាយ៉ាហើយបានរស់នៅទីនោះជាមួយគ្រួសារនិងកូនបីនាក់។ នៅប្រទេសថៃអ្នកស្រីអាចរកប្រាក់បានប្រហែល ១០ ដុល្លារក្នុងមួយថ្ងៃប៉ុន្តែដោយសារតែការផ្ទុះឡើងនៅទីនោះ បច្ចុប្បន្នអ្នកស្រីមិនមានការងារធ្វើទេ។ អ្នកស្រីបន្តថា៖ «ឥឡូវនេះពិបាកក្នុងការរកការងារធ្វើណាស់នៅថៃ។ ខេត្តខ្លះជាប់គាំងហើយខ្ញុំមានកូនតូចណាស់។ ខ្ញុំខ្លាចថាជំងឺកូវីដ-១៩ នឹងឆ្លងទៅកូនៗរបស់ខ្ញុំ ដូច្នេះយើងទាំងអស់គ្នាសំរេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។

លោក វេង ស្រឿន អាយុ ៣៨ ឆ្នាំមកពីខេត្តព្រៃវែងបាននិយាយថាគាត់បានធ្វើការនៅប្រទេសថៃអស់រយៈពេល ៤ ឆ្នាំជាជាងជួសជុលគ្រឿងអេឡិចត្រូនិចនៅខេត្តឈុនបុរី។ លោកអាចរកប្រាក់បានប្រហែល ១១ ដុល្លារក្នុងមួយថ្ងៃ។ លោកបន្ថែមទៀតថាបន្ទាប់ពីបានឃើញការរីករាលដាលនៃករណីកូវីដ-១៩ នៅក្នុងប្រទេសថៃលោកបានស្នើសុំឈប់ពីការងារហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយប្រពន្ធនិងកូនប្រុស។ លោកបន្តថា៖ «ខ្ញុំមិនដឹងថាពេលណាខ្ញុំនឹងអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃម្តងទៀតទេ ពីព្រោះនៅក្នុងប្រទេសថៃឥឡូវនេះវាពិបាកក្នុងការរកការងារធ្វើហើយជំងឺរាតត្បាតហាក់ដូចជាមិនធូរស្បើយសោះ។ នៅប្រទេសកម្ពុជា ខ្ញុំនឹងត្រឡប់ទៅធ្វើកសិកម្មមួយរយៈសិន»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021040206.txt · Last modified: 2021/02/04 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki