website_news:2021050106

បុរសខ្មែរម្នាក់លះបង់ពេលផ្ទាល់ខ្លួនជួយការពារសិទ្ធិពលករខ្មែរនៅថៃ ដោយមិនគិតប្រាក់កម្រៃ

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2021-01-04

ពលរដ្ឋខ្មែរម្នាក់ ចំណាយពេលវេលាផ្ទាល់ខ្លួនអស់ច្រើនឆ្នាំមកហើយ ដើម្បីជួយការពារសិទ្ធិដល់ពលករខ្មែរដែលរងគ្រោះដោយថៅកែរំលោភបំពានសិទ្ធក្នុងពេលធ្វើការនៅប្រទេសថៃ។ យុវជនរូបនេះ ជួយពលករខ្មែរដោយមិនគិតប្រាក់កម្រៃ ដោយសារលោកឃើញពលករខ្មែរជាច្រើននាក់ត្រូវថៅកែថៃធ្វើបាបជាបន្តបន្ទាប់ដោយមិនទទួលបានយុត្តិធម៌ឡើយ។ តើយុវជនរូបនេះ ធ្វើការងារបែបណាខ្លះជួយដល់ពលករខ្មែរ? បុរសសម្បុរស្រអែម មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ លោក ប្រាក់ ភត្រា រៀបរាប់ប្រាប់អាស៊ីសេរីថា លោកធ្វើការងារនៅប្រទេសថៃប្រមាណ ២០ឆ្នាំហើយ ដោយដំបូងឡើយលោកធ្វើការជាកម្មករសំណង់ ធ្វើការផ្នែកកសិកម្ម និងផ្នែកសន្តិសុខជាដើម។ ពលរដ្ឋវ័យ៣៧ឆ្នាំរូបនេះ បន្តថា លោកចាប់ផ្ដើមធ្វើការងារសង្គម បន្ទប់ពីលោកជួបប្រទះឃើញពលករខ្មែរជាច្រើននាក់ ត្រូវថៅកែថៃរំលោភបំពានសិទ្ធិការងារ មានដូចជា ធ្វើការមិនបើកប្រាក់ឈ្នួលឱ្យ ថៅកែវាយធ្វើបាបពលករ ដកហូតលិខិតឆ្លងដែន និងថៅកែយកកាំភ្លើងខ្លីបាញ់គំរាមសម្លាប់ពលករខ្មែរជាដើម ប៉ុន្តែភាគច្រើនពួកគេមិនហ៊ានប្ដឹងរកយុត្តិធម៌ឡើយ។ ពលកររូបនេះបន្តថា ដោយឃើញការលំបាករបស់ពលករទាំងនោះ ទើបលោកសម្រេចប្ដូរជីវិតជួយសម្របសម្រួលរកយុត្តិធម៌ដល់ពួកគេ ដោយមិនគិតប្រាក់កម្រៃរហូតមក។ លោកប្រាប់ថា លោកធ្វើការងារនេះបានជោគជ័យតាមរយៈទំនាក់ទំនងអង្គការក្រៅរដ្ឋាភិបាលរបស់ថៃ ធ្វើការផ្នែកពលករបរទេស។ លោកបន្ថែមទៀតថា លោកប្រមូលរឿងរ៉ាវរបស់ពលករតាមបណ្តាញហ្វេសប៊ុក (Facebook) រួចនាំរឿងពលករខ្មែររងគ្រោះប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធរបស់ថៃជួយដោះស្រាយតាមច្បាប់ការងារប្រទេសថៃ៖ «បើសិនជាបងប្អូនខ្មែរយើងមកធ្វើការប្រទេសស្របច្បាប់ ហើយរងការគាបសង្កត់ឬការជិះជាន់ កម្លាំងពលកម្មពីសំណាក់ថៅកែហ្នឹងយើង អាចទាន់ទំនងសុំការប្រឹក្សា ឬទាក់ទងទៅស្ថាប័នពាក់ឱ្យជួយអន្តរាគមន៍យើងបាន។ប្រសិនជាយើងស្គាល់ថៅកែហ្នឹងច្បាស់ហើយ មានឯកសារមានអីគ្រប់គ្រាន់ អាហ្នឹងខ្ញុំជឿថា បងប្អូនអាចទទួលបានការជួយយ៉ាងពេញលេញពីស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសថៃ»។

លោកឱ្យដឹងថា ការងាររបស់លោកនេះ ថៅកែថៃ មិនចូលចិត្តនោះទេ ពីព្រោះប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ ទោះជាយ៉ាងណា លោកនឹងបន្តធ្វើការងារនេះទៀត ដោយមិនព្រួយបារម្ភអ្វីឡើយ ព្រោះលោកថា រឿងនេះជាការធ្វើដើម្បីប្រយោជន៍របស់ពលករ ជាពិសេសជួយដល់ពលរដ្ឋក្រីក្រដែលគ្មានទីពឹង ឱ្យរួចផុតពីការកេងប្រវ័ញ្ចលើកម្លាំងរបស់ពលករ។ លោកប្រាប់ថា លោកបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនធ្វើការងារមនុស្សធម៌មួយនេះ ប្រមាណ៥ឆ្នាំមកហើយ ដោយមិនទទួលបានប្រាក់កម្រៃអ្វីឡើយ។ លោកថា យ៉ាងហោចណាស់មានពលករខ្មែរប្រហែល១០ករណីក្នុងមួយឆ្នាំទទួលបានយុត្តិធម៌ បន្ទាប់ពីលោកអន្តរាគមន៍ផ្លូវច្បាប់ដល់ពួកគេ ក្នុងនោះករណីចុងក្រោយកាលពីខែធ្នូកន្លងទៅ លោកបានជួយពលករខ្មែរមួយគ្រួសារ ទទួលបានយុត្តិធម៌ពីថៅកែ៖ «យើងជួយទាំងអ្នកស្របច្បាប់ និងអ្នកខុសច្បាប់ ប្រសិនបើពលករខុសច្បាប់ហ្នឹងរងការរំលោភបំពានជិះជាន់កេងប្រវ័ញ្ចកម្លាំង រហូតដល់ប្រើអំពើហិង្សា អាហ្នឹងក៏យើងជួយដែរ។ បើយើងមិនធ្វើទេយើងអាណិតជាតិសាសន៍យើងដែលមកស្រុកគេ ត្រូវគេជិះជាន់គេធ្វើបាបហើយមិនសូវមានអ្នកយកចិត្តទុកដាក់។ យើងធ្វើទៅដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើងផង ដើម្បីប្រយោជន៍ប្រទេសទាំងពីរផង។ ព្រោះថា បើសិនជាអ្នកឯងយកជនជាតិខ្ញុំមកជិះជាន់ធ្វើបាបកេងប្រវ័ញ្ចកម្លាំងពលកម្មអីចឹងគឺវា អត់ត្រឹមត្រូវតាមច្បាប់របស់ប្រទេសអ្នកឯង ហើយរំលោភមនុស្សពលករចំណាកស្រុក»។ លោក ប្រាក់ ភត្រា ថា អំពាវនាវដល់ពលករខ្មែរទាំងអស់ឱ្យក្លាហ៊ានប្ដឹងរកយុត្តិធម៌ ប្រសិនថៅកែរបស់ពួកគេ រំលោភបំពានសិទ្ធិការងារ ឬប្រើហិង្សាមកលើពួកគេក្នុងពេលធ្វើការនៅប្រទេសថៃ។លោកថា ការធ្វើបែបនេះ ដើម្បីកុំឱ្យថៅកែថៃចេះតែវាយធ្វើបាបពលករខ្មែរតាមអំពើចិត្តបន្តទៀត។

ពលករខ្មែរម្នាក់មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក រេត កញ្ញា ថ្លែងថា លោក ប្រាក់ ភត្រា គឺជាកូនខ្មែរម្នាក់ចិត្តល្អកម្ររកបាន ដោយលះបង់ក្តីសុខផ្ទាល់ខ្លួន ធ្វើការដើម្បីប្រយោជន៍របស់ពលករខ្មែរ។ ពលករវ័យ៣២ឆ្នាំរូបនេះបន្ថែមថា យុវជនខ្មែររូបនេះ បានជួយរកយុត្តិធម៌ឱ្យលោកនិងក្រុមគ្រួសារឱ្យទទួលបានលិខិតឆ្លងដែនពីថៅកែជនជាតិថៃមកវិញ កាលពីដើមខែធ្នូកន្លងទៅ។លោកបន្តថា គ្រានោះថៅកែថៃបានកាន់កាំភ្លើងខ្លីមួយដើមគំរាមបាញ់លោកស្លាប់ក្នុងពេលធ្វើការនៅខេត្តប្រាជីនបូរី (Pra Chinbori) ដោយសារតែលោកសុំអនុញ្ញាតថៅកែត្រឡប់ទៅកម្ពុជា ប៉ុន្តែថៅកែរូបនោះមិនឱ្យលោកទៅនោះទេ ដោយចោទប្រកាន់ពួកលោកថា ជំពាក់ប្រាក់ថ្លៃធ្វើលិខិតឆ្លងដែនមិនទាន់សងរួចនៅឡើយ។ លោក រេត កញ្ញា ឱ្យដឹងថា រឿងនេះ ប្រសិនលោក ប្រាក់ ភត្រា មិនបានជួយអន្តរាគមន៍លោកទេ នោះថៅកែថៃនឹងមិនប្រគល់លិខិតឆ្លងដែនឱ្យលោកវិញឡើយ ហើយអាចនឹងតាមធ្វើបាបលោក និងពលករខ្មែរដទៃទៀតដែលធ្វើការជាមួយថៅកែរូបនោះជាមិនខានឡើយ៖ «ខ្ញុំសរសើរទឹកចិត្តគាត់ បានជួយខ្ញុំ ហើយគាត់ទិញបាយទិញទឹកឱ្យខ្ញុំហូប គាត់ដឹងថា ខ្ញុំអត់មានលុយមានកាក់ មានន័យថា ខ្មែរជួយ។ បើសិនថាគាត់មិនជួយខ្ញុំមិនសង្ឃឹមថា បានលិខិតឆ្លងមកវិញទេ។ ហើយគាត់ជួយលើកទឹកខ្ញុំរហូត គាត់ប្រាប់ខ្ញុំថា មិនបាច់ភ័យអីទេ គេមកជួយយើង ឱ្យយើងបានលិខិតឆ្លងដែនវិញ។ កាលពីដំបូងខ្ញុំភ័យព្រួយដែរ ខ្ញុំគិតថា ទៅផ្ទះតែខ្ញុំអត់មានលុយទៅផ្ទះ»។ ពលកររូបនេះឱ្យដឹងថា មូលហេតុដែលលោកនិងពលករខ្មែរជាច្រើននាក់ទៀតមិនហ៊ានប្ដឹងថៅកែថៃ ដោយសារពួកគេគ្មានទីពឹងផ្នែកច្បាប់ និងខ្លាចចាញ់ក្ដីនៅតុលាការហើយអាជ្ញាធរថៃអាចនឹងចាប់ដាក់គុកនាំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។

ដូចគ្នានេះដែរពលករខ្មែរម្នាក់ទៀត លោក សែង ឌឿន ឱ្យដឹងថា លោកមកធ្វើការនៅប្រទេសថៃជិត១០ឆ្នាំហើយ តែងជួបបញ្ហាជាច្រើន ក៏ប៉ុន្តែលោកមិនហ៊ានប្ដឹងឱ្យរកយុត្តិធម៌នោះទេ ព្រោះខ្លាចដំណើរការក្ដីមិនឈ្នះនាំឱ្យមានបញ្ហាដល់ខ្លួន។ ពលកររូបនេះប្រាប់ថា លោក ប្រាក់ ភត្រា គឺជាមនុស្សដំបូងដែលបានជួយអន្តរាគមន៍ឱ្យលោកអាចធ្វើលិខិតស្នាមដឹកសាកសពពលករខ្មែរម្នាក់បានស្លាប់នៅប្រទេសថៃ ត្រឡប់ទៅធ្វើបុណ្យនៅកម្ពុជាវិញបាន។លោកបន្តថា កាលពីខែតុលាកន្លងទៅប្រសិនបើលោក ប្រាក់ ភត្រា មិនបានជួយគាត់ទេនោះ លោកនឹងមិនអាចដឹកសពទៅកម្ពុជាបានឡើយ ។ លោកចាត់ទុក បុរសខ្មែររូបនេះថា ជាមនុស្សចិត្តធម៌កម្ររកបាន ព្រោះធ្វើការដើម្បីប្រយោជន៍របស់ពលរដ្ឋខ្មែរពិតប្រាកដ៖ «ខ្ញុំក៏មិននឹកស្មានថា មានមនុស្សចិត្តល្អអីចឹងទេ បង ភត្រា ជាមនុស្ស គួរឱ្យយកគំរូ ព្រោះគាត់មានចិត្តសប្បុរសធម៌ ពេលដែលខ្មែរមានទុក្ខលំបាកអីចឹងគាត់ជួយ។ ខ្ញុំចេះតែឆ្ងល់ដែរមិនដឹងថា គាត់ធ្វើការផ្នែកអីដែរ ខ្ញុំចង់បានណាស់មនុស្សបែបហ្នឹងនៅក្នុងសង្គម មូលហេតុ គាត់ជាមនុស្សមានចិត្តសប្បុរសដែលអាចជួយខ្មែរបានច្រើន។ ពលករខ្មែរភាគច្រើនមិនដឹងថា ទៅរកអ្នកណាគេឱ្យមកជួយបានទេ»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញសកម្មភាពរបស់ពលករខ្មែរនេះបានទេនៅថ្ងៃទី៣ មករា ដោយទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល។

របាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ ពី ១លាន ៨សែននាក់ ទៅ ២លាននាក់ ធ្វើការនៅប្រទេសថៃ។

ពលករខ្មែរលោក ប្រាក់ ភត្រា មានបំណងរកមូលនិធិដើម្បីពង្រីកការងាររបស់លោកជួយពលករខ្មែរឱ្យបានច្រើនបន្ថែមទៀតទៅថ្ងៃអនាគត៕

website_news/2021050106.txt · Last modified: 2021/01/05 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki