website_news:2021050101

ពលករមកពីថៃជាង១៤០០នាក់ ត្រូវបានធ្វើតេស្តក្នុងនោះ៤នាក់ វិជ្ជមានកូវីដ-១៩

http://btv.com.kh/ 04/01/2021

បាត់ដំបង ៖ ពលករធ្វើដំណើរពីប្រទេសថៃ មកស្រុកកំណើតវិញ ហើយកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក ពិនិត្យរកជំងឺកូវីដ១៩ មានជាង ១៤០០នាក់ ដោយក្នុងចំណោមនេះ មានពលករចំនួន ៤នាក់ បានរងឃើញវិជ្ជាមានជំងឺកូវីដ១៩ ហើយពួកគេកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ត ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា បច្ចុប្បន្នមានពលករទាំងអ្នករស់នៅខេត្តបាត់ដំបង និងខេត្តផ្សេងៗ បានត្រឡប់មកពីថៃ អំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តសាមុទសាខន កំពុងធ្វើចត្តាឡីស័កនៅខេត្តបាត់ដំបង មានចំនួន ១៤១៨នាក់ ។ របាយការណ៍ បន្តថា ដោយសារចំនួននៃពលករ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ត បានបន្ថែមនូវមណ្ឌលចត្តាឡីស័កសរុប ៩មណ្ឌល ក្នុងនោះមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករចូលតាមច្រកព្រំដែន កម្ពុជា-ថៃ ជាប់ខេត្តបាត់ដំបង មាន ៦មណ្ឌល រួមមាន នៅស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកបវេល ស្រុកសំឡូត ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ។ ដោយឡែកមណ្ឌលចត្តាឡីស័កចំនួន ៣មណ្ឌលទៀត សម្រាប់ទទួលពលករចូលតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ រួមមាននៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង, វិទ្យាល័យជ្រៃ ក្នុងស្រុកថ្មគោល និងវិទ្យាល័យអន្លងវិល ក្នុងស្រុកសង្កែ ។ ប្រភពដដែល បានបន្ថែមថា ពលករចូលតាមច្រកព្រំដែន កម្ពុជា-ថៃ ជាប់ខេត្តបាត់ដំបង និងជាប់ខេត្តផ្សេងៗ កំពុងធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបង មានមកពីខេត្តសាមុតសាខន ក្រុងថេប ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តសាមុតបាកាន ខេត្តនគរភ្នំ ខេត្តសុផានបុរី ខេត្តរាឆាបុរី និងខេត្តមិនបុរី នៃប្រទេសថៃ ។

ដោយពលករ កំពុងធ្វើចត្តាឡីស័កទាំងអស់នេះ ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត មន្ត្រីសុខាភិបាល កងកម្លាំងនានា ក្នុងការផ្ដល់អាហារ ៣ពេល ការពិនិត្យសុខភាព និងការយកសំណាករកជំងឺកូវីដ១៩ និងការការពារសន្តិសុខសុវត្ថិភាពជាដើម ហើយការត្រឡប់មកពីថៃ របស់ពលករ តាមច្រកព្រំដែនជាប់ខេត្តបាត់ដំបងនេះ មិនមានសម្រុកមកខ្លាំងនោះទេ ខណៈនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានពលករឆ្លងមកចំនួន ៦៧នាក់ ៕ អត្ថ បទ ៖ បាន សុខរិទ្ធ

website_news/2021050101.txt · Last modified: 2021/01/05 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki