website_news:2021050303

ពលករចំណាកស្រុកបានសម្រុកចេញពីប្រទេសថៃកាន់តែច្រើន

https://www.kampucheathmey.com/ on March 3, 2021By KC Virak

ប្រជាពលរដ្ឋចំណាកស្រុកដែលទៅធ្វើការនៅក្នុងប្រទេសថៃបានសម្រុកចាកចេញមកកាន់ស្រុកភូមិកំណើតវិញកាន់តែច្រើនឡើង ខណៈពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសល់ពេលប្រមាណជាង១ខែទៀត។ ជាក់ស្តែងគ្រាន់តែច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យមួយមានពលករខ្មែរប្រមាណជាង៤០០ ទៅជាង ៥០០នាក់ ក្នុងមួយថ្ងៃបានវិលចូលមកក្នុងប្រទេសវិញ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃនេះថា ពលករខ្មែរបានសម្រុកចូកមកស្រុកកំណើតនៅច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យមានចំនួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ឃ្លោក ហួត បានឱ្យដឹងទៀតថា ការសម្រុកចូលមកស្រុកវិញនេះមានកត្តា២ យ៉ាង ទី១ ដោយសារការងារមួយចំនួននៅក្នុងប្រទេសថៃត្រូវបានផ្អាក ធ្វើឱ្យពលករអត់ការងារធ្វើ និងមួយទៀតដោយសារជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ទើបបងប្អូនត្រូវការជួបជុំក្រុមគ្រួសារផងដែរ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ “បច្ចុប្បន្នមានពលករកម្ពុជាបានចូលមកតាមច្រកអន្តរជាតិអូរស្មាច់ចន្លោះពី៤០០ ទៅជាង ៥០០នាក់ ក្នុងមួយថ្ងៃ។ ហើយអាជ្ញាធរខេត្តឧត្តរមានជ័យគ្រោងរៀបចំបង្កើតមណ្ឌលចត្តាឡីស័កបន្ថមទៀត”។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រទេសថៃផ្ទុះជំងឺកូវីដ១៩ខ្លាំងរហូតមកដល់ថ្ងៃនេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃតាមច្រក អូស្មាច់ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាទូទាំងខេត្ត មានចំនួនសរុប ១៣,៩២៣នាក់ ក្នុងនោះបានធ្វើចត្តាឡីស័ករួចមានចំនួន ៩,៥៨៤នាក់ និងកំពុងធ្វើចត្តាឡីស័កមានចំនួន ៤,៣៣៩នាក់ លើទីតាំងមណ្ឌលធ្វើចត្តាឡីស័កដែលបានរៀបចំរួចមានចំនួន២៣មណ្ឌល៕ អត្ថបទ៖ ណារី

website_news/2021050303.txt · Last modified: 2021/03/05 15:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki