website_news:2021050104

អភិបាលខេត្តកោះកុង ប្រាប់ដល់កងកម្លាំងតាមព្រំដែនត្រូវហ្មត់ចត់ចំពោះពលករខ្មែរចេញពីថៃ

http://btv.com.kh/ 04/01/2021

កោះកុង ៖ អភិបាលខេត្តកោះកុង បានក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ នៅតាមខ្សែបន្ទាត់ព្រំដែនជាប់ជាមួយខេត្តត្រាតប្រទេសថៃ ឱ្យបង្កើនភាពហ្មត់ចត់ចំពោះវិធានការទប់ស្កាត់ និងទទួលពលករខ្មែរមកពី ប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ–១៩ ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់ផែនការពិនិត្យតាមដានដល់កងកម្លាំង ប្រដាប់អាវុធនៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីធានាបាននូវការទប់ស្កាត់ការលួចចូលនៃពលករខ្មែរមកពី ប្រទេសថៃ តាមរយៈព្រំដែនខេត្តកោះកុង ក្បែរនឹងខេត្តត្រាតប្រទេសថៃ។ ក្នុងពេលចុះពិនិត្យស្ថានភាពតំបន់ទីតាំងឈរជើងរបស់កម្លាំងនគរបាល និងយោធាការពារព្រំ ដែន កាលពីម្សិលមិញ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថាការតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់យ៉ាងដូច្នេះដោយសារខេត្តត្រាត ប្រទេសថៃ ជាប់ខេត្តកោះកុង កំពុងរងការរាលត្បាត នៃមេ រោគកូវីដ–១៩។

គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មកដល់ពេលនេះ អាជ្ញាធរខេត្តកោះកុង ទទួលបានពលករ ខ្មែរមកពីប្រទេសថៃ ចំនួន៥២នាក់ហើយ ក្នុងនោះបានធ្វើតេស្តរកកូវីដ–១៩ ចំនួន១៨នាក់ ក្រៅពីនេះកំពុងបន្តយកសំណាកទៅពិនិត្យ។

ឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ន តាមគោលដៅនីមួយៗរបស់កងកម្លាំងយោធាឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ពុំទាន់មានហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ តែទោះបែបនេះក៏ពិតមែន ក៏លោកបាន ដាក់បទបញ្ជាដល់កងកម្លាំង ឱ្យប្រុងប្រយ័ត្នតាមដាពិនិត្យមើលរំហូរពលករខ្មែរ ដែលលួចចូលឆ្លងដែនខុសច្បាប់ ដោយចាប់បញ្ជូនមកមណ្ឌលធ្វើចត្តាឡីស័ក ដែលត្រៀមទុកជាស្រេច។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងរំហូរពលករខ្មែរ ដែលវិលត្រឡប់ពីថៃ ត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់ បំផុត ធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័ក ឲ្យគ្រប់១៤ថ្ងៃជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុង ប្រទេស៕ អត្ថបទ ៖ ឈឹម មករា

website_news/2021050104.txt · Last modified: 2021/01/05 12:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki