website_news:2021050401

ស្រ្តីខ្មែរ៧នាក់ដែលរងគ្រោះដោយអំពើជួញដូរត្រូវបានជួយសង្រ្គោះនៅវៀតណាម

https://vodkhmer.news/ វ៉ា សុភានុត ០២ មេសា ២០២១ ម៉ោង ១៦:២០

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារី ខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យវិលត្រលប់មកមាតុប្រទេសវិញ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថានារីរងគ្រោះនៃការជួញដូរមនុស្សទាំង៧នាក់នោះ មាន៤នាក់ ត្រូវបានអាជ្ញាធរវៀតណាមជួយសង្រ្គោះទាន់ពេលវេលា នៅពេលពួកគេបានកំពុងធ្វើដំណើរទៅកាន់ប្រទេសទី៣។ ដោយឡែក ជនរងគ្រោះ៣នាក់ទៀតបានធ្វើដំណើរពីប្រទេសទី៣ ក្នុងបំណងត្រលប់មកកម្ពុជាវិញ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តតាយនិញ ឃាត់និងជួយសង្រ្គោះ។ សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា តាមការសម្ភាសជាមួយនារីរងគ្រោះ ស្ថានទូតកត់សម្គាល់ថា ពួកមេខ្យល់តែងតែប្រចាំការនៅក្បែរៗរោងចក្រនៅភ្នំពេញ ដើម្បីបោកបញ្ឆោតនារីរោងចក្រ ដោយសន្យានាំទៅធ្វើការងារបេះផ្លែឈើនិងស្លឹកតែនៅបរទេស ជាថ្នូរនឹងការទទួលបានប្រាក់ខែខ្ពស់។ ប្រភពដដែលបន្ថែមថា នារីរងគ្រោះទាំងនោះមានស្រុកកំណើតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល បាត់ដំបង ត្បូងឃ្មុំ និងខេត្តព្រៃវែង។ ជនរងគ្រោះទាំង៧នាក់ នឹងត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបាយ នៅថ្ងៃសុក្រនេះ ដោយមានតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តស្វាយរៀង ចាំទទួលផងដែរ។

មន្រ្តីទូតកម្ពុជាប្រចាំប្រទេសវៀតណាមម្នាក់ដោយថ្លែងសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នារីរងគ្រោះ៤នាក់ដែលត្រូវបានជួយសង្រ្គោះទាន់ពេលវេលានោះ បានចូលទៅប្រទេសវៀតណាមដោយខុសច្បាប់កាលពីថ្ងៃទី១២ ខែមីនា ដោយពួកគេពុំមានអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនតាមខ្លួនឡើយ។ លោកមានប្រសាសន៍ថា៖ «គាត់អត់ដឹងទេ ថារៀបការភាគច្រើនបណ្ដាញជនទុច្ចរិតគេយកទៅរៀបការឬក៏យកទៅធ្វើការងារ ប៉ុន្តែកន្លងមក ស្ថានទូតជួយបានច្រើន គាត់យកទៅរៀបការប្ដីជនជាតិបរទេស»។ មន្ត្រីទូតរូបនោះបានឱ្យដឹងទៀតថា អាជ្ញាធរវៀតណាមមិនអាចចាប់ជនល្មើសបាននោះទេ ព្រោះពួកគេទាំងនោះតែងតែផ្លាស់ប្ដូរមនុស្សបណ្ដាក់គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមតំបន់រៀងៗខ្លួន ដែលភាគច្រើនបណ្ដាញជនទុច្ចរិតនៅក្នុងប្រទេសកម្ពុជា និងចូលទៅក្នុងប្រទេសវៀតណាម។ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ករណីជួញដូរមនុស្សខុសច្បាប់នៅកម្ពុជា ជាទូទៅឈ្មួញជួញដូរមនុស្សបញ្ជូនទៅប្រទេសថៃ និងម៉ាឡេស៊ី សម្រាប់ធ្វើការ និងការជួញដូរផ្លូវភេទ ដូចជាការរៀបអាពាហ៍ពិពាហ៍ ហើយភាគច្រើនកើតឡើងនៅប្រទេសចិន។ លោកស្រីបន្ថែមថា មូលហេតុបណ្ដាលឱ្យមានការជួញដូរមនុស្សនេះកើតឡើង ដោយសារស្រ្តីរងគ្រោះភាគច្រើនរស់នៅតំបន់ដែលមិនសូវបានឮអំពីករណីបោកយកទៅរៀបការ ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល ជាដើម។ លោកស្រីមានប្រសាសន៍ថា៖ «ការជួញដូរមនុស្ស វាមិនមែនកើតឡើងតែនៅកម្ពុជាណា! រឿងជនល្មើស វាអត់រើសទេ ប្រទេសណាក៏វាធ្វើដែរ ប្រទេសគេក៏កើតដូចគ្នា។ ដោយសារតែជនល្មើសនៅតែមានមុខរបរហ្នឹង វារកគ្រប់មធ្យោបាយ ដើម្បីឱ្យបានផលចំណេញពីការជួញដូរមនុស្ស ពីព្រោះរបរវាគឺជួញដូរមនុស្សហ្នឹងឯង។ អញ្ចឹងបើមិនទាន់អស់អ្នកធ្វើអាជីវកម្មជួញដូរមនុស្សហ្នឹងទេ អំពើជួញដូរមនុស្សហ្នឹងមិនចប់ទេ។ ហេតុអីចាប់អត់អស់ ព្រោះវាមិនមែនមានអ្នកដដែលៗធ្វើណា»។

បើតាមរបាយការណ៍ដែលលោកស្រី ជូ ប៊ុនអេង បញ្ជាក់ប្រាប់ វីអូឌី បានឱ្យដឹងថា ក្នុងប្រតិបត្តិការតាមដានស្រាវជ្រាវនិងបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់សមត្ថកិច្ច ក្នុងឆ្នាំ២០២០ សរុបមានចំនួន១៥៥ករណី។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន១៩៣នាក់ ដែលក្នុងនោះ ស្រី៣០នាក់ និងមានជនបរទេស២៣នាក់ ដែលមាន០៨សញ្ជាតិ។ ដោយឡែកជនរងគ្រោះមានចំនួន៤៦៧នាក់ត្រូវបានជួយសង្រ្គោះនិងបញ្ជូនត្រឡប់មកកម្ពុជា។ ក្នុងនោះជនរងគ្រោះមានអាយុក្រោម១៥ឆ្នាំ ចំនួន១៣០នាក់ ហើយជនរងគ្រោះមានអាយុ១៥ឆ្នាំដល់១៧ឆ្នាំ មានចំនួន៣៩នាក់ និងអាយុពី១៨ឆ្នាំឡើងទៅមានចំនួន២៩៨នាក់។ មន្ត្រីគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ឋភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ (CENTRAL)លោក ឃុន ថារ៉ូ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែសហការជាមួយអង្គការសង្គមស៊ីវិលដែលមានជំនាញនិងបទពិសោធលើការងារនេះ ដើម្បីជួយសង្រ្គោះជនរងគ្រោះពីការជួញដូរមនុស្សឱ្យបានទាន់ពេលវេលា។ លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលគួរតែបង្កើតយន្តការជាក់លាក់មួយ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលដែលមានជំនាញបទពិសោធក្នុងការជួយសង្រ្គោះជនរងគ្រោះ ពីព្រោះបច្ចេកទេសក្នុងការជួយសង្រ្គោះ ហើយនិងកិច្ចអន្តរាគមន៍ហ្នឹង គឺអង្គការសង្គមស៊ីវិលមួយចំនួនហ្នឹងគាត់មានបទពិសោធច្រើន។ អញ្ចឹងអាជ្ញាធរជាតិ គាត់គួរតែរកយន្តការណាមួយដើម្បីធ្វើការងារហ្នឹងឱ្យបានជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិលដែលមានបទពិសោធហ្នឹង ហើយសហការគ្នាដើម្បីស៊ើបអង្កេតដើម្បីផ្ដល់កិច្ចអន្តរាគមន៍»។

សហរដ្ឋអាមេរិក ក្នុងរបាយការណ៍របស់ខ្លួនស្ដីពីការជួញដូរមនុស្ស ឆ្នាំ២០២០ បានដាក់កម្ពុជាទៅក្នុងប្រទេសមានកិច្ចខិតខំប្រឹងប្រែងតិចតួចចំពោះការដោះស្រាយបញ្ហាជួញដូរមនុស្ស ឬហៅថា Tier 2 Watchlist។ អាមេរិកថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការដល់កម្រិតស្តង់ដារអប្បបរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ។ ភាពព្រងើយកន្តើយទាំងនោះ ដូចជា គ្មានកិច្ចប្រឹងប្រែងប្រមូលទិន្នន័យឬចែករំលែកព័ត៌មានសំខាន់ៗអំពីការងារនេះ អំពើពុករលួយ ការមិនបានបង្កើតប្រព័ន្ធឃ្លាំមើលតុលាការដែលនាំឱ្យជនសង្ស័យរួចខ្លួន ជាដើម៕

website_news/2021050401.txt · Last modified: 2021/04/05 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki