website_news:2021041006

រយៈពេលមួយសប្តាហ៍មានពលករជាច្រើននាក់បម្រុងឆ្លងដែនខុសច្បាប់ត្រូវឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០២ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៤:៣០

ខេត្តបន្ទាយមានជ័យ៖ ពលករជាច្រើននាក់ រួមទាំងជនបរទេសមួយចំនួន បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលឃាត់បានក្នុងភូមិសាស្ត្រ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានផ្សាយ។

លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ល្បាតជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការល្អជាមួយកងកម្លាំងចំរុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។ បើគិតក្នុងមួយសប្តាហ៍នេះ គឺកម្លាំងឃាត់ខ្លួនពលករចំនួន៤៩នាក់ ក្នុងនោះមានជនជាតិចិនចំនួន៤នាក់ផងដែលបម្រុងឆ្លងដែលទៅប្រទេសថៃ និងបានឃាត់ខ្លួន ដើម្បីសាកសួរនាំ និងបញ្ជួនបន្តទៅធ្វើចត្តាឡីស័ក ចំណែកអ្នកនាំផ្លូវត្រូវបញ្ជូនទៅមូលដ្ឋានរាជអាវុធហត្ថចាក់ការតាមនីតិវីធីច្បាប់ ។

ជាក់ស្តែង យប់ថ្ងៃទី១ ឈានចូល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លោកនាយចំណង់ ឆប កុសល មេក្រុមគោលដៅដឹកនាំកម្លាំងដើរល្បាតដែលសហការជាមួយប៉ូលិសការពារព្រំដែនគោកលេខ៨១៥ ក៏ជួបពលករចំនួន ១៨នាក់ បំរុងឆ្លងដែនចេញទៅប្រទេសថៃត្រូវបានកម្លាំងល្បាតសហការណ៍ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។ សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

website_news/2021041006.txt · Last modified: 2021/10/04 09:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki