website_news:2021041008

អាជ្ញាធរថៃឃាត់រថយន្តរត់ពន្ធពលករខ្មែរ

https://www.khmertimeskh.com/ October 3, 2021

ពលករឆ្លងដែន២០នាក់ ត្រូវបានរកឃើញក្នុងរថយន្តពេលអាជ្ញាធរត្រួតពិនិត្យក្នុងខេត្ត នគរ រាជសីម៉ា ជនជាតិថៃពីរនាក់ ត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅក្នុងស្រុកស៊ីខៀវ ដោយចោទប្រកាន់ពីបទរត់ពន្ធពលករ ចំណាកស្រុកកម្ពុជាចំនួន ២០នាក់ លាក់ក្នុងរថយន្តដឹកអ្នកដំណើរកាលពីព្រឹកថ្ងៃសៅរ៍។ ប៉ូលីសត្រួតពិនិត្យនៅលើផ្លូវមិត្តភាព ក្នុងស្រុកស៊ីខៀវ បានផ្តល់សញ្ញាអោយរថយន្តឈប់ ប៉ុន្តែអ្នកបើកបរបានព្យាយាមបន្ថែមល្បឿន។ មន្រ្តីប៉ូលីស បានរារាំងរថយន្តហើយទីបំផុតបង្ខំឱ្យឈប់។ មន្រ្តីប៉ូលីសបានរកឃើញបុរស និងស្ត្រីខ្មែរចំនួន ២០នាក់ នៅក្នុងរថយន្តរួមជាមួយជនជាតិថៃពីរនាក់គឺអ្នកបើកបរឈ្មោះ ប៊ុនឈួយ ឆៃឆាណា អាយុ ៥៤ឆ្នាំ និងប្រាមុល កេតផាថុម អាយុ ៥៧ឆ្នាំ។

យោងតាមកំណត់ត្រាបទល្មើស បានបង្ហាញថាលោកស្រី បា្រមុល ជាប្រជាពលរដ្ឋម្នាក់ រស់នៅស្រុកវ៉ាតថាណា នគរ ក្នុងខេត្តស្រះកែវ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរត់ពន្ធកម្មករកាលពីដើមខែកញ្ញាហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ក្នុងអំឡុងពេលសួរចម្លើយលោក ប៊ុនឈួយ បានប្រាប់ប៉ូលីសថាគាត់ត្រូវបានគេជួលក្នុងតម្លៃ ២ម៉ឺនបាត ដើម្បីទៅយកពលករចំណាកស្រុកមកពីស្រុកសឹងសាំង ក្នុងខេត្តនគររាជសីម៉ា ហើយនាំពួកគេទៅកាន់ផ្សារថៃ ក្នុងខេត្តប៉ាធុមថានី។ អ្នកបើកបរបានប្រាប់ថា៖ ជនជាតិខ្មែរបានចូលប្រទេសថៃ តាមច្រកព្រំដែនតាប្រាយ៉ា នៅខេត្តស្រះកែវ ហើយបានឡើងជិះរថយន្តឆ្ពោះទៅស្រុកសឹងសាំងដើម្បីរង់ចាំឡើងឡាន។

ប៉ូលីសបានចោទប្រកាន់ជនជាតិថៃទាំងពីរនាក់នេះពីបទរំលោភលើក្រឹត្យគ្រាអាសន្ន និងរត់ពន្ធជនជាតិបរទេសចូលក្នុងប្រទេស។ ពួកគេត្រូវបានប៉ូលីសឃុំខ្លួននៅប៉ុស្តិ៍ប៉ូលីស ស៊ីខៀវ រង់ចាំការចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត។ជនចំណាកស្រុកខ្មែរទាំង២០នាក់នេះនឹងត្រូវប្រគល់ឱ្យនគរបាលអន្តោប្រវេសន៍មុនពេលត្រូវនិរទេសខ្លួន។

website_news/2021041008.txt · Last modified: 2021/10/04 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki