website_news:2021041014

បញ្ជូនមេខ្យល់២នាក់នាំពលករឆ្លងដែនខុសច្បាប់ទៅតុលាការ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៣ តុលា ២០២១ដោយ Sokhom Khon

មេខ្យល់២នាក់ នាំពលករ៦នាក់ទៅរកការងាធ្វើនៅស្រុកថៃដោយខុសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ឃាត់ខ្លួនបាននៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ តាមការបំភ្លឺរបស់ពលករចំនួន៦នាក់បានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលានេះក្រុមខ្លួនបានសម្រេចចិត្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយបានទំនាក់ទំនងជាមួយមេខ្យល់តាមរយ:ទូរស័ព្ទមេខ្យល់យកលុយក្នុង១នាក់៥០០០បាត ក្រុមខ្លួនបានរង់ចាំមេខ្យល់នៅមុខសួនស្នហ៍ជនបទ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មួយសន្ទុះក្រោយមកមានរថយន្ត១គ្រឿងម៉ាកលុចស៊ីស ពណ៌ប្រផេះពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 មកយកក្រុមខ្លួនហើយចេញដំណើរទៅ ពេលទៅដល់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្រាប់តែមានមនុស្សប្រុសម្នាក់ទៀតឈ្មោះ យ៉ុង វីរ: ឡើងឡានទៅជាមួយពួកខ្លួនដែរ ដោយរូបគេប្រាប់ថា រូបគេជាអ្នកនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃ លុះជិះដល់ចំណុចប៉ុស្តិ៍ដើមព្រីង ក៏ត្រូវបានកម្លាំងយោធាឃាត់រថយន្តហើយធ្វើការសួរនាំ និងឃាត់ក្រុមខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្ដង ។

លោកវរសេនីយ៍ត្រី ធឿង វាសនា បានបន្តទៀតថា ជនសង្ស័យជាម្ចាស់រថយន្តដឹកពលករមាន ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេខ្យល់ទាំង២នាក់នេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់។ ចំណែកពលករទាំង៦នាក់ត្រូវបានកម្លាំងធ្វើកិច្ចសន្យាអប់រំឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021041014.txt · Last modified: 2021/10/04 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki