website_news:2021050301

អាជ្ញាធរឃាត់ខ្លួនមេខ្យល់១០៨នាក់ ដែលនាំពលករឆ្លងដែនខុសច្បាប់ និងគេចវេះពីចត្តាឡីស័ក

https://thmeythmey.com/ 04, Mar 2021 , 8:29 pm

ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា មេខ្យល់១០៨នាក់ ត្រូវបានឃាត់ខ្លួន ដោយសារនាំពលករឆ្លងដែនខុសច្បាប់ និងគេចវេះពីការធ្វើចត្តាឡីស័ក។

បើតាមលោក ឆាយ គឹមខឿន ការឃាត់ខ្លួនមេខ្យល់១០៨នាក់ទាំងនេះ គឺគិតចាប់ពីថ្ងៃទី១៣កុម្ភៈ ដល់ថ្ងៃទី៣មីនា ឆ្នាំ២០២១នេះ។ លោកថា មេខ្យល់ទាំងនោះ គឺបាននាំពលករឆ្លងដែនខុសច្បាប់ រួមទាំងគេចពីចត្តាឡីស័ក ជាពិសេសចេញចូលប្រទេសថៃ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៤ មីនាថា៖ «មេខ្យល់ជាង១០០នាក់នឹងត្រូវបញ្ជូនទៅតុលាការទាំងអស់ហ្នឹង គ្រាន់តែអ្នកមួយចំនួនបានបញ្ជូនទៅហើយ, អ្នកមួយចំនួនទៀតជាប់ធ្វើចត្តាឡីស័ក»។ ជាមួយគ្នានេះ លោក អំពាវនាវដល់ពលករទាំងអស់បញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័ក។

សូមជម្រាបថា អនុក្រឹត្យថ្មី បានចែងពីការពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល លើអ្នកដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក។ ចំពោះអ្នកដែលគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល។ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ មានជាង១,៨ ម៉ឺននាក់។ រយៈពេលដូចគ្នានេះ កម្ពុជាទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃបានជាង១ពាន់នាក់។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ (Thmey Thmey) ទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍៕

website_news/2021050301.txt · Last modified: 2021/03/05 15:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki