website_news:2021050201

អាជ្ញាធររៀបចំដំឡើងតង់នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករចំណាកស្រុកពីប្រទេសថៃ

http://www.freshnewsasia.com/ 2021-02-04 05:20pm

(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យនិងរៀបចំការតម្លើងតង់ ធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តដើម្បីត្រៀមទទួលបងប្អូនពលករដែលវិលមកពីប្រទេសថៃ។ លោក ប៉ែន កុសល្យ បានថ្លែងថា សម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តនេះ យើងបាននិងកំពុងរៀបចំតម្លើងតង់ចំនួន១០០តង់ និងបង្គន់អនាម័យចំនួន៣៣ ព្រមទាំងបានរៀបចំប្រព័ន្ធទឹក ភ្លើងសម្រាប់សម្រួលដល់ការមកស្នាក់នៅ ធ្វើចត្តាឡីស័ករបស់បងប្អូនពលករយើង។ បន្ទាប់ពីចុះពិនិត្យ និងរៀបចំតម្លើងតង់រួចហើយ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់។

លោកបានលើកឡើងថា «ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ជូនបងប្អូនពលករផងដែរ»។ លោក ប៉ែន កុសល្យ បានអំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។ លោកបន្តថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ»។

សូមបញ្ជាក់ថា គិតត្រឹមម៉ៅង១០ និង៣០នាទីព្រឹកថ្ងៃនេះបងប្អូនពលករ ចំណាកស្រុកមកពីប្រទេសថៃ មានចំនួន១៣០នាក់ ខណៈដែលពលករកំពុងធ្វើចត្តាឡីស័កមាន២,៧៨០ នាក់ ដែលកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័ក១៩ មណ្ឌល ទូទាំងខេត្តឧត្ដរមានជ័យ៕

website_news/2021050201.txt · Last modified: 2021/02/05 12:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki