website_news:2021050807

អាជ្ញាធរខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់មិនឱ្យពលករខ្មែរនៅប្រទេសថៃវិលចូលភូមិស្រុកវិញ

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2021-08-04

អាជ្ញាធរព្រំដែនខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ ទប់ស្កាត់ពលករចំណាកស្រុកខ្មែរ ដែលនៅធ្វើការនៅក្នុងប្រទេសថៃ មិនឲ្យវិលចូលភូមិស្រុករបស់ពួកគេវិញឡើយ។

មន្រ្តីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យលោក ស៊ុម ចន្ទគា ឲ្យវិទ្យុអាស៊ីសេរីដឹងនៅយប់ថ្ងៃពុធ ទី៤ ខែសីហា ម្សិលមិញថា ពលករទាំងអស់មានគ្នាប្រមាណ ២០០នាក់ បានស្នាក់នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដោយខ្លះនៅក្នុងទឹកដីថៃនៅឡើយ ហើយខ្លះទៀត បានជ្រៀតចូលមកខាងទឹកខ្មែរជាប់ព្រំដែន ប៉ុន្តែមិនអាចបន្តដំណើរមកផ្ទះបានឡើយដោយសារអាជ្ញាធរដាក់កម្លាំងរារាំងពួកគេ។ លោកបន្តថា ការរារាំងនោះ ដោយសារតែអាជ្ញាធរអះអាងថា ពលករភាគច្រើនមានជំងឺកូវីដ១៩ ហើយខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំដែនដទៃទៀត កំពុងបិទខ្ទប់មិនឲ្យមានការចេញចូលឡើយ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ មន្រ្តីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុករូបនេះ ឲ្យដឹងទៀតថា ទោះបីយ៉ាងណា ក្រុមសមត្ថកិច្ចការពារព្រំដែន និងអាជ្ញាធរខេត្តកំពុងមមាញឹក ដឹកស្បៀងអាហារខ្លះៗជូនពលករដែលកំពុងជាប់គាំងនៅតាមព្រំដែននោះ និងនាំគ្នាកាប់កូនឈើ ទៅសង់ជាជម្រកឲ្យពលករស្នាក់នៅបណ្តោះអាសន្ន៖ «បាទ ឃើញមានបោះតង់ក្បែរព្រំដែន ហើយឃើញមានជួយចំណីអាហារ មានមី អង្ក ត្រីខ អីហ្នឹង ហើយឃើញមានកាត់ស្បូវ កាត់ស្មៅ ដើម អាកាស្យាមកធ្វើជាតង់ហាក់ដូចជាជុំរុំជនភៀសខ្លួនតាមព្រំដែន មានន័យថា លើកទឹកចិត្តពួកគាត់កុំទាន់វិលចូលភូមិស្រុកវិញដោយរង់ចាំមួយរយៈពេលទៀតបន្តិចទៀតសិន»។ លោកបន្តថា ការជួយនេះមិនទាន់ដឹងថា បានគ្រប់គ្រាន់ ឬក៏យ៉ាងណានៅឡើយទេ ដោយអង្គការលោកកំពុងតាមដានលើរឿងនេះ។ ពលករទាំនោះ ដាច់ចិត្តវិលមកស្រុកវិញ ដោយសារពួកគាត់ឆ្លងជំងឺកូវីដ-១៩ ហើយកន្លែងពួកគេធ្វើការងារនោះ គ្មានកន្លែងស្នាក់នៅ ពុំមានថ្នាំព្យាបាល និងគ្មានអាហារហូបចុកឡើយ ខណៈប្រទេសថៃកំពុងឆ្លងជំងឺកូវីដ-១៩ខ្លាំង។

កាលពីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា កម្លាំងនគរបាលការពារព្រំដែន ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលរដ្ឋចំនួន៦នាក់ ដែលបាន ហែលទឹកអូរ ឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា។ អាជ្ញាធរបានបញ្ជូនពលរដ្ឋទាំង៦នាក់នោះ ទៅធ្វើតេស្ដរកមេរោគកូវីដ១៩ នៅចំណុចសំចត ក្នុងភូមិនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋាភិបាលបានសម្រេចបិទព្រំដែនកម្ពុជា-ថៃ បណ្ដោះអាសន្ន និងហាមឃាត់អ្នកធ្វើដំណើរចេញ-ចូល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ខាងមុខ ប៉ុន្តែបម្រាមនេះលើកលែងការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតពីអាជ្ញាធរ ដូចជាករណីជំងឺសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ អាជ្ញាធរកម្ពុជានឹងសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីផ្តល់ការគាំពារដល់ពលករខ្មែរ នៅប្រទេសថៃ ប៉ុន្តែ ពន្យារពេលពលរដ្ឋខ្មែរ ដែលគ្រោងវិលមកកម្ពុជាវិញ រហូតដល់ការបិទខ្ទប់នេះបញ្ចប់៕

website_news/2021050807.txt · Last modified: 2021/08/05 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki