website_news:2021041004

ស្ថានអគ្គកុងស៊ុលកម្ពុជាបានជួយសម្របសម្រួលជាមួយអាជ្ញាធរថៃបញ្ជូនពលករកម្ពុជាចំនួន ២១ នាក់ និងកុមារ ២ នាក់ ដែលជាប់គាំងក្នុងបរិបទកូវីដ ១៩ ឱ្យវិលត្រឡប់មកកម្ពុជាវិញ

https://www.postkhmer.com/ រី សុចាន់ | Publication date 01 October 2021 | 17:49 ICT

ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃបានជួយសម្របសម្រួលជាមួយអាជ្ញាធរថៃបញ្ជូនពលករកម្ពុជាចំនួន ២១ នាក់ និងកុមារ ២ នាក់ ដែលជាប់គាំងក្នុងបរិបទកូវីដ ១៩ ឱ្យវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ១ ខែតុលានេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងនៅថ្ងៃទី ១ ខែតុលាថា៖ «ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន ២១ នាក់ និងកុមារ ២ នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃ ឱ្យវិលត្រឡប់មកកម្ពុជាវិញ»។ លោកបញ្ជាក់ថា ពួកគេត្រូវបានបញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

កាលពីថ្ងៃទី ២៩ ខែកញ្ញា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្របសម្រួលជាមួយអាជ្ញាធរក្រុងហូជីមិញរៀបចំឱ្យពលរដ្ឋកម្ពុជាចំនួន ៥ គ្រួសារ ដែលមានចំនួន ១៨ នាក់ ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅទីក្រុងហូជីមិញត្រឡប់មកកម្ពុជា ដោយសារជួបបញ្ហាលំបាកក្នុងបរិបទនៃជំងឺកូវីដ ១៩ និងមានជីវភាពខ្វះខាតខ្លាំង។ លោក កុយ គួង បញ្ជាក់ថា៖ «ស្ថានអគ្គកុងស៊ុលបានរៀបចំរថយន្តដឹកជញ្ជូន និងបានជូនដំណើរដល់ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង (បានធ្វើតេស្តទទួលលទ្ធផលអវិជ្ជមានកូវីដទាំង ១៨ នាក់ មុនចេញដំណើរ)»៕

website_news/2021041004.txt · Last modified: 2021/10/04 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki