website_news:2021050103

អភិបាលខេត្តប៉ៃលិន៖ ស្ត្រីពលករពីថៃភាគច្រើនធ្វើដំណើរជាក្រុមម្តង៥នាក់

https://thmeythmey.com/ 04, Jan 2021 , 10:39 pm ដោយ: អ៊ូ សុខមាន (OU Sokmean)

មកដល់ថ្ងៃទី៤ មករា មានពលករខ្មែរដែលមកពីប្រទេសថៃចំនួន១៧នាក់ហើយ បានឆ្លងនូវជំងឺកូវីដ-១៩។ អ្វីដែលគួរកត់សម្គាល់គឺថាពលករខ្មែរដែលបានឆ្លងកូវីដ-១៩នោះគឺសុទ្ធតែជាស្ត្រី មានវ័យចន្លោះពី២០ទៅ៣០ឆ្នាំ។ ពាក់ព័ន្ធទៅបញ្ហាដែលពលករសុទ្ធតែស្ត្រីបានឆ្លងនូវជំងឺនេះ អ្នកស្រី បាន ស្រីមុំ អភិបាលប៉ៃលិន បានផ្តល់ការសន្និដ្ឋាន ថា គឺបណ្តាលមកពីពលករជាស្ត្រីទាំងនោះ ធ្វើដំណើរពីថៃមកខ្មែរជាមួយគ្នា មានលក្ខណៈជាក្រុមៗ។ «ស្ត្រីជាពលករដែលបានឆ្លងកូវីដ-១៩នោះ បានដំណើរជាមួយគ្នាជាក្រុមៗ ដោយមួយក្រុមមានគ្នា៥នាក់ៗ»។ នេះជាការលើកឡើងរបស់អ្នកស្រី បាន ស្រីមុំ ដោយបញ្ជាក់ថា ពលករជាស្ត្រីបានធ្វើដំណើរពីប្រទេសថៃមកដល់ដីខ្មែរ ជាក្រុមគឺមានគ្នាពី៥នាក់តែម្តង។

ក្រៅពីនេះ មូលហេតុមួយទៀត ដែលពលករខ្មែរមានតែស្ត្រីឆ្លងនូវជំងឺនេះ អាចមកពីពួកគាត់ធ្វើការងារនៅទីតាំងជាមួយគ្នាក្នុងប្រទេសថៃ ស្នាក់នៅ និងហូបអាហារជាមួយគ្នា។ អ្នកស្រី បាន ស្រីមុំ បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖«ក្រុមស្ត្រីជាពលករខ្មែរ នៅប្រទេសថៃ គឺពួកគាត់ធ្វើការងារជាមួយគ្នា ហើយពួកគាត់ជាដំណើរជាមួយគ្នា។ អ៊ីចឹង វាអាចធ្វើឱ្យប៉ះពាល់ឬឆ្លងទាំងអស់គ្នា ជាក្រុមបែបនេះ»។ បើតាមអភិបាលខេត្តប៉ៃលិនរូបនេះ ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ គឺមានចម្រុះវិស័យ ដូចជា៖ វិស័យកសិកម្ម, រោងចក្រ និងសំណង់ជាដើម។

សូមជម្រាបថា ក្នុងចំណោមពលរកមកពីថៃសរុប១៧នាក់ ដែលជាស្ត្រីបានឆ្លងជំងឺកូវីដ-១៩នេះ មាន១១នាក់នៅក្នុងនៅខេត្តប៉ៃលិន និង៦នាក់ទៀត នៅខេត្តបាត់ដំបង។ បច្ចុប្បន្ន អ្នកជំងឺទាំងនេះ កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរៀងៗខ្លួន។ ដោយឡែក គិតត្រឹមថ្ងៃទី៤មករា ឆ្នាំ២០២០ កម្ពុជា បានរកអ្នកជំងឺកូវីដ-១៩ សរុប ៣៨២នាក់ ដោយក្នុងនោះ មាន៣៦២នាក់ បានជាសះស្បើយ៕

website_news/2021050103.txt · Last modified: 2021/01/05 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki