website_news:2021060104

ពលករខ្មែរចំនួន១០៦នាក់ដែលឆ្លងកូវីដ-១៩ត្រូវបានយកចិត្តទុកដាក់ព្យាបាលពីភាគីថៃ

https://www.information.gov.kh/ ថ្ងៃទី 6 ខែ មករា ឆ្នាំ 2021 វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ

បាត់ដំបង៖ មន្រ្តីមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មានចំនួន ១០៦នាក់ បានរកឃើញមាន ឆ្លងជំងឺកូវីដ-១៩ កំពុងត្រូវបានយកចិត្តទុកដាក់ព្យាបាលពីមន្រ្តីសុខាភិបាលថៃ ។ លោក វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃថា ស្របពេលដែលប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ-១៩ រីករាលដាលដូច្នេះ សូមពលករខ្មែរកុំជ្រួលច្របល់ វិលត្រឡប់មកស្រុកវិញ ពោលគឺធ្វើការនៅទីណា សូមនៅទីនោះសិន ព្រោះប្រទេសថៃ ក៏មានកន្លែងធ្វើចត្តាឡីស័ក និង ពិនិត្យព្យាបាលជំងឺកូវីដ-១៩ គ្រប់គ្រាន់ ដោយមិនគិតលុយដែរ ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើសិនជាបានវិលត្រឡប់មកវិញ តាមច្រករបៀងក្តី តាមច្រកផ្លូវកាត់ក្តី សូមស្ម័គ្រចិត្តចូលខ្លួនមកធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនចូលទៅកាន់សហគមន៍ និង បើចូលដល់សហគមន៍ហើយ សាម៉ីខ្លួន សាច់ញាតិ ឬ អ្នកជិតខាង សូមរាយការណ៍ ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានដឹង ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬ ធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍នេះក្នុងពេលចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ តាមវិទ្យុជាតិចំការចេក នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ សភាពការណ៍គ្រប់គ្រងពលករត្រឡប់មកពីប្រទេសថៃ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីសុខាភិបាល គ្រប់គ្រងបានល្អហើយ ពុំមានធ្លាយចូលសហគមន៍ ដោយពុំទាន់ ធ្វើចត្តាឡីស័កនោះទេ។ ទោះបីយ៉ាងណា លោកចង់ឱ្យពលរដ្ឋចូលរួមបន្ថែមទៀត គឺពលរដ្ឋទាំងអស់ត្រូវក្លាយ ជាភ្នាក់ងារផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាន នៅពេលពិនិត្យឃើញថាមានពលករ ទើបត្រឡប់ មកពីប្រទេសថៃចូលសហគមន៍ ឬ សង្ស័យ មានការកើតជំងឺកូវីដ-១៩ នៅសហគមន៍របស់ខ្លួន ។ លោកវឿង ប៊ុនរ៉េត បញ្ជាក់ថា ពលករត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង គឺកម្រិតធម្មតាពុំមានគំហុកនោះទេ គឺចន្លោះពី ២០ ទៅ៥០នាក់ ពេលខ្លះ ១០០ ទៅ១០០នាក់ ជាង ក្នុងមួយថ្ងៃ។

តួលេខសរុប ពលករដែលត្រឡប់មកពីប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី០៥ មករានេះ មានចំនួន ១៨១៥នាក់ ស្រី ៧៥៤នាក់ ក្នុងនោះបានយកសំណាក ១៤៨៩នាក់ ស្រី៦២២នាក់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង(ពេទ្យធំ ) នៅសល់ ពលករ១៤២៤ នាក់ មានស្រី ៥៩២នាក់ ទៀតមិនទាន់យកសំណាកនៅឡើយ ៕

website_news/2021060104.txt · Last modified: 2021/01/06 13:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki