website_news:2021050402

សមត្ថកិច្ចព្រំដែនទទួលពលករខ្មែរត្រឡប់មកពីថៃចំនួន២៤នាក់ បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក

http://nokorwatnews.com/ 03-04-2021

ខេត្តបាត់ដំបង៖ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ៥៣៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានទៅទទួលប្រជាពលរដ្ឋជាពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន២៤នាក់ ចូលមកប្រទេសកម្ពុជាវិញ រួចយកទៅធ្វើចត្តាឡីស័ក។ ការទៅទទួលបងប្អូនត្រឡប់មកពីប្រទេសថៃវិញនេះបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី០២ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនក្នុងនោះមានទាំងអស់ ចំនួន ២៤នាក់(ស្រី១០នាក់និងក្មេងប្រុស១នាក់) ។

មន្រ្តីនគរបាលដែលចុះទៅទទួលបងប្អូនទាំង២៤នាក់នេះបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ស្របតាមវិធានការនិងការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ ប្រាថ្នា

website_news/2021050402.txt · Last modified: 2021/04/05 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki