website_news:2021051104

មន្ត្រីជាន់ខ្ពស់ថៃ៖ កម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលករនៅថៃបាន តែមន្ត្រីសុខាភិបាលថៃជាអ្នកចាក់

http://freshnewsasia.com/ 2021-11-04 01:36pm

(បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ រីឯការចាក់ គឺត្រូវអនុវត្តដោយមន្ត្រីសុខាភិបាលថៃ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ លោក វិស្នុ គ្រឿងង៉ាម ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា មន្ត្រីខ្មែរដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរបស់ថៃ ហើយកំពុងបំពេញទស្សនកិច្ចនៅថៃនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងជំនួបនោះ រូបលោក និងលោកឧបនាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាពីការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក្នុងឱកាសនោះ លោក ក៏បានស្នើបន្ថែមទៅឧបនាយករដ្ឋមន្ត្រីជួយយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរ ដើម្បីទប់ទល់ការរាលដាលជំងឺកូវីដ១៩។ លោក សុខ សុក្រឹត្យា បានបន្ថែមថា ក្នុងជំនួបនោះ លោក៏បានលើកពីបំណងរបស់សម្តេចតេជោ ហ៊ុន សែន រកកិច្ចសហប្រតិបត្តិការ ដើម្បីបានផ្តល់ជាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃផងដែរ។

ឆ្លើយតបសំណើស្តីពីកិច្ចសហប្រតិបត្តិការដើម្បីផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនេះ លោកឧបនាយករដ្ឋមន្ត្រីថៃ វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានជជែក ហើយក៏បានសម្រេចដែរថា កម្ពុជា អាចផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរស់នៅ និងធ្វើការក្នុងប្រទេសថៃបាន។ ប៉ុន្តែមិនអាចទៅចាក់ដោយខ្លួនឯងបានឡើយ ពោលគឺកម្ពុជា អាចផ្តល់វ៉ាក់សាំង ហើយមន្ត្រីសុខាភិបាលថៃជាអ្នកចាក់ជូន។ ដោយឡែកមន្ត្រីកម្ពុជា អាចចូលរួមសង្កេតការណ៍លើការងារចាក់នេះបាន។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ដូច្នេះ «លោក [វិស្នុ គ្រឿងង៉ាម] ថា តាមផ្លូវច្បាប់ថៃហ្នឹង យើងមិនអាចយកវ៉ាក់សាំងមក ហើយយកមន្ត្រីសុខាភិបាលយើងមកចាក់បានទេ។ តែបើយើងយកវ៉ាក់សាំងមក ហើយឱ្យមន្ត្រីសុខាភិបាលថៃចាក់ ដោយមានយើងសង្កេតការណ៍ អាហ្នឹងអាចធ្វើទៅបាន»។ ក្នុងជំនួបនោះ លោក វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរ ហើយក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគេផងដែរ ប៉ុន្តែមិនបានលឿននោះ ឡើយ។ លោក វិស្នុ គ្រឿងង៉ាម បានលើកឡើងថា ប្រសិនបើកម្ពុជាអាចផ្តល់វ៉ាក់សាំងទៅ ការចាក់ជូនពលរដ្ឋខ្មែរអាចបានលឿន។ លោកឧបនាយករដ្ឋមន្ត្រីថៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។

លោក សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ពេលនេះមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងជជែកគ្នាលើការងារនេះ ដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការឈានទៅការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនៅថៃ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបនូវព័ត៌មាននៃគម្រោងផ្តល់វ៉ាក់សាំងទៅចាក់ជូនពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃផងដែរ។ តាមព័ត៌មាននានា បានបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណជា ១លាននាក់កំពុងធ្វើរស់នៅ និងធ្វើការក្នុងប្រទេសថៃ ហើយរដ្ឋាភិបាលថៃ បានចាក់ជូនពលរដ្ឋខ្មែរបានប្រមាណ ២សែនដូសហើយ៕

website_news/2021051104.txt · Last modified: 2021/11/05 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki