website_news:2021060105

មន្ត្រីសុខាភិបាល អះអាងថា គ្មានការចល័តពលករខ្មែរមកពីថៃ ទៅខេត្តផ្សេងៗ នោះទេ

http://btv.com.kh/ 05/01/2021

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា គ្មានការចល័តពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ ទៅខេត្តផ្សេងៗនោះទេ គឺពួកគេ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅតំបន់ព្រំដែន ហើយបើពិនិត្យឃើញ ថាមានវិជ្ជមានកូវីដ–១៩ មន្រី្តសុខាភិបាល នឹងព្យាបាលពួកគេនៅមនី្ទរពេទ្យ ដែលនៅជាប់ព្រំដែនតែម្តង។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃនេះថា មកទល់ពេលនេះ ពលករខ្មែរមកពីប្រទេសថៃ ចំនួនជាង១០នាក់ ដែលត្រូវបានរកឃើញថា វិជ្ជមានកូវីដ–១៩ កំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យខេត្តប៉ៃលិន និងនៅក្នុងមនី្ទរពេទ្យខេត្តបាត់ដំបង ។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល មានក្រុមគ្រូពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់ ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ–១៩ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងធ្វើការនៅក្នុង មនី្ទរពេទ្យខេត្តប៉ៃលិន ជាមួយនឹងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដែលមានលោក វេជ្ជបណ្ឌិត លី សុវណ្ណ កំពុងដឹកនាំការងារនៅទីនោះផ្ទាល់។លោកជំទាវ បានឱ្យដឹងថា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បាន ដឹកនាំគណៈប្រតិភូពិនិត្យមើលស្ថានភាពតាមព្រំដែនខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងធ្វើការជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដើម្បីទទួលពលករមកធ្វើចត្តាឡីស័ក។

លោកជំទាវ បានបញ្ជាក់ទៀតថា ក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ–១៩ បានទាន់ពេលវេលា។ ប្រជាពលរដ្ឋទាំងអស់ បានដឹងហើយថា ព្រឹត្តិការណ៍«សហគមន៍ ២៨ វិច្ឆិកា» ត្រូវបាន គ្រប់គ្រងទាំងស្រុង និងមួយរយៈពេលចុងក្រោយនេះ មានករណីកូវីដ–១៩ ផ្ទុះនៅក្នុងខេត្តសាមុតសាខន និងស្រុកមួយចំនួនទៀត នៅប្រទេសថៃ។ ក្រសួងសុខាភិបាល កំពុងខិតខំគ្រប់គ្រងសភាពការណ៍នៅក្នុង ខេត្តដែលជាប់ព្រំដែនថៃ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានពលករចូលទៅធ្វើការនៅថៃនោះ៕ អត្ថបទ ៖ រដ្ឋា

website_news/2021060105.txt · Last modified: 2021/01/06 13:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki