website_news:2021041104

ក្រឡាប់ឡាននៅថៃ ស្លា.ប់និងរបួសពលករខ្មែរជាច្រើន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ០៩:៥៥

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងលើទឹកដីថៃ បង្កឲ្យពលករខ្មែរយ៉ាងតិចជាង១០នាក់ស្លាប់ និងរបួសរដូករណែល កាលពីម៉ោងជាង៨យប់ថ្ងៃទី២ វិច្ឆិកា ២០២១ ដែលហេតុការណ៍នេះ កើតមាននៅចំណុចផ្លូវបំបែក(ខ្លងយ៉ាយអ៊ីន) ក្នុងឃុំវ៉ាំងថង ស្រុកវ៉ាំងសំប៊ូន ខេត្តស្រះកែវ ។ នេះយោងតាមប្រភពព័ត៍មានពីគេហទំព័រ និងកាសែតថៃមួយ។ មនុស្សចំនួន៥នាក់ ស្រី៣នាក់ បានស្លាប់នៅ និងកន្លែងរួមទាំងអ្នកបើកបរជាជនជាតិថៃម្នាក់ផងដែរ ។ ក្រៅពីនេះ មនុស្ស៨នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលដោយ៦នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុនិង២នាក់ ដែលរងរបួសធ្ងន់ត្រូវអាជ្ញាធរថៃបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្តេចយុផារាជ្យ ក្នុងខេត្តស្រះកែវ។

ប្រភពបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតម្នាក់ គេរកឃើញមានផ្ទុកជំងឺកូវីដ១៩ ហើយគ្រោងបូជាសពក្រោយរយៈពេល២៤ម៉ោងទៀតផង។ប្រភពបន្តថា រថយន្តកើតហេតុពាក់ស្លាកលេខថៃ៤៥៥១ តែមិនបញ្ជាក់ម៉ាកទេ ផ្ទុកមនុស្សសរុប១៣នាក់ រួមទាំងអ្នកបើកបរជាជនជាតិថៃម្នាក់ផង។ ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តគ្រោះថ្នាក់ពាក់ស្លាកលេខថៃមួយគ្រឿងខាងលើបានដឹកពលករពេញ និងបើកបរយ៉ាងលឿនមកពីខៅឡែមជាប់ខេត្តចាន់បុរី ។ លុះដល់ចំណុចផ្លូវបំបែកខាងលើ ក៏ក្រឡាប់ជាច្រើនត្រឡប់បន្ទាប់មកទៅបុកជាប់ និងបង្គោលភ្លើងបង្កឲ្យពលករស្លា.ប់ និងរបួសរដូករណែល ហើយរថយន្តក៏ខូចខ្ទេចផងដែរ ។

បុរសជនជាតិថៃម្នាក់ដែលឃើញហេតុការណ៍និយាយថា មុនកើតហេតុមានរថយន្តភិកអាប់មួយគ្រឿងបោះពួយលឿនបុកឆាកខឿនរង្វង់មូលចំណុចកើតហេតុហើយធ្លាក់ស្នាមភ្លោះ តែបើកឡើងមកវិញយ៉ាងលឿន ដើម្បីបន្តដំណើរ ទើបធ្វើឲ្យរថយន្តដឹកពលករដែលកំពុងបោះពួយមកដល់ទីនោះបួងចង្កូតធ្លាក់ផ្លូវ និងក្រឡាប់ជាច្រើនត្រឡប់កើតមានគ្រោះថ្នាក់បែបនេះ។

យោងការសាកសួរពលករដែលអាចនិយាយបានប្រាប់អាជ្ញាធរថៃថា ពួកគេទើបចេញពីកម្ពុជាតាមច្រករបៀង ប្រុងទៅរកការងារធ្វើនៅតាមទីតាំងមួយចំនួនក្នុងស្រុកថៃ ដូចជានិគមឧស្សហកម្ម៣០៤ខេត្តឆាក់ឆឺនសៅ,ទីក្រុងបាងកក,ខេត្តឈុនបុរីនិងខេត្តរ៉ាក់យ៉ង។

តាមការបញ្ជាក់ពីមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះថា ករណីស្លា.ប់និងរបួសពលករខ្មែរលើទឹកដីថៃ ដោយសាគ្រោះថ្នាក់ចរាចរកាលពីយប់ មិញនៅខេត្តស្រះកែវ គឺពិតជាកើតមានមែន។ មន្ត្រីដដែលបន្តថា ពេលនេះមន្ត្រីកម្ពុជាប្រចាំប្រទេសថៃរួមមានមន្ត្រីស្ថានទូតនិងស្ថានកុងស៊ុលកំពុងធ្វើការហើយ ដើម្បីស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ។

website_news/2021041104.txt · Last modified: 2021/11/04 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki