website_news:2021060102

៧៦នាក់ ឆ្លងដែនខុសច្បាប់ នៅបន្ទាយមានជ័យ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៩:០៨ សុខ សារ៉ាយ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការដល់មេបញ្ជាការកម្លាំងអន្តរាគមន៍ តាមបណ្តាលគោលដៅរបស់កងពល ត្រូវសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ ២៤ម៉ោង លើ ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាត នៅគ្រប់បណ្តាគោលដៅ ដែលបានកំណត់។

សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រលប់មកពីប្រទេសថៃ តាមច្រកព្រំដែន ដែលបានកំណត់យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចឆ្លងដោយខុសច្បាប់ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនប្រជាពលរដ្ឋប្រុសស្រីសរុប ៧៦នាក់ និងបានបញ្ជូនពួកគាត់ ទៅមន្រ្តីជំនាញ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមអរគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងជេល សម្រាប់កងកម្លាំង កំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕ ដោយ៖ សុខ សារ៉ាយ

website_news/2021060102.txt · Last modified: 2021/01/06 13:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki