website_news:2021050706

របាយការណ៍អាមេរិក៖ វិបត្តិកូវីដបង្កើតបរិយាកាសល្អឥតខ្ចោះសម្រាប់ក្រុមជួញដូរមនុស្ស

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 02/07/2021 - 13:09

ជំងឺកូវីដបានសម្លាប់មនុស្សជិត ៤លាននាក់ក្នុងពិភពលោក។ ជាមួយគ្នានោះ វាបានធ្វើឲ្យមនុស្សរាប់រយលាននាក់ ធ្លាក់ខ្លួនក្នុងភាពក្រីក្រ។ ការណ៍ដែលប្រជាជនធ្លាក់ខ្លួនក្រីក្រ និងមានជីវភាពកាន់តែអត្តខាត់ គឺជាឱកាសល្អ សម្រាប់ក្រុមជួញដូរមនុស្ស។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយ កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថា ជំងឺកូវីដបានបង្កើតបរិយាកាសអំណោយផល ធ្វើឲ្យការជួញដូរមនុស្សកើនឡើង ជាពិសេស នៅពេលរដ្ឋាភិបាលជាច្រើនបានបង្វែរថវិកា និងការប្រឹងប្រែងទាំងអស់សម្រាប់តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ តាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលមានឈ្មោះថា ការជួញដូរមនុស្សនៅក្នុងកាលៈទេសៈកូវីដ រដ្ឋាភិបាលជាច្រើនបង្វែរ ចំណាប់អារម្មណ៍ និងធនធានសម្រាប់ តែការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ដោយលែងសូវ យកចិត្តទុកដាក់លើកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរ។ ក្រុមជួញដូរមនុស្ស បានឆក់ឱកាសនេះ ដើម្បី អូសទាញ ប្រជាជន ដែលមានជីវភាពអត្តខាត់ ដោយសារវិបត្តិកូវីដ ឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន។

នៅក្នុងឱកាសចេញផ្សាយរបាយការណ៍ ប្រចាំឆ្នាំ ២០២១ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តី ការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន បាននិយាយថា មានមនុស្សប្រមាណ ២៥លាននាក់ ក្នុងពិភពលោកដែលធ្លាក់ខ្លួនរងគ្រោះដោយសារការជួញដូរមនុស្ស។ តាមរដ្ឋមន្រ្តីការបរទេសអាមេរិក ជនរងគ្រោះមួយចំនួនត្រូវគេលក់ទៅក្នុងបណ្តាញជំនួញផ្លូវភេទ ចំណែកមួយចំនួនផ្សេងទៀត ត្រូវគេចាប់បង្ខំឲ្យធ្វើការ នៅតាមរោងចក្រ នៅចំការ ឬ រើសបញ្ចូលក្នុងក្រុមប្រដាប់អាវុធ។ របាយការណ៍ របស់ក្រសួងការបរទេសបានលើកឧទាហរណ៍មួយចំនួនដូចជានៅ ប្រទេសឥណ្ឌា ឬណេប៉ាល់ ក្មេងស្រីរបស់គ្រួសារក្រីក្រ ត្រូវឈប់រៀន ដើម្បីរៀបការទាំងក្នុងវ័យក្មេង ជាថ្នូរនឹងលុយចំណងដៃ ឬ ត្រូវធ្វើការដោយបង្ខំ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ នៅអាមេរិក អង់គ្លេស ឬនៅអ៊ុយរ៉ាហ្គេ ម្ចាស់ផ្ទះបានបង្ខំឲ្យអ្នកជួល ជាមនុស្សស្រី មានទំនាក់ទំនងផ្លូវភេទជាមួយខ្លួន ជាថ្នូរនឹងប្រាក់បង់ជួលថ្លៃផ្ទះ។ ចំណែកនៅ ហៃទី ឬនៅប្រទេសម៉ាលី ឆ្លៀតពេលដែលក្រុមការងារសន្តិសុខ បន្ធូរដៃ នៅក្នុងកាលៈទេសៈ កូវីដ ក្រុមជនអន្ធពាលបានចាប់បង្ខំមនុស្សស្រី ក្នុង ជំរំជនភៀសខ្លួន ឲ្យបម្រើសេវាផ្លូវភេទ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២១ ក្រសួងការបរទេសអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ ប្រទេសមួយចំនួន និងដំឡើងចំណាត់ថ្នាក់សម្រាប់ប្រទេសមួយចំនួនផ្សេងទៀត ដែលបានប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ប្រទេស១៧ ដែលនៅក្នុងនោះ មានម៉ាឡេស៊ី ភូមា ចិន គុយបា អាល់ហ្សេរី និងរុស្ស៊ី ជាដើម ត្រូវបានអាមេរិកទម្លាក់ទៅក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងមូលហេតុថា រដ្ឋាភិបាលរបស់ប្រទេសទាំងនោះ មិនបានឆ្លើយតបនឹងលក្ខខណ្ឌជាអប្បបរមា ប្រឹងប្រែងមិនគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នឹងអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ឬការដកជំនួយពីរដ្ឋបាលអាមេរិកាំង៕

website_news/2021050706.txt · Last modified: 2021/07/05 17:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki