website_news:2021040806

ពលករខ្មែរមួយចំនួននាំគ្នាដេកហាលភ្លៀងយ៉ាងលំបាកនៅព្រំដែនថៃ ដោយសារអាជ្ញាធរចូលប្រទេស

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន2021-08-02

ពលករខ្មែរមួយចំនួននាំគ្នាដេកហាលភ្លៀងយ៉ាងលំបាកអស់ជាច្រើនថ្ងៃ នៅព្រំដែនប្រទេសថៃ ក្រោយពេលអាជ្ញាធរបិទខ្ទប់ព្រំដែនមិនឱ្យពួកគេចូលកម្ពុជា។ ពលករទាំងនោះធ្វើដំណើរមកពីតំបន់ទីក្រុងបាងកក ដើម្បីគេចចេញពីការឆ្លងជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករទាំងនោះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើអាជ្ញាធរខ្មែរមិនឆាប់ជួយដល់ពួកគាត់។ ពលករខ្មែរជាច្រើននាក់ដែលកំពុងជាប់គាំងនៅតំបន់ព្រំដែនថៃនោះ ថ្លែងថា ពួកគេព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពួកគេអំពាវនាវដល់អាជ្ញាធរខ្មែរឱ្យជួយសង្គ្រោះអាយុជីវិតរបស់ពួកគេជាបន្ទាន់។

ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យលោកស្រី ប៉ុង ស៊ីម ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២ ខែសីហាថា លោកស្រីបានជាប់គាំងនៅតំបន់ព្រំដែនថៃជាប់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យតាំងពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ពេលនេះមិនទាន់ចូលទៅដល់កម្ពុជានៅឡើយទេ។ បច្ចុប្បន្នលោកស្រីបានបោះតង់ស្នាក់នៅក្នុងកំប៉ូតព្រៃនៅតំបន់ព្រំដែនថៃយ៉ាងលំបាក ដោយគ្មានថ្នាំព្យាបាលជំងឺនោះឡើយ។ ពលករដែលធ្លាប់ធ្វើការក្នុងហាងលក់បាយនៅខេត្តជាប់ទីក្រុងបាងកករូបនេះបញ្ជាក់ទៀតថា មូលហេតុដែលលោកស្រីត្រឡប់ទៅកម្ពុជាអំឡុងពេលនេះ ដោយសារមិនអាចទ្រាំរស់នៅប្រទេសថៃបន្តទៅទៀតបាន ព្រោះគ្មានប្រាក់ចាយវាយនិងខ្លាចឆ្លងជំងឺកូវី១៩៖ «ពេលភ្លៀងមកពួកខ្ញុំនាំគ្នាងើបអង្គុយហើយ វាសាចសើមទាំងអស់បង្គន់ក៏អត់មានដែរ នាំគ្នារត់ទៅព្រៃហើយងូតទឹកអូរ។ ប្រុសៗអត់បានដេកទេ អង្គុយចាំ ទល់ភ្លឺលំបាកណាស់។ខ្ញុំអំពាវនាវឱ្យរដ្ឋាភិបាលនាំពួកខ្ញុំទៅខាងខ្មែរ ធ្វើតេស្ដរកមេរោគកូវីដ១៩ហើយ បើអ្នកណាកើតក៏ឱ្យទៅព្យាបាល អ្នកណាអត់កើត ក៏ឃុំខ្លួននៅសាលារៀនទៅខ្ញុំចង់បានតែប៉ុណ្ណឹងឯង»។

ដូចគ្នានេះដែរ ពលករធ្វើការនៅហាងលក់បាយនៅខេត្តប្រាក់ថុមថានី (Prathumthany) ម្នាក់ទៀតលោក សេង សុគន្ធ ថ្លែងថា លោកគ្មានលទ្ធភាពរស់នៅប្រទេសថៃនោះទេ ទើបសម្រេចចិត្តប្រថុយជីវិតធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ។ ពលករវ័យ ២៧ ឆ្នាំរូបនេះសោកស្ដាយយ៉ាងខ្លាំងដែលអាជ្ញាធរខ្មែរមិនឱ្យលោកចូលទៅកម្ពុជានៅក្នុងគ្រាអាសន្ននេះ។ ពលកររូបនេះបញ្ជាក់ថា អំឡុងពេលស្នាក់នៅព្រំដែននោះលោកដេកហាលភ្លៀងជារៀងរាល់យប់ ដូច្នេះលោកព្រួយបារម្ភខ្លាចជួបគ្រោះធំនៅពេលខាងមុខ ពីព្រោះលោកហូបចុកក្រៀមក្រោះអស់ជាច្រើនថ្ងៃមកហើយ៖ «ឱ្យតែមេឃភ្លៀង គឺអត់បានសម្រាន្តទេ ហើយក្មេងៗយំពេញហ្នឹងឯង មើលទៅគួរឱ្យអាណោចអាធម្មណាស់។ អាណោចអាធម្មត្រង់ថា លំបាកខោទឹកនោមក៏អត់មាន ហើយណាមួយកូនតូចទៀត ត្រូវទឹកភ្លៀងរងាហើយមូសខាំ និយាយរួមវេទនាហ្មង ម៉ែឪវាក៏មិនបានដេកដែរអង្គុយបក់មូសមួយយប់ទល់ភ្លឺ។

ពលករខ្មែរមួយក្រុមនេះមានគ្នា ២៨ នាក់ក្នុងនោះមានទារកអាយុ ៧ ខែម្នាក់ផង បានធ្វើដំណើរមកពីខេត្តជាប់ទីក្រុងបាងកកកាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីត្រឡប់ទៅកម្ពុជារកកន្លែងមានសុវត្ថិភាព។ ក្រុមពលករអះអាងថា បច្ចុប្បន្នមានពលករខ្លះបានឆ្លងជំងឺកូវីដ១៩ ហើយគ្មានគ្រូពេទ្យព្យាបាលពួកគាត់នៅឡើយទេ។ ក្រុមពលករបន្តថា អាជ្ញាធរបានឧបត្ថម្ភស្បៀងបន្តិចបន្តួចដល់ពួកគាត់ដែរ ក៏ប៉ុន្តែមិនបានបញ្ជូនគ្រូពេទ្យមកពិនិត្យជំងឺកូវីដ១៩នោះទេ។ ទាក់ទងនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលដំណឹងអំពីពលករខ្មែរ ដែលកំពុងជាប់គាំងនៅប្រទេសថៃ ទាំងនោះទេ។ លោកថា អំឡុងពេលនេះអាជ្ញាធរនៅតែអនុញ្ញាតឱ្យពលករចូលមកកម្ពុជាបានដដែល ប៉ុន្តែត្រូវមានការត្រួតពិនិត្យតឹងតែងជាងមុខទ្វេដង។ លោកបញ្ជាក់ថា បច្ចុប្បន្នមានពលករ ប្រមាណពី ២០០ ទៅ ៣០០ នាក់ក្នុងមួយថ្ងៃបានឆ្លងដែលចូលមកកម្ពុជា។ លោកបន្តថា ពលករណាដែលកើតជំងឺកូវីដ១៩ អាជ្ញាធរនឹងបញ្ជូនពួកគេទៅព្យាបាលនៅទីរួមខេត្តបន្ទាយមានជ័យ ចំណែកពលករដែលគ្មានជំងឺឱ្យធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃនៅព្រំដែន៖ «ឱ្យចូលប៉ុន្តែពិនិត្យសិន ខ្លាចមានជំងឺមានអីទៅមានជំងឺកូវីដអីមិនទាន់ហ៊ានឱ្យចូល។ អ្នកណាមានកើតជំងឺកូវីដ-១៩យើងដឹកទៅមុន អ្នកណាមិនទាន់ឱ្យទុកសិន ទុកពិនិត្យមើលសិន ទុកដីខ្មែរខ្លះនៅដីថៃខ្លះ អ្នកណាមិនទាន់មកដល់នៅដីថៃ អ្នកណាមកដល់ហើយនៅតាមទឹកដីយើង»។

ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ឬគា មានប្រសាសន៍ថា បច្ចុប្បន្នមានពលករខ្មែរជាច្រើននាក់បានជាប់គាំងនៅព្រំដែនខាងដីថៃ ហើយពួកគេរស់នៅលំបាកវេទនាដោយគ្មានទីជម្រកស្នាក់អាស្រ័យឡើយ។ លោកយល់ថា ពលករទាំងនោះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតនៅពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធរមិនឆាប់បញ្ជូនគ្រូពេទ្យព្យាបាលជំងឺនិងផ្ដល់ស្បៀងអាហារហូបចុកគ្រប់គ្រាន់នោះ៖ «អ្វីដែលសំខាន់ត្រូវតែយកចិត្តទុកដាក់សង្គ្រោះជីវិតដល់ពួកគាត់ បើពួកគាត់ដង្ហោយហៅហើយ ប្រាប់ហើយ យើងបែរធ្វើមិនដឹងមិនឮ យើងគិតថាតួនាទីរបស់រដ្ឋនៅកន្លែងហ្នឹងខ្វះចន្លោះហើយ។ អីចឹងត្រូវតែបំពេញធ្វើយ៉ាងម៉េចដើម្បីជួយដល់ប្រជាពលរដ្ឋយើង។ សូម្បីពួកគាត់ជាកម្មករថៃក្រីក្រ ពួកគាត់ស៊ីឈ្នួលគេប៉ុណ្ណាក៏ដោយ ប៉ុន្តែពួកគាត់ជាមនុស្សដែរ ជាប្រជាពលរដ្ឋកម្ពុជាដែរ»។

អាជ្ញាធរកម្ពុជាបានបិទខ្ទប់ខេត្តចំនួន ៨ នៅជាប់ព្រំដែនថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះដែលតា(Delta)។ អំឡុងពេលបិទខ្ទប់នេះមានពលករខ្មែរជាច្រើននាក់បានវិលត្រឡប់ទៅកម្ពុជាវិញដោយសារពួកគេមិនអាចទ្រាំនៅប្រទេសថៃបន្តទៅទៀតបាន បណ្ដាលមកពីផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងនៅក្នុងប្រទេសនេះ។

របាយការណ៍អង្គការសង់ត្រាល់(Central)ឱ្យដឹងថា មានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់ជិត២លាននាក់ធ្វើការនៅប្រទេសថៃ៕

website_news/2021040806.txt · Last modified: 2021/08/04 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki