website_news:2021041015

ចម្លើយសារភាព! នាំពលរដ្ឋជិត១០០នាក់ឆ្លងដែន ដោយក្នុងម្នាក់យក៥០០០បាត

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ០៤ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៨:៥៨

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី ធឿង វាសនា ឲ្យដឹងថា ៖ ជនសង្ស័យជាម្ចាស់រថយន្តដឹកពលករនោះ ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកនាំផ្លូវ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំ០២នាក់បានឆ្លើយសារភាពថា ពួកគេបានសហការគ្នាដើម្បីដឹកពលករ និងនាំឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ពិតប្រាកដមែន ។ លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានឃាត់ខ្លួននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រួចក៏បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្ត ។

ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ក៏បានសារភាពថា ពួកគេបាននាំមនុស្ស១ក្រុមចំនួន៩៦នាក់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់យកតម្លៃ៥,០០០បាត ។ លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង០២នាក់ រួមនឹងរថយន្ត ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

website_news/2021041015.txt · Last modified: 2021/10/04 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki