website_news:2021040805

ពលករ ខ្មែរ,មីយ៉ាន់ម៉ា,ឡាវ ត្រូវថៃបោះបង់ចោល ខណៈពេលកូវីដកំពុងផ្ទុះខ្លាំង

https://www.facebook.com/CHNChannelNews/ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ម៉ោង ១៨:១៧:០០

ថៃ៖ ពលករចំណាកស្រុកមកពី មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ ត្រូវបានប្រទេសថៃបោះបង់ចោល ខណៈអាជ្ញាធរថៃ បានចាត់វិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ នៅទីក្រុងបាងកក ដោយបិទកន្លែងការដ្ឋានកម្មករចំនួន ៥៧៥ កន្លែងនៅក្នុងទីក្រុង។

ពលករចំណាកស្រុកទាំង៣ប្រទេសនេះ ត្រូវប៉ូលីសថៃកេណ្ឌប្រមូលផ្តុំគ្នាបិទការដ្ឋានសំណង់ ក្នុងគោលបំណងកុំមានការរាតត្បាតក្នុងប្រទេស។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យកម្មករសំណង់ជាង៨ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងការដ្ឋានសំណង់ទាំងនោះ ធ្វើឲ្យពួកគេគ្មានប្រាក់ចំនូលដើម្បីទិញម្ហូបអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។

ពលករចំណាកស្រុកមីយ៉ាន់ម៉ា បាននិយាយថា គេមិនបានញ៉ាំបាយអស់រយៈពេលពីរថ្ងៃមកហើយ គាត់រស់នៅជាមួយជនចំណាកស្រុកជាង ៤០ នាក់ផ្សេងទៀត មកពីមីយ៉ាន់ម៉ា និងកម្ពុជា នៅកន្លែងសំណង់បិទខ្ទប់នៅចំ កណ្តាលទីក្រុងបាងកក។ មុនពេលមានជំងឺរាតត្បាតពួកគេបានរស់នៅញ៉ាំ និងគេងនៅក្នុងអគារដែលមិនទាន់សាងសង់ហើយ បានផ្ញើប្រាក់សន្សំភាគច្រើនទៅផ្ទះ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ពលករចំណាកស្រុកមីយ៉ាន់ម៉ា និយាយទៀតថា “យើងកំពុងរងទុក្ខខ្លាំង យើងគ្មានលុយទេ យើងមិនអាចផ្ញើប្រាក់ទៅផ្ទះទៅគ្រួសាររបស់យើងដែលកំពុងរងទុក្ខបានទេ។ យើងចង់ទៅផ្ទះវិញ ទោះបីយើងគ្មានអ្វីក៏ដោយ យ៉ាងហោចណាស់យើងអាចនៅជាមួយគ្រួសារបាន។

ពលករចំណាកស្រុកប្រមាណពី ៤ ទៅ ៥ លាននាក់នៅប្រទេសថៃ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ កំពុងរស់នៅដោយសេចក្ដីមេត្តា ករុណាពី និយោជករបស់ពួកគេ។ ដោយសាររោងចក្រត្រូវបានបិទ និងការដ្ឋានសាងសង់ត្រូវបានបិទ ជនចំណាកស្រុករាប់សែននាក់ដែលកំពុងរស់នៅក្រោមលក្ខខណ្ឌ ជំងឺរាតត្បាត និងត្រូវបានកាត់ផ្តាច់ពីជំនួយ។

លោក ឡេង សុផុន មន្រ្តីគម្រោងនៃអង្គការសិទិ្ធការងារកម្ពុជា បាននិយាយថា ជីវិតរបស់ជនចំណាកស្រុកកម្ពុជា គឺដូចជាការរត់គេចពីសត្វខ្លា ប៉ុន្តែធ្លាក់ចូលក្នុងមាត់ក្រពើ។ ការធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនឥឡូវនេះពោរពេញទៅដោយហានិភ័យ។ សម្រាប់អ្នកដែលមានលទ្ធភាពវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ពួកគេមានឱកាសការងារតិចតួចប៉ុណ្ណោះ។

លោក ឌួង ជាពលករចំណាកស្រុកម្ពុជា បាននិយាយថា “ខ្ញុំដឹងថាគ្មានការងារធ្វើនៅទីនេះទេ។ ខ្ញុំគ្មានដីសំរាប់ធ្វើស្រែចំការ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបានគឺនៅផ្ទះតែ ដោយសារគ្មានការងារធ្វើនៅប្រទេសថៃអស់រយៈពេលជាងមួយខែមកហើយ។”

គួរបញ្ជាក់ថា ប្រទេសថៃជាទិសដៅការងារយូរយារណាស់មកហើយ សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការងារធ្វើ។ យោងតាមក្រសួងការងាររបស់ប្រទេសកម្ពុជា មានពលករចំណាកស្រុកខ្មែរចំនួន ១.០២០.០០០ នាក់ប៉ុន្តែចំនួនពិតប្រាកដគឺជិត ២ លាននាក់៕

website_news/2021040805.txt · Last modified: 2021/08/04 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki