website_news:2021041103

ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣១នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២ វិច្ឆិកា ២០២១ដោយ Kang Tola

កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៣១ នាក់ (ស្រី១៦នាក់) នៅ ២គោលដៅផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានឱ្យដឹងថា នៅវេលាម៉ោង ១០យប់ ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១កម្លាំងនគរបាលការពារព្រំដែនវរសេនាតូច ការពារព្រំដែនគោកលេខ ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ (ស្រី៦នាក់)មកពីខេត្តពោធិ៍សាត់នៅចំណុចផ្សារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួកប្រគល់ឱ្យ នគរបាលប៉ស្តិ៍រដ្ឋបាលឃុំគោករមៀត។ ប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគាត់មានបំណងទៅធ្វើការនៅប្រទេសថៃនិងបានទាក់ទងមេខ្យល់ជនជាតិថៃ ដោយគេយកថ្លៃជូនផ្លូវតម្លៃក្នុងម្នាក់ ៦៥០០ បាតដល់កន្លែងធ្វើការទើបប្រគល់ប្រាក់ ។ លុះធ្វើដំណើរដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ដោយឡែកនៅវេលាម៉ោង១១យប់ ថ្ងៃដដែលនោះ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរបម្រុងលួច ឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំគោករមៀតចំនួន ២១ នាក់ (ស្រី១០នាក់) ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ១៣នាក់,បាត់ដំបង ម្នាក់,ខេត្តស្ទឹងត្រែង ២នាក់ និងខេត្តសៀមរាបចំនួន ៥នាក់។ ពលរដ្ឋទាំង២១នាក់បានឲ្យដឹងថា ពួកគាត់មានបំណងទៅធ្វើការងារនៅប្រទេសថៃដោយបានទាក់ទងមេខ្យល់ជនជាតិថៃតាមទូរសព្ទដោយគេយកថ្លៃជូនផ្លូវចំនួន ៦,០០០ បាត ទៅ ៦,៥០០បាត ហើយពួកគាត់បានជិះតាក់ស៊ីនៅទីរួមខេត្តបន្ទាយមានជ័យទៅច្រក់បឹងត្រកួនក្នុងតម្លៃក្នុងម្នាក់យក ៧០០បាត ទៅ ២,០០០បាត។ នៅពេលទៅដល់បឹងត្រកួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នពលរដ្ឋទាំង ៣១ នាក់ត្រូវបានបញ្ជូនទៅក្រុមការងារចម្រុះប្រចាំការនៅច្រកអូរបីជាន់ស្រុកអូរជ្រៅដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ៖ ណារី

website_news/2021041103.txt · Last modified: 2021/11/04 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki