website_news:2021040304

មន្ត្រីសង្គមស៊ីវិលស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្យល់នាំពលករឆ្លងដែនទៅក្រៅប្រទេស

https://www.rfa.org/ ហេង រស្មី 2021-03-03

មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលពលករចំណាកស្រុក ស្វាគមន៍ចំពោះវិធានការណ៍របស់សមត្ថកិច្ចដែលមានគម្រោងចាប់បញ្ជូនមេខ្យល់នាំពលករខ្មែរចេញ និងចូលទៅប្រទេសវៀតណាម និងប្រទេសថៃ ទៅជំនុំជម្រះទោស។ តែពួកគេស្នើសុំឱ្យអាជ្ញាធររដ្ឋាភិបាលគួរតែមានវិធានការណ៍នេះជាប្រចាំ កុំចាំតែធ្វើឡើងក្រោយពីមានបញ្ជារបស់លោក ហ៊ុន សែន។

មន្ត្រីអង្គការសង់ត្រាល់(Central)ទទួលបន្ទុកសិទ្ធិការងារលោក ឌី ថេហូយ៉ា មានប្រសាសន៍ថា សកម្មភាព នៃការនាំមនុស្សទៅក្រៅប្រទេសមិនមែនកើតចេញពីប្រជាពលរដ្ឋធម្មតានោះទេ ភាគច្រើនគឺមេខ្យល់មានខ្នងបង្អែកដែលជាអ្នកមានអំណាចនៅពីក្រោយខ្នង។ លោកថា សមត្ថកិច្ចគួរតែមានសេចក្តីក្លាហានក្នុងការចាប់បញ្ជូនខ្លួនមេខ្យល់ដែលមានខ្នងបង្អែកធំៗទាំងនោះទៅទទួលទោស ដើម្បីឱ្យមានភាពស្នើគ្នាចំពោះមុខច្បាប់។ លោកបន្តថា ការជួញដូរមនុស្សទៅកាន់ប្រទេសថៃ និង ទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសវៀតណាមនេះ សមត្ថកិច្ចត្រូវតែមានវិធានការណ៍ឱ្យបានតឹងរ៉ឹងទើបអាចលុបបំបាត់បាន៖«ការជួញដូរមនុស្សទៅថៃ ទៅម៉ាឡេស៊ី ទៅវៀតណាមនិងទៅចិនជាដើមនេះ ត្រូវរៀបចំលក្ខណៈឆ្លើយតបជាប្រព័ន្ធទើបអាចកាត់បន្ថយ និងលុបបំបាត់បាន ប៉ុន្តែប្រសិនជា គ្រាន់តែធ្វើផ្អើលម្ដងម្កាលទេ។ ខ្ញុំគិតថា មិនមែនជាវិធានការណ៍ឆ្លើយតបឬលុបបំបាត់ទេ។ តែទោះជាយ៉ាងណាក៏ដោយប្រសិនបើមានការចាប់ផ្តើម យើងសារទរចំពោះវិធានការណ៍នោះ ហើយសង្ឍឹមថា វិធានការណ៍នេះ នឹងធ្វើជាបន្តបន្ទាប់ ហើយធ្វើឱ្យមានប្រសិទ្ធិភាពជាពិសេសឫសគល់ធំនៃការបង្កើតឱ្យមានអំពើជួញដូរហ្នឹងបាទ»។

សមត្ថកិច្ចកាលពីថ្ងៃទី ៣ មីនា គ្រោងចាប់បញ្ជូនមេខ្យល់នាំពលករខ្មែរឆ្លងដែនចំនួនជាង ១រយនាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្រោយពីបាននាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនោះក្នុងប្រទេសថៃ ក្នុងពេលដែលកម្ពុជាកំពុងរាលដាលជំងឺកូវីដ ១៩។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី ៣ មីនា ថា សមត្ថកិច្ចចាប់មេខ្យល់សរុបចំនួន ១០៨ នាក់ គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ដើមខែមីនានេះក្រោយពីបាននាំពលករឆ្លងដែនដោយខុសច្បាប់ចំនួន១៤០០ នាក់ទៅធ្វើការនៅក្នុងប្រទេសថៃ។ លោកថា សមត្ថកិច្ចមិនទាន់បញ្ជូនពួកគេទៅកាន់តុលាការភ្លាមៗទេ ដោយរង់ចាំការធ្វើចត្តាឡឺស័ករយៈពេល ១៤ថ្ងៃជាមុនសិន៖«ភាគច្រើនហ្នឹងគឺតុលាការខេត្តសាមី និងតុលាការនៅក្នុងខេត្តជាប់ព្រំដែនហ្នឹងតែម្ដង។ភាគច្រើនជនសង្ស័យភាគច្រើននៅខេត្តជាប់ព្រំដែន បានគាត់ប្រកបមុខរបរល្មើសច្បាប់ហ្នឹងបានស្រួល ពីព្រោះគាត់ងាយស្រួលទាក់ទងទៅ មានមេខ្យល់ម្ខាងទៀតខាងភាគីថៃបណ្ដាញរបស់គេ»។

ការចាប់ខ្លួនមេខ្យល់ជាបន្តបន្ទាប់នេះបានកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចនៅជាប់ព្រំដែនកម្ពុជា-ថៃ និងប្រទេសវៀតណាម ទប់ស្កាត់ពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ទៅក្រៅប្រទេស ឬពលករ វិលចូលស្រុកវិញដោយមិនបានធ្វើចត្តាឡីស័ក។

អនុប្រធានអង្គការលីកាដូទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ច កាលពីឆ្នាំមុនៗ មិនដែលឃើញចាប់ខ្លួនមេខ្យល់នាំពលករខ្មែរទៅក្រៅប្រទេសមកកាត់ទោសទេ ហើយទើបតែចាត់វិធានការក្រោយពីមានបទបញ្ជាលោក ហ៊ុន សែន។ លោកថា សមត្ថកិច្ចគួរតែអនុវត្តច្បាប់ជាប្រចាំដើម្បីទប់ស្កាត់ការនាំពលករខ្មែរចេញ និងចូលមកពីក្រៅប្រទេស៖«អីចឹងករណីនេះយើងចង់ឱ្យទៅជាការអនុវត្តន៍ច្បាប់។ អ្នកដែលធ្វើខុសច្បាប់ត្រូវអនុវត្តន៍ទៅតាមផ្លូវច្បាប់ទៅ ដើម្បីកុំឱ្យមានការរិះគន់តទៅទៀត ហើយករណីនេះខ្ញុំមើលឃើញហើយថា ប្រសិនបើពុំមានករណីកូវីដ ហើយនិងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ ១៩ទេគឺមន្ត្រីមួយចំនួននៅតាមព្រំដែនគឺអនុវត្តន៍ដូចពីមុនអីចឹង»។

របាយការណ៍ក្រសួងការងារថៃឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ មានពលករខ្មែរជិត ១សែន ២ម៉ឺននាក់ហើយ (១១៩.៨១១) ដែលបានចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់រួចរាល់។

មន្ត្រីសិទ្ធិការងារលោក ឌី ថេហូយ៉ា ឱ្យដឹងដែរថា ពលករខ្មែរធ្វើការងារនៅប្រទេសថៃមាន ១លាន ៨សែននាក់ ក្នុងនោះពលករធ្វើការខុសច្បាប់មានជាង ៤សែន(៤០០.០០០)នាក់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿថា ពលករខ្មែរជាង ២សែននាក់ នឹងក្លាយទៅជាពលករខុសច្បាប់ ហើយអាជ្ញាធរថៃ អាចនឹងចាប់បញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ឬចាប់ដាក់ពន្ធនាគារនៅពេលខាងមុខ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរថៃគួរតែពន្យារពេលចុះឈ្មោះសុំសិទ្ធិធ្វើការទៅមុខមួយរយៈទៀត ហើយបញ្ចុះតម្លៃធ្វើប័ណ្ណការងារ ឱ្យបានទាបជាងពេលបច្ចុប្បន្ន។ បន្ថែមពីនេះ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជានិងថៃចាត់វិធានលើក្រុមមេខ្យល់ ដែលរត់ការចុះឈ្មោះឱ្យពលករក្នុងតម្លៃថ្លៃលើសការកំណត់របស់អាជ្ញាធរថៃ៕

website_news/2021040304.txt · Last modified: 2021/03/04 13:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki