website_news:2021050703

កម្ពុជាបន្តជាប់ក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សរបស់អាមេរិក៣ឆ្នាំជាប់គ្នា

https://khmer.voanews.com/ 02 កក្កដា 2021 អូន ឆេងប៉រ

ភ្នំពេញ៖ ទោះបីមានការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ តែការមិនបំពេញបាននូវមូលដ្ឋានអប្បបរមារបស់រដ្ឋាភិបាលកម្ពុជា បាននាំឱ្យស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសបន្តមានសភាពមិនល្អប្រសើរ។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិកបានចេញផ្សាយការអង្កេត និងវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួននូវ «របាយការណ៍ស្ដីពីការជួញដូរមនុស្សលើសាកលលោកឆ្នាំ២០២១» ដោយបានចាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងកម្រិត Tier 2 Watchlist គឺកម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន។

របាយការណ៍បានបន្ទោសលើកង្វះការត្រួតពិនិត្យ និងចាប់តម្រូវឱ្យមានគណនេយ្យភាពលើរដ្ឋាភិបាល អំពើពុករលួយជាធរមានកង្វះឆន្ទៈនយោបាយក្នុងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស និងកង្វះប្រព័ន្ធបង្ការបទល្មើសនិងគាំពារជនរងគ្រោះដែលនាំឱ្យកម្ពុជាបន្តជាប់ក្នុងកម្រិតពីរស្ថិតក្នុងបញ្ជីតាមដាននេះបីឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៩មក។ ក្នុងផ្នែកដែលនិយាយពីស្ថានភាពប្រទេសនីមួយៗ មានការបែងចែកលើ៣ទិដ្ឋភាពធំៗក្នុងរបាយការណ៍នោះ អំពីស្ថានភាពការជួញដូរមនុស្សរួមមានការផ្ដន្ទាទោសឧក្រិដ្ឋជន ការផ្ដល់សេវាគាំពារដល់ជនរងគ្រោះ និងយន្តការបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើស។ លើទិដ្ឋភាពបង្ក្រាបផ្ដន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស របាយការណ៍ក្រសួងការបរទេសអាមេរិកដែលចេញផ្សាយប្រចាំឆ្នាំបានលើកឡើងថា កម្ពុជាមិនបានស៊ើបអង្កេតឱ្យអស់ពីលទ្ធភាពក្នុងការវែកមុខយកឧក្រិដ្ឋជនមកកាត់ទោស ជាពិសេសក្នុងករណី ដែលពាក់ព័ន្ធនឹងអំពើពុករលួយរបស់អាជ្ញាធរនិងការលួចឱ្យដំណឹងដល់ជនល្មើសមុនពេលមានប្រតិបត្តិការបង្ក្រាប។

នៅលើទិដ្ឋភាពគាំពារជនរងគ្រោះក្រសួងការបរទេសអាមេរិកបានលើកឡើងថា ក្រសួងពាក់ព័ន្ធរបស់កម្ពុជាតែងតែទម្លាក់បន្ទុកនៃការផ្ដល់ប្រឹក្សាគាំទ្រ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះទៅលើក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការជាដៃគូទៅវិញ។ការវាយតម្លៃក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ប្រទេសមហាអំណាចមួយនេះស្ដីអំពីការជួញដូរមនុស្ស ចែកចេញជា៤កម្រិត។ កម្រិតមួយបានសេចក្ដីថា រដ្ឋាភិបាលម្ចាស់ស្រុកបំពេញគ្រប់លក្ខខណ្ឌនៃនិយាមអប្បបរមាអំពីការជួញដូរមនុស្សដូចមានចែងក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូររបស់អាមេរិកតាក់តែងកាលពីឆ្នាំ២០០០ (TVPA)។ កម្រិតពីរ(Tier 2) បានសេចក្ដីថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនទាន់បំពេញគ្រប់និយាមអប្បបរមាដូចមានចែងក្នុងTVPA តែបានធ្វើកិច្ចជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីអនុលោមតាមនិយាមទាំងនោះ។ កម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន (Tier 2 Watch List) បានសេចក្ដីថា ទោះរដ្ឋាភិបាលម្ចាស់ប្រទេសបានធ្វើកិច្ចការជាច្រើនគួរឱ្យកត់សម្គាល់ តែមិនទាន់បានបំពេញគ្រប់និយាមអប្បបរមាដែលមានចែងក្នុងTVPA ហើយចំនួនជនរងគ្រោះនៅតែច្រើន ខណៈរដ្ឋាភិបាលមិនទាន់ខិតខំដល់កម្រិត និងមិនបង្ហាញភស្ដុតាងជាតឹកតាងគ្រប់គ្រាន់ថាខ្លួនបានព្យាយាម។ កម្រិតបី (Tier 3) បានសេចក្ដីថារដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងដូចមានចែងនៅក្នុង TVPA ហើយមិនខិតខំធ្វើអ្វីជាដុំកំភួនដើម្បីកែលម្អ។

របាយការណ៍ក្រសួងការបរទេសអាមេរិកបានបន្តថា៖ «ដោយមូលហេតុថា រដ្ឋាភិបាលបានកៀរគរធនធានគ្រប់គ្រាន់សម្រាប់តាក់តែងផែនការមួយ ផែនការនោះ បើសិនជាអនុវត្តបានជោគជ័យមែននឹងនាំឱ្យកិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ឈានដល់ការអនុវត្តគ្រប់និយាមអប្បបរមា។ ការណ៍មានផែនការនេះបាននាំឱ្យកម្ពុជាទទួលបានការលើកលែង…ពីការទម្លាក់ចំណាត់ថ្នាក់ទៅកម្រិត៣»។ កាលពីឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ (២០១៩-២០២៣)។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់វីអូអេថារដ្ឋាភិបាលបានធ្វើកិច្ចខិតខំប្រឹងប្រែងមិនបង្អង់ដៃក្នុងការងារប្រឆាំងការកេងប្រវ័ញ្ចនិងជួញដូរមនុស្សទាំងក្នុង ទាំងក្រៅប្រទេសទោះជួបបញ្ហាកូវីដ១៩ និងគ្រោះទឹកជំនន់ នាឆ្នាំកន្លងមកយ៉ាងណាក្ដី។ ឆ្លើយតបនឹងការចេញពិន្ទុនៅជាប់ក្នុងកម្រិតពីរក្នុងបញ្ជីតាមដានអ្នកស្រី ជូ ប៊ុនអេង បានលើកឡើងថា៖ «តែការងារប្រឆាំងការជួញដូរមនុស្សគឺយើងមិនទម្លាក់ដៃទេ ហើយសហរដ្ឋអាមេរិកក៏គាត់ដឹងដែរហើយរហូតដល់គាត់ឱ្យមានអ្នកធ្វើរបាយការណ៍ឯករាជ្យមកនៅចាំយកព័ត៌មានជាមួយ ផ្ដល់យោបល់ ពិភាក្សាហើយឯកឧត្ដមឯកអគ្គរដ្ឋទូតអាមេរិកហ្នឹងក៏លោកបានមកជួបពិភាក្សាច្រើនលើកច្រើនសា។ អ៊ីចឹងបើសួរខ្ញុំថាហេតុអ្វីបានជានៅតែ«លេខពីរក្នុងការឃ្លាំមើល» ខ្ញុំឆ្លើយអត់ចេញទេព្រោះវាពាក់ព័ន្ធទៅនឹងអ្នកវាយតម្លៃ វាជាពិន្ទុដែលនៅលើចុងប៊ិចរបស់គាត់ សួរគាត់បានដឹង»។ អ្នកស្រី ជូ ប៊ុនអេង ក៏បានលើកឡើងថា ការផ្ដន្ទាទោសជនល្មើសបានធ្វើដោយមិនរើសមុខ រហូតដល់ករណីខ្លះមានថ្នាក់ឧត្ដមសេនីយ៍ទៅទៀតហើយចំពោះការគាំពារជនរងគ្រោះវិញ អ្នកស្រីថាអង្គការសង្គមស៊ីវិលមួយចំនួនក៏បានទទួលជំនួយជាហិរញ្ញប្បទានដើម្បីវត្តមានបន្តការងាររបស់ខ្លួនដោយសារតែសេវានេះដែលរដ្ឋយកជាដៃគូដែរ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់)លើកឡើងថារដ្ឋាភិបាលអាមេរិកគួរបន្តឃ្លាំមើលការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដែលកំពុងមានស្រាប់របស់កម្ពុជានោះ។លោកប្រាប់វីអូអេថា៖ «ចំណាត់ថ្នាក់នេះហាក់ដូចជាចំណាត់ថ្នាក់មានការសម្របសម្រួល តែក៏ជាចំណាត់ថ្នាក់ដែលទុកឱកាសឱ្យកម្ពុជាពង្រឹងការអនុវត្តច្បាប់របស់ខ្លួនផងដែរ»។ លោកមឿន តុលា បន្តថា៖ «អំឡុងកូវីដ១៩នេះ ខ្ញុំមើលទៅឃើញស្ថានភាពនៃការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្សគឺដូចជាអត់មានស្រក អត់មានថម ថយទេ។ ជាពិសេសការជួញដូរទៅចិនមានលក្ខណៈកាន់តែធ្ងន់ធ្ងរថែមទៀត ដែលពីមុនទៅតាមយន្តហោះ ឥឡូវមានការឆ្លងដែនផ្លូវគោកកាត់តាមវៀតណាមទៅចិន»។ អ្នកឃ្លាំមើលរូបនេះបានបន្តថា៖ «នៅពេលប្រទេសមួយចំនួន Lockdown (បិទខ្ទប់)អ៊ីចឹងទៅ អង្គការសង្គមស៊ីវិលប្រឈមការលំបាកក្នុងការធ្វើដំណើរអ៊ីចឹងជាឱកាសសម្រាប់ពួកជួញដូរក៏ដូចជាភាគីពាក់ព័ន្ធនានាដូចជិះសេះលែងដៃអ៊ីចឹង»។ លោកមឿន តុលាលើកទឹកចិត្តឱ្យមានការបង្កើនការបង្ក្រាបអំពើពុករលួយនិងបង្កើនកញ្ចប់ថវិកាសម្រាប់ការងារប្រឆាំងការជួញដូរមនុស្សដើម្បីបង្កើនប្រសិទ្ធភាពនៃការងារនេះ៕

website_news/2021050703.txt · Last modified: 2021/07/05 17:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki