website_news:2021051101

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អំពាវនាវពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រញាប់ទៅចាក់ឱ្យទាន់ពេលវេលា

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១

អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ដែលនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមប្រញាប់រួសរាន់មកទទួលយកនូវការចាក់វ៉ាក់សាំងនេះនៅ តាមមន្ទីរពេទ្យក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ហើយត្រូវរៀនរស់ក្នុងបរិបទ កូវីដ១៩ ដោយត្រូវចូលរួមអនុវត្តន៍នូវវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូច អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ ខ្ជួននោះ។ ការអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និងក្រុមការងារបាន អញ្ជើញចុះពិនិត្យមើលស្ថានភាពច្រកទ្វារព្រំដែនបឹងត្រកួន និងជួបសំណេះសំណាលជាមួយពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកបឹងត្រកួន ស្ថិតនៅឃុំគោក រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានក្រើនរម្លឹកដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ដែលសម្របសម្រួលបងប្អូនពលករយើងវិលត្រឡប់ពីប្រទេសថៃនៅគ្រប់ទីតាំង សូមឱ្យបន្តយកចិត្តទុកដាក់បំពេញបេសកកម្មការងារនេះដោយជោគជ័យ ច្បាស់លាស់ហ្មត់ចត់។ ឯកឧត្តមបានបន្ថែមទៀតថា អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ចត្រូវបង្កើនការទប់ស្កាត់ឱ្យបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់លួចឆ្លងដែនចេញចូល ទៅក្នុងប្រទេសថៃដោយខុសច្បាប់តាមការបោកពីមេខ្យល់វាគ្រោះថ្នាក់ណាស់។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសសូមចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានចាក់ផ្សាយរាល់ថ្ងៃ ពីវិធានការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថាន ថែរក្សាសុខភាពដោយខ្លួនឯង បើមាន បញ្ហាសុខភាពខុសពីប្រក្រតី សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់៕ ដោយឈុនសារ៉ាត

website_news/2021051101.txt · Last modified: 2021/11/05 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki