website_news:2021050404

ពលករខ្មែរជាង៣០០០នាក់ចូលមកកម្ពុជាវិញត្រៀមជួបជុំបុណ្យចូលឆ្នាំខែ្មរ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 04/04/2021 - 08:52

ពលករខ្មែរប្រមាណជាង៣០០០នាក់ បានធ្វើដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អូស្មាច់។ នេះបើតាមការបញ្ជាក់ពីលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ នៅព្រឹកនេះ។ ពលករខ្មែរជាង៣០០០នាក់នោះ ចូលមកកម្ពុជាវិញជាបន្តបន្ទាប់ ដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ យ៉ាងហោចណាស់មានពលករចំនួន១០០ទៅ២០០នាក់ ក្នុងមួយថ្ងៃបានចូលមកកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យ។ នេះបើតាមអភិបាលរងខេត្តឧត្តរមានជ័យ ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យទី០៤មេសានេះ។ លោកបញ្ជាក់ថា ការត្រលប់មកវិញរបស់ពលករនៅពេលនេះ ក៏ដោយសារពួកគេត្រៀមមកជួបជុំគ្រួសារនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនា១០ថ្ងៃខាងមុខ។ ជាការកត់សម្គាល់ រយៈពេលកន្លះខែមីនាមកដល់ដើមខែមេសានេះ ចំនួនពលករខ្មែរចូលមកកម្ពុជាវិញមានការធ្លាក់ចុះ។ ពោលគឺការពីដើមខែមីនា លោក ឌី រ៉ាដូ ថា ពលករត្រលប់មកកម្ពុជាជាគំហុក ដោយក្នុងមួយថ្ងៃ មានពលករចន្លោះពី៣០០ទៅ៥០០នាក់ ខុសពីពេលនេះដែលមានការធ្លាក់ចុះពាក់កណ្តាល។ នៅចំពោះមុខនៃពិធីបុណ្យចូលឆ្នាំខ្មែរ លោកឌី រ៉ាដូ អះអាងថា អាជ្ញាធរនឹងមិនទាន់ពិចារណាលើការរឹតត្បិតចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តនោះទេ ទោះបីជាចំនួនពលករសម្រុកមកកម្ពុជាវិញនៅតែមានបន្តក្តី។ ក៏ប៉ុន្តែយ៉ាងណា លោកអភិបាលរងខេត្តនេះ អាជ្ញាធរនៅតែអប់រំណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរតែម្តង។

គួរជម្រាបជូនថា រាប់ចាប់តាំងពីមានការផ្ទុះការរកឃើញមានឆ្លងជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ប្រទេសថៃកាលពីថ្ងៃទី០៣ ធ្នូ ២០២០មក ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានសម្រុកចូលមកកម្ពុជាវិញជាប្រចាំ។ បើតាមតួលេខពីខេត្តឧត្តរមានជ័យ ខេត្តបានទទួលពលករខ្មែរប្រមាណជាង១ម៉ឺននាក់ ចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអូស្មាច់ ក្រោយមានព្រឹត្តិការណ៍កូវីដជាសហគមន៍នៅប្រទេសថៃ៕

website_news/2021050404.txt · Last modified: 2021/04/05 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki