website_news:2021041002

ឃាត់មេខ្យល់ លួចដឹកពលករ តាមម៉ូតូកង់បី បម្រុងឆ្លងដែនទៅថៃ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១ តុលា ២០២១ដោយ Dy Bunnara

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់លួចដឹកពលករ៥នាក់ តាមម៉ូតូកង់បីបំរុងលួចឆ្លងដែនទៅរកកាងាធ្វើនៅស្រុកថៃ ដោយខុសច្បាប់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រុកថ្មពួក ធ្វើការឃាត់ខ្លួនពេលដែលនគរបាលប៉ុស្តិ៍ដើរល្បាតចម្ងាយ៣០០ម៉ែត្រ ខាងលិចរង្វង់មូលបឹងត្រកួន ត្រង់ចំណុចការ៉ាស់សាំង ក្នុងភូមិសាស្ត្រភូមិវល្លិ៍ប្រេង ឃុំគោករមៀត។ ជនសង្ស័យមានឈ្មោះ សៅ ឆដា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា កំលាំនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតល្បាតខាងលិចរង្វង់មូលបឹងត្រកួន ប្រទះឃើញប្រជាពលរដ្ឋប្រុស-ស្រី ១ក្រុមមានគ្នាចំនួន៥នាក់ ក្នុងនោះក្មេង២នាក់ មានទីលំនៅភូមិប៉ែន ឃុំលៀច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងមានអ្នកបើកម៉ូតូកង់បីមកដឹក ដោយមានការសង្ស័យក៏សួរនាំ ទើបដឹងថា ប្រជាពលរដ្ឋទាំងនោះមានបំណងឆ្លងដែនទៅថៃដោយមានអ្នកបើកម៉ូតូកង់បីមកទទួលយក។ ក្រោយពីសួរនាំបានបញ្ជូនប្រជាពលរដ្ឋនិងអ្នកបើកម៉ូតូកង់បីទៅអធិការដ្ឋាននគរបាល ស្រុកថ្មពួក បន្តសួរនាំនិងមានវិធានការតាមនិតិវិធីបន្ត។លោកវរសេនីយ៍ទោ ស៊ុន សារឿន ថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត នគរបាលស្រុកថ្មពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៅ ឆដា ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គេពិតជាមានបំណងដឹកពលករខ្មែរទាំង៥នាក់ ក្នុងនោះក្មេង២នាក់ ឆ្លងទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយយកថ្លៃដឹកចំនួន៥០០បាត ក្នុង១នាក់ ដឹកឆ្លងទៅដល់ផ្លូវជាតិក្នុងដីថៃ។ ផ្អែកទៅលើចម្លើយសារភាពជនសង្ស័យ កំលាំជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីនៅព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១។ដោយឡែកពលករទាំង៥នាក់ បានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021041002.txt · Last modified: 2021/10/04 09:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki