website_news:2021040301

អាជ្ញាធរគ្រោងបង្កើតមណ្ឌលធ្វើចត្តាឡីស័កបន្ថែមទៀត ខណៈពលករសម្រុកចេញពីប្រទេសថៃកាន់តែច្រើន តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ

http://www.freshnewsasia.com/ 2021-03-03 12:16pm

(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខភិ បាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងបង្កើតមណ្ឌលធ្វើចត្តាឡីស័កបន្ថែមទៀត ខណៈបច្ចុប្បន្ននេះបងប្អូនពលករកំពុងសម្រុកចាកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួនកាន់តែច្រើនឡើងៗ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ពលករចូលមកតាមច្រកអន្តរជាតិអូរស្មាច់មានចំនួន ៤៥០នាក់ ដោយឡែកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ពលករចូលមកតាមច្រកអន្តរជាតិអូរស្មាច់មានចំនួន ៤៣០នាក់ និងនៅថ្ងៃទី២ ខែមីនា ពលករចូលមកមានចំនួន៥៣០នាក់បន្ថែមទៀត។ លោកថា កត្តាដែលនាំឲ្យពលករសម្រុកចូកមកច្រើនបែបនេះ ដោយសារកត្តាទី១ ពួកគាត់អត់មានការងារធ្វើក្នុងប្រទេសថៃ និងកត្តាទី២ បុណ្យចូលឆ្នាំប្រពៃណីជាតិជិតមកដល់ ដូច្នេះពួកគាត់ចង់មកជួបជុំក្រុមគ្រួសារផងដែរ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងយ៉ាងដូច្នេះទៀតថា «ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រទេសថៃផ្ទុះជំងឺកូវីដ១៩ខ្លាំង រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បងប្អូនពលករដែលចាកចេញ ពីប្រទេសថៃ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាទូទាំងខេត្តមានចំនួនសរុប ១៣៩២៣នាក់ ក្នុងនោះបានធ្វើចត្តាឡីស័ករួចមានចំនួន ៩៥៨៤នាក់ និងកំពុងធ្វើចត្តាឡីស័កមានចំនួន៤៣៣៩នាក់ ចំពោះមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំគឺមានចំនួន២៣មណ្ឌល»។ លោកប្រធានមន្ទីរបានថ្លែងទៀតថា ម្សិលមិញលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្ត ដើម្បីដឹកជញ្ជូនបងប្អូន ពលករមកស្នាក់នៅធ្វើចត្តាឡីស័កនៅទីនេះ។ លោកថា មណ្ឌលចត្តាឡីស័កនៅពហុកីឡាដ្ឋានខេត្ត មិនអាចដាក់បងប្អូនពលករអស់ដែរ ដោយមានការណែនាំពីលោកអភិបាលខេត្ត ពេលនេះក្រុមការងារកំពុងរៀបចំមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងទៀតនៅស្រុកអន្លង់វែង៕

website_news/2021040301.txt · Last modified: 2021/03/04 13:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki