website_news:2021060107

ពលករខ្មែរប្រមាណ ៥ ពាន់នាក់ បានសម្រុកចេញពីថៃ ដោយសារខ្លាចឆ្លងកូវីដ ១៩ ដែលផ្ទុះនៅប្រទេសនេះ

https://www.postkhmer.com/

ភ្នំពេញៈ ពលករខ្មែរប្រមាណ ៥ ពាន់នាក់ បានសម្រុកចេញពីប្រទេសថៃ តាមច្រកនានានៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង ២ ក្នុងរយៈពេលប្រមាណជាង ១០ ថ្ងៃ ក្រោយពីផ្ទុះរីករាលដាលនូវវីរុសកូវីដ ១៩ ក្នុងខេត្តសាមុតសាខន ដោយហេតុពួកគេមានក្ដីកង្វល់អំពីការឆ្លងមេរោគនេះ។ អាជ្ញាធរកម្ពុជានៅតាមខេត្តជាប់បណ្តោយព្រំដែននៅតែបន្តចំណាត់ការ និងវិធានការចម្បងៗរបស់ខ្លួនក្នុងការការពារ និងអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដោយប្រកាន់ខ្ជាប់នូវការណែនាំ និងដាក់ពលករដែលទើបបានឆ្លងមកពីប្រទេសថៃធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវចំនួន ១៤ ថ្ងៃ។ គិតចាប់ពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ រហូតដល់ពេលនេះពលករខ្លះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក បន្ទាប់ពីការធ្វើចត្តាឡីស័កគ្រប់ ១៤ ថ្ងៃ និងការធ្វើតេស្តសំណាកលើកទី ២ របស់ពួកគេមិនមានវិជ្ជមានកូវីដ ១៩។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ពលករខ្មែរប្រមាណជា ១ ៩០០ នាក់ បានវិលត្រឡប់មកពីប្រទេសថៃមកកាន់ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី ២០ ខែធ្នូ រហូតមកដល់ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ ហើយសំណាករបស់ពួកគាត់ត្រូវបានយកធ្វើតេស្តប៉ុន្តែសម្រាប់ខេត្តឧត្តរមានជ័យគឺមិនទាន់មានពលករណាម្នាក់មានវិជ្ជមានវីរុសកូវីដ ១៩ ទេ មកដល់ពេលនេះ។ លោកបានថ្លែងថា៖ «វិធានការចម្បងរបស់ខេត្តយើងគឺធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរបស់យើងយល់ គោរព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលដោយយើងត្រូវធ្វើយ៉ាងណានាំពលករដែលបានចូលមកដល់ក្នុងខេត្តយើងនេះ បានធ្វើចត្តាឡីស័កឱ្យគ្រប់ ១៤ ថ្ងៃ តាមមណ្ឌលចត្តាឡីស័កដែលយើងបានត្រៀមរួចស្រេច»។ លោក ឌី រ៉ាដូ បានបន្ថែមថា មណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តឧត្តរមានជ័យមានចំនួន ១៤ កន្លែង សម្រាប់ទទួលពលករមកពីប្រទេសថៃដោយក្នុងនោះអាជ្ញាធរខេត្តមានការរៀបចំនូវការផ្គត់ផ្គង់ម្ហូបអាហារ និងសម្ភារប្រើប្រាស់ដោយមិនឱ្យពួកគាត់មានការខ្វះខាតឡើយ។ លោកបានថ្លែងថា៖ «យើងបានប្រើប្រាស់ថវិកាដែលផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន ទៅលើពលករក្នុងពេលធ្វើចត្តាឡីស័កដោយមិនឱ្យពួកគាត់មានការបារម្ភពីការខ្វះខាតឡើយដូចជាអាហារ ៣ ពេល មុង ភួយ ខ្នើយ កន្ទេលរួមនឹងសាប៊ូជាដើម»។ លោក ឌី រ៉ាដូ បញ្ជាក់ថា ករណីមានពលករម្នាក់ដែលបានមកពីថៃហើយមិនបានធ្វើចត្តាឡីស័កត្រូវបាននាំខ្លួនគាត់ និងសមាជិកគ្រួសារចំនួន ៨ នាក់ផ្សេងទៀតមកធ្វើចត្តាឡីស័ករួចហើយកាលពីថ្ងៃអាទិត្យទី ០៣ ខែមករា។

ចំណែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញដែរថា ជាង ២ សប្តាហ៍កន្លងមកនេះ ពលករខ្មែរជាង ១ ០០០ នាក់ បានវិលត្រឡប់មកពីប្រទេសថៃចូលតាមខេត្តបន្ទាយមានជ័យនេះ ដោយក្នុងនោះពួកគាត់ត្រូវបានធ្វើចត្តាឡីស័កនៅតាមទីតាំងចំនួន ១២ យ៉ាងត្រឹមត្រូវតាមវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ លោកថា ថ្នាក់ដឹកនាំខេត្តបានណែនាំទៅដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ទាំងអស់ត្រូវធ្វើការគ្រប់គ្រង និងនាំពលករដែលចូលតាមច្រកខុសច្បាប់ដែលមិនបានធ្វើចត្តាឡីស័កត្រូវនាំមកពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ មិនឱ្យមានការថ្លោះធ្លោយឡើយ។ លោក លី សារី បានប្រាប់ថា៖ «ទោះបីជាខេត្តរបស់យើងមិនមានពលករណាម្នាក់ឆ្លងវីរុសកូវីដ ១៩ ក៏ដោយ ប៉ុន្តែយើងមិនទាន់អាចធ្វេសប្រហែស ឬបន្ធូរបន្ថយបានឡើយ។ យើងនៅតែបន្តការរឹតបន្តឹងចំពោះការត្រួតពិនិត្យ និងការដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។ សមត្ថកិច្ច និង មន្ត្រីសុខាភិបាលបានធ្វើការប្រចាំការរយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោងនៅតាមច្រកព្រំដែនសំខាន់ៗ និងច្រករបៀងទាំងអស់នៅក្នុងខេត្តរបស់យើង»។ លោកអភិបាលរងខេត្តរូបនេះបានបន្ថែមថា លើសពីនេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានសហការជាមួយនឹងអាជ្ញាធរថៃដើម្បីធ្វើការផ្សព្វផ្សាយដល់ពលករពីការការពារ និងទប់ស្កាត់ការឆ្លងនូវជំងឺនេះ។

បើតាមអាជ្ញាធរខេត្តបាត់ដំបងចាប់តាំងពីមានការផ្ទុះវីរុសកូវីដ ១៩ ចូលក្នុងសហគមន៍ក្នុងប្រទេសថៃ មកមានពលករខ្មែរដែលបានវិលត្រឡប់ពីថៃមកវិញឆ្លងតាមខេត្តបាត់ដំបងគិតត្រឹមថ្ងៃម្សិលមិញគឺមានចំនួន ១ ៨១៥ នាក់ ហើយក្នុងចំណោមនោះមានពលករចំនួន ៦ នាក់ ត្រូវបានរកឃើញមានវីរុសកូវីដ ១៩។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ «វិធានអាទិភាពរបស់ខេត្តយើងគឺនៅតែគោរពតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី និងពង្រឹងការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ដល់គ្រប់ពលករទាំងអស់ដោយមិនឱ្យមានអ្នកណាម្នាក់ទៅគេហដ្ឋានដោយមិនបានធ្វើនោះទេ»។ លោកបានបញ្ជាក់ថាសម្រាប់ខេត្តបាត់ដំបងមានមណ្ឌលចត្តាឡីស័កចំនួន ៧ កន្លែង។ លោក ងួន រតនៈ បានបន្តថា មានពលករខ្លះកំពុងរង់ចាំលទ្ធផលតេស្តលើកទី២ របស់ខ្លួនដោយសារពួកគាត់គ្រប់ចំនួន ១៤ ថ្ងៃ នៃការធ្វើចត្តាឡីស័ក។ លោកថ្លែងថា៖ «ប្រសិនបើពួកគាត់លទ្ធផលអវិជ្ជមាននោះ អាជ្ញាធរនឹងអនុញ្ញាតបញ្ជូនពួកគាត់ទៅតាមគេហដ្ឋានវិញ»។

នៅខាងខេត្តព្រះវិហារវិញ ពលករដែលបានធ្វើចត្តាឡីស័កគ្រប់ចំនួន ១៤ ថ្ងៃ និងធ្វើតេស្តសំណាកលើកទី២ មិនមានវីរុសកូវីដ ១៩ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅកាន់គេហដ្ឋានវិញជាបណ្តើរៗហើយបើតាមលោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា មានពលករប្រមាណ ១០ នាក់ទៀតប៉ុណ្ណោះ ដែលនៅធ្វើចត្តាឡីស័ក។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី ៣ ខែមករា ពលការិនី អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាថ្ងៃទី ១ ខែមករា និងបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ គិតត្រឹមថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមាន វីរុសកូវីដ ១៩ ចំនួន ៣៨២ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ២០ នាក់៕

website_news/2021060107.txt · Last modified: 2021/01/06 13:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki