website_news:2021051102

អ្នកឃ្លាំមើលថា ប៉ូលិសថៃអនុវត្តល្មើសសេចក្ដីណែនាំក្រសួងមហាផ្ទៃថៃ រឿងចាប់ខ្លួនពលករខ្មែរក្នុងវិបត្តិជំងឺកូវីដ១៩

https://www.rfa.org/ ដោយ មាន ឫទ្ធិ2021-11-03

អ្នកឃ្លាំមើលសិទ្ធិពលករខ្មែរក្នុងប្រទេសថៃអះអាងថា ប៉ូលិសថៃ បានអនុវត្តល្មើសសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃថៃ ដែលបានបង្គាប់ឲ្យផ្អាកការចាប់ពលករគ្មានឯកសារស្របច្បាប់ក្នុងស្ថានភាពជួបវិបត្តិជំងឺកូវីដ១៩ (Covid-19)។ ការលើកឡើងនេះ ក្រោយពេលដែលអាជ្ញាធរថៃសន្យាថា នឹងដោះលែងពលករខ្មែរទាំង ៧នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៩ តុលា។ ប៉ូលិសអន្តោប្រវេសន៍ថៃ មិនទាន់ដោះលែងពលករខ្មែរទាំង ៧នាក់ ពីមន្ទីរឃុំឃាំងនៃការិយាល័យអន្តោប្រវេសន៍ទីក្រុងបាងកកនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២ វិច្ឆិកា។

សាច់ញាតិ និងជាអ្នកធ្វើការជាមួយពលករទាំង ៧នាក់ គឺ លោក ឆៃ លឿង ឲ្យដឹងថា ពួកលោកបានរកខ្ចីលុយគ្នីគ្នាម្នាក់បន្តិចយកទៅបង់ឲ្យប៉ូលិសថៃអស់ហើយ ដើម្បីធ្វើប័ណ្ណការងារស្របច្បាប់ តាងពីថ្ងៃទី១ វិច្ឆិកាមក។ លោកបន្តថា អាជ្ញាធរថៃ ក៏បានយល់ព្រមវាយត្រាចេញឯកសារបញ្ជាក់ឲ្យរួចរាល់ដែរ តែខាងប៉ូលិសអន្តោប្រវេសន៍បានដាក់លក្ខខណ្ឌបន្ថែមទៀតថា ទាល់តែថៅកែថៃទៅធានាយកមកវិញ ទើបខាងប៉ូលិសដោះលែង។ លោក ឆៃ លឿង បន្តថា នៅថ្ងៃទី២ វិច្ឆិកា ថៅកែជនជាតិថៃបានធានាពលករទាំង ៧នាក់នោះ តែខាងប៉ូលិសបន្តលើកពេលដោះលែងទៅថ្ងៃទី៣ វិច្ឆិកាបន្តទៀត ដោយមិនទាន់បញ្ជាក់ហេតុផលយ៉ាងណានោះទេ៖ «ម្នាក់ ៤.០០០បាត ដែលគេយកអស់ហើយណា។ និយាយទៅវានៅតែ១០.០០០បាតទេ។ ក្នុងមួយម៉ឺនបាតនេះគេ (ថៅកែ) ដើររឿងអ្វីរៀបរយអស់ហើយណា ព្រោះម្សិលមិញនេះ ខ្ញុំបានទៅជាមួយគាត់ (ថៅកែ) ហ្នឹង ខ្ញុំថតយកមកអស់ហើយគេហៅអាដែងបៃប្រថាប់ត្រា ត.ម៉។ ខ្ញុំថតយកមកដាក់ទូរស័ព្ទខ្ញុំទាំង៧នាក់ហ្នឹង»។

ទាក់ទងនឹងបញ្ហានេះប៉ូលិសថៃបានប្រាប់ថៅកែជនជាតិថៃថា ពួកគេនឹងដោះលែងពលករតែ ៤នាក់ទេ ក្នុងចំណោម ៧នាក់នោះ ព្រោះពលករ ៣នាក់ទៀត ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ១៩។ លោក ឆៃ លឿង ឲ្យដឹងទៀតថា ខាងប៉ូលិសនឹងបញ្ជូនពលករឆ្លងកូវីដ១៩ ទាំង ៣នាក់ទៅព្យាបាល តែមិនបានប្រាប់ទីតាំងថានៅកន្លែងណាទេ។ ប៉ូលិសថៃបានចុះឆ្មក់ចាប់ក្រុមពលករចំនួន ៧នាក់ កាលពីថ្ងៃទី២៣ តុលា ក្នុងពេលដែលតំណាងពលករប្រមាណ ៥០នាក់ ជួបជុំគ្នាដាក់ញត្តិស្នើសុំដំណោះស្រាយផ្នែកការងារនៅមុខក្រសួងការងារថៃ។ ប៉ូលិសថៃបានចោទថា ពលករសំណង់ទាំង ៧នាក់ គ្មានឯកសារស្របច្បាប់ និងត្រូវចាប់បញ្ជូនភ្លាមៗ ទៅឃុំឃាំងនៅពន្ធនាគារនៃការិយាល័យអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក (IDC Prison - immigration detention center)។ ការឆ្មក់ចាប់អ្នកគ្មានឯកសារស្របច្បាប់ក្នុងប្រទេសថៃ តែងតែកើតឡើងជារឿយៗលើពលករខ្មែរ ឡាវ និងភូមា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ ប៉ុន្តែអ្នកឃ្លាំមើលអះអាងថា ការចាប់ពលករក្នុងស្ថានភាពដែលថៃកំពុងជួបវិបត្តិជំងឺកូវីដ១៩ នេះ គឺជាករណីល្មើសនឹងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃថៃ ដែលរដ្ឋាភិបាលថៃធ្លាប់ប្រកាសលើកលែងឯកសារផ្លូវច្បាប់នានាឲ្យពលកររហូតដល់មានការធូរស្រាលនៃការឆ្លងជំងឺកូវីដ១៩ ឡើងវិញ។ ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃលោក សុន សីហា សង្កេតឃើញថា បើទោះជារដ្ឋាភិបាលដាក់ចេញបម្រាមនេះក៏ដោយ ក៏អាជ្ញាធរថៃតែងតែចុះចាប់ និងគំរាមពលករគ្មានឯកសារច្បាប់ជារឿយៗ ដែរ។ លោកថា ភាគច្រើនប៉ូលិសថៃ ឆ្មក់ចាប់ពលករភ្លាមៗ ហើយគំរាមពលករមិនឲ្យផ្សព្វផ្សាយព័ត៌មានចេញក្រៅទេ ជាថ្នូរនឹងការតម្រូវឲ្យបង់លុយក្រៅផ្លូវការ ឬរត់ការចេញឯកសារស្របច្បាប់ និងដោះលែងវិញជាដើម។ លោកបន្តថា ពលករខ្មែរភាគច្រើនជាមនុស្សស្លូតត្រង់ មិនសូវមានចំណេះដឹង និងមិនចូលចិត្តជម្លោះ ម្ល៉ោះហើយពួកគាត់មិនសូវពឹងពាក់តំណាងស្ថានទូត អង្គការសិទ្ធិមនុស្សអ្វីទេ គឺសុខចិត្តរកខ្ចីលុយគេមកឲ្យប៉ូលិសថៃដើម្បីបញ្ចប់រឿងរ៉ាវតែម្ដង៖ «ស្ថានទូតមិនបានទទួលព័ត៌មានទេ នៅពេលចាប់ហ្នឹងពីព្រោះថាការចាប់ទារប្រាក់ពីពលករហ្នឹង គឺគេ (អាជ្ញាធរថៃ) មានផែនការរបស់គេ មិនឲ្យព័ត៌មានហ្នឹងលេចឮ។ អ៊ីចឹង! បើសិនជាស្ថានទូតគាត់អត់អាចទទួលបានព័ត៌មានហ្នឹងទាន់ពេលវេលា គាត់អត់ដឹងថា ជួយយ៉ាងម្ដេច? គាត់អត់អាចជួយបានទេ ទី១។ ទី២ ទៀត បើសិនជាប៉ះករណីពលករដែលគាត់អត់ឯកសារគ្រប់គ្រាន់ អ៊ីចឹង! ផ្លូវច្បាប់ ទោះបីស្ថានទូត ក៏ដោយក៏មិនអាចជួយរំដោះគាត់នៅពេលគេចាប់ខ្លួននោះទេ»។

ចាប់តាំងថៃជួបវិបត្តិជំងឺកូវីដ១៩ មក ពលករជាច្រើនបាត់បង់ការងារធ្វើ គ្មានប្រាក់ចំណូល ជាហេតុធ្វើឲ្យពួកគាត់គ្មានលទ្ធភាពធ្វើប័ណ្ណការងារស្របច្បាប់។ ការធ្វើប័ណ្ណការងារ ឬការបន្តប័ណ្ណការងារមានសុពលភាពម្ដងរយៈពេល ២ឆ្នាំ ត្រូវចំណាយលុយសរុបទាំងថ្លៃរត់ការ សេវារដ្ឋ និងការពិនិត្យសុខភាពជាដើម ប្រមាណ ១២.០០០បាត ឬប្រហែល ៤០០ដុល្លារ។

ជុំវិញករណីនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃលោកអ៊ូក សោភ័ណ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានទេ នៅថ្ងៃទី២ វិច្ឆិកា។

របាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) បង្ហាញថា មុនពេលប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩ មានពលករខ្មែរធ្វើការនៅក្នុងប្រទេសនេះ ជិតពីរលាន (២លាន)នាក់ គឺរាប់បញ្ចូលទាំងពលករមានប័ណ្ណការងារ និងពលករគ្មានប័ណ្ណការងារ។ មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ លោក លឹង សុផុន បញ្ជាក់បន្ថែមថាគិតត្រឹមខែតុលា មានពលករខ្មែរជាង ១.០០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បានពេលឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ ភាគច្រើននៃពលករទាំងនោះ ត្រូវចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ និងមួយចំនួនដាក់ពន្ធនាគារនៅប្រទេសថៃ៕

website_news/2021051102.txt · Last modified: 2021/11/05 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki