website_news:2021050704

៣ឆ្នាំជាប់ៗគ្នា៖កម្ពុជាត្រូវបានអាមេរិកដាក់ចំណាត់ថ្នាក់មិនល្អក្នុងបញ្ជីតាមដានការប្រឆាំងការជួញដូរមនុស្ស

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 03/07/2021 - 08:39 ដោយ៖អោ ស្រីពេជ្រ

ចាប់តាំងពីឆ្នាំ២០១៩មកកម្ពុជាបន្តជាប់ក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សរបស់សហអាមេរិកក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ របាយការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនាថ្ងៃទី២កក្កដាម្សិលមិញនេះ បង្ហាញថា នៅក្នុងបញ្ហាជួញដូរមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១នេះ កម្ពុជានៅតែមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមា ក្នុងការលុបបំបាត់ការជួញដូរមនុស្សនោះឡើយ។ មានការប្រឹងប្រែងពិតមែន ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែមិនបានចាត់វិធានការដល់កម្រិតស្តង់ដារអបប្បរមាក្នុងការកម្ចាត់ការជួញដូរមនុស្សទេ។ នេះបើយោងតាមរបាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក «ស្ដីពីការជួញដូរមនុស្សលើសាកលលោកឆ្នាំ២០២១»។ របាយការណ៍ចុងក្រោយដែលក្រសួងការបរទេសទើបនឹងចេញផ្សាយនេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាគ្មានគណនេយ្យភាព គ្មានឆន្ទៈនយោបាយក្នុងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្សនោះទេ រួមនឹងកង្វះប្រព័ន្ធបង្ការបទល្មើសជាដើម។ លើសពីនេះ រដ្ឋាភិបាលហាក់ទម្លាក់កិច្ចគាំពារជនរងគ្រោះរំលោភបំពានដោយការជួញដូរ ទៅលើក្រុមអង្គការសង្គមស៊ីវិលដែលជាដៃគូទៅវិញ។ សកម្មភាពនេះហើយដែលធ្វើអោយកម្ពុជាបន្តជាប់ក្នុងកម្រិតពីរ «Tier 2 Watchlist» ស្ថិតក្នុងបញ្ជីតាមដានបីឆ្នាំជាប់ៗគ្នា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី៣មិថុនានេះ បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា កន្លងមក រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងមោះមុត ក្នុងកិច្ចការប្រយុទ្ធនឹងការជួញដូរមនុស្ស មិនថាក្នុងឬក្រៅប្រទេស។ ជាពិសេស បើទោះបីជាកម្ពុជាស្ថិតនៅក្នុងបរិបទកូវីដ១៩នេះក្តី។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ គិតត្រឹមពេលនេះ រដ្ឋាភិបាលបានចាត់ការលើការជួញដូរមនុស្សក្នុងរូបភាពទេសន្តោប្រវេសន៍សរុបជាង ១៥០០០០ករណីហើយ។ លោកស្រី ជូ ប៊ុនអេង អះអាងថា រដ្ឋាភិបាលបានផ្ដន្ទាទោសជនល្មើសដោយមិនរើសមុខ ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួរកម្លាំងប្រដាប់អាវុធទៀតផង ដែលត្រូវបានបញ្ជូនទៅកាន់តុលាការច្រើនជាងឆ្នាំមុនៗទៅទៀត។ គួរជម្រាបថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ ការបង្ក្រាបការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងជាង១០០ករណី ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានត្រឹមតែជិត១០០ករណីប៉ុណ្ណោះ៕

website_news/2021050704.txt · Last modified: 2021/07/05 17:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki